Ad Code

លោក​ឃ្លាំង​ហួត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨



ភ្នំពេញ ៖ លោក ឃ្លាំង ហួត ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយ​ចង្វារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ ដើម្បី​ការអភិវឌ្ឍ និង​ការ​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន​លើ​គ្រប់​វិស័យ​។



លោក​បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៩​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ខណៈ​លោក ឃ្លាំង ហួត រួម​នឹង​លោកស្រី ក្រុមប្រឹក្សា​ខណ្ឌ មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់​កោះដាច់ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សាមគ្គី​ក្បាលកោះ បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ពិធី​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​មួយចំនួន ប្រគេន​ចំពោះ​ព្រះសង្ឃ​ចំនួន ៧​វត្ត ក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ សម្រាប់​ប្រើប្រាស់​ក្នុងពេល​ចូល​ព្រះវស្សា​នាពេលខាងមុខ ចាប់ពី​ថ្ងៃ​១​រោច ខែ​ទុតិយាសាឍ រហូតដល់​ថ្ងៃ​១៥​កើត ខែអស្សុជ​។



ទេយ្យវត្ថុ​ដែល​យកទៅ​ប្រគេន​រួមមាន​របស់​សាលា​រាជធានី​ភ្នំពេញ សាលាខណ្ឌ​ជ្រោយចង្វារ សាលាសង្កាត់​កោះដាច់ និង​ពុទ្ធបរិស័ទ សរុប​ទាំង ៧​វត្ត រួមមាន​៖ ទៀនវស្សា ៧​គូ​, សាដក ៧, អង្ករ ១៤​បាវ មី ១៤​កេស​, ទឹកដោះគោ ៧​កេស​, ទឹកបរិសុទ្ធ ២៨​កេស​, ទឹកក្រូច ២៨​កេស​, ទឹក​ផ្លែឈើ ១៤​កេស​, ស្ករស ៧​បាវ ប្រេង ៧​កាន និង​បច្ច័យ ៣,៥៧០,០០០​រៀល​។



ក្នុង​ឱកាស​នៃ​មហា​បុណ្យ​កុសល​នោះ​ផងដែរ លោក ឃ្លាំង ហួត អំពាវនាវ​ដល់​កងក​ម្លាំ​ង​គ្រប់​ប្រភេទ​ត្រូវ​ពង្រឹង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវ​ចូលរួម​សហការ ជួយ​សម្រួល​ចរាចរ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដែល​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​មូលដ្ឋាន​ខណ្ឌ​។



ជាមួយគ្នា​នោះ លោក​ក៏​សូម​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​កើតចេញពី​សទ្ធា​ជ្រះថ្លា សូម​កើតមាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំងអស់ សូម​អនុមោទនា​ទទួលយក​ចំណែក​បុណ្យ​ស្មើៗ​គ្នា​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu