Ad Code

សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ​ នឹងមាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ២២០​នាក់ និង​អ្នក​អង្កេត​ការណ៍​ជាតិ​ចំនួន ១០៣៦​នាក់​ចូលរួម​



ភ្នំពេញ​ ៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល​។ សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​នេះ នឹង​អ្នកសង្កេតការណ៍​អន្តរជាតិ​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២២០​នាក់ តំណាង​អង្គការ ស្ថាប័ន និង​តំណាង​ប្រទេស​ចំនួន ៥២ នៃ​ទ្វីប​ទាំង​៥ នៅលើ​ពិភពលោក រួមជាមួយ​អ្នក​អង្កេត​ការណ៍​ជាតិ​ចំនួន ១០៣៦​នាក់ មកពី​៩៣ អង្គការ​សមាគម​នៅ​ទូទាំង២៥​រាជធានី ខេត្ត ដើម្បី​ចូលរួម​សង្កេតការណ៍​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាងមុខនេះ​ផងដែរ​។​

នេះ​បើតាម​ប្រសាសន៍​លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បានបញ្ជាក់​នៅក្នុង​ពិធី​ផ្តល់​ព័ត៌មាន​អំពី​ការចូលរួម​របស់​ក្រុម​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។ លោក កឹម​រ័ត្ន វិសិដ្ឋ បញ្ជាក់ថា អង្គការ ស្ថាប័ន​អន្តរជាតិ ដែល​នឹង​មក​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ ជា​អង្គការ​ស្ថាប័ន​ធំៗ ដែលមាន​បទពិសោធន៍​ចូលរួម​សង្កេតការណ៍​បោះឆ្នោតជាតិ​ធំៗ​ជាច្រើន​ប្រទេស​នៅលើ​ពិភពលោក ដែលមាន​ដូចជា សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (International Conference of Asian Political Parties) ដែល​ហៅ​កាត់​ថា ICAPP ជា​ស្ថាប័ន​មួយ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​យោបល់ និង​ទស្សនៈ​គ្នា​រវាង​បណ្តា​គណបក្សនយោបាយ​ក្នុង​តំបន់ ដែលមាន​មនោគមវិជ្ជា​ខុសៗ​គ្នា ដើម្បី​បង្កើន​ការយល់ដឹង​និង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ក្នុង​រង្វង់​ប្រទេស និង​ប្រជាជន​ក្នុង​តំបន់​។ គិត​មក​ត្រឹម​ដើមឆ្នាំ​២០១៨​នេះ ICAPP មាន​សមាជិក​ចំនួន ៣៥៥ គណបក្សនយោបាយ មកពី ៥២​ប្រទេស​។ អង្គការ​ធំ​មួយទៀត ដែល​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នាពេលខាងមុខ​នេះដែរ គឺ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ដែល​ហៅ​កាត់​ថា “CDI’ ។ ជាពិសេស​អ្នកសង្កេតការណ៍​ទាំងនោះ​ភាគច្រើន​ជា​អ្នកតំណាងរាស្ត្រ​មកពី​អឺរ៉ុប និង​មួយចំនួនទៀត​មកពី​ប្រទេស អ៊ីតា​លី អាល្លឺម៉ង់ បារាំង អូទ្រីស​។ ចំនួន​នេះ​បើ​ប្រៀប​ធៀប​ទៅនឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​មុនៗ គឺមាន​ចំនួន​ច្រើនជាង ហើយ​ពួកគាត់​សុទ្ធតែ​មានបទពិសោធន៍​លើ​ការងារ​សង្កេតការណ៍​នៅតាម​ប្រទេស​នានា។ អ្នកសង្កេតការណ៍​ទាំងអស់នោះ​គឺ​មក​តាម​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​ពួកគាត់​មកនេះ​មិនមែន​តាម​ការរៀបចំ​ដោយ​ប្រការ​ណាមួយ ដើម្បីឱ្យ​ពួកគាត់​និយាយ​លំអៀង​ទៅខាង​ណា​នោះទេ គឺ​ពួកគាត់​នឹង​និយាយ​ពីអ្វី​ដែលជា​ការពិត ដែល​ពួកគាត់​មើលឃើញ​ជាក់ស្តែង​នៅ​កម្ពុជា​។ ក្រុម​អ្នកសង្កេតការណ៍​ទាំងអស់នោះ​ភាគច្រើន​នឹង​មកដល់​នៅ​ថ្ងៃទី ២៧ ខែកក្កដា ហើយនឹង​អញ្ជើញ​ចូលជួប​សម្តេច​ក្រឡាហោម ស ខេង នៅ​ក្រសួងមហាផ្ទៃ​។ នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ពួកគេ​នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោត​ទៅតាម​គោលដៅ​ដែល​ពួកគាត់​ចង់ទៅ រហូតដល់​រសៀល​ថ្ងៃទី ២៩ ដដែល​ពួកគេ​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ទាក់ទង​នឹង​ការវាយតម្លៃ​សភាពការណ៍​បោះឆ្នោត​នៅ​កម្ពុជា​។ នៅ​ថ្ងៃ​៣០ ពួកគាត់​មួយចំនួន​អាច​អញ្ជើញ​ទៅវិញ មួយ​ចំនួនទៀត​អាច​នៅ​បន្តដំណើរ​ទេសចរ​កំសាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នៅ​កម្ពុជា ដូចជា​នៅ​អង្គរវត្ត ខេត្តសៀមរាប​ជាដើម​។​

បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានឱ្យ​ដឹងថា ការ​បោះឆ្នោតជាតិ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ២០ ចូលរួម​ប្រកួតប្រជែង និង​មាន​ប្រជាជន​ជាង ៨​លាន​នាក់ ជា​អ្នកបោះឆ្នោត​ដើម្បី​ជ្រើសតាំង​សមាជិក​រដ្ឋសភា នីតិកាល​ទី​៦ ចំនួន ១២៥​រូប តំណាងឱ្យ​រាជធានី ខេត្ត ទាំង​២៥៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu