Ad Code

លោក លឹម គានហោ ៖ ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ​នៅ​ស្ទឹង​ព្រែក​ត្នោត ទឹក​ឡើង​ខ្ពស់ជាង​ឆ្នាំ​២០១០ តែ​មិន​បង្ក​ឲ្យ​មាន​ការបាក់ ស្រុត​នោះទេ



ភ្នំពេញ ​៖ លោក លឹម គានហោ រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត បាន​កើនឡើង​ខ្ពស់ជាង​ឆ្នាំ​២០១០ តែ​មិន​បង្ក​ឲ្យ​មាន​ការបាក់ ស្រុត​នោះទេ​ដោយសារ​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​ទប់ស្កាត់​ទាន់ពេលវេលា។



លោក លឹម គានហោ មាន​ប្រសាសន៍​បែបនេះ​នា​ឱកាស​ដែល លោក​រដ្ឋមន្ដ្រី លឹម គានហោ ដែល​កំពុងមាន​វត្តមាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស​អន្ដរាគមន៍​នៅតាម​ទំនប់​សណ្ដរ នៃ​ស្ទឹង​ព្រែក​ត្នោត និង​ទំនប់​៧​មករា នៅ​ព្រឹក​ថ្ងៃទី​២១។



​លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា គិត​ត្រឹម ទាបភ្លឺ នេះ​ទឹកស្ទឹង​ព្រែក​ត្នោត មានការ​កើនឡើង​ដែល​ខុសពី​បណ្ដា​ឆ្នាំមុនៗ ដែល​ឆ្នាំ​២០១០​ដែល​កើនឡើង​ខ្លាំង​នោះ កម្ពស់​១.២៧​ម៉ែត្រ តែ​ព្រឹក​មិញ​នេះ​ឡើងដល់ ១.៤៧​ម៉ែត្រ ដែល​ជា​ការ​ឡើង​ក្នុង​កម្រិត​អតិបរមា ប៉ុន្ដែ​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​ទប់ស្កាត់​ទាន់ពេលវេលា តាមរយៈ​ការចាក់ដី​បំពេញ​លើ​ទំនប់​សណ្ដរ ស្ទឹង​ព្រែក​ត្នោត និង​បិទ​រន្ធ​នាគ មិន​ឲ្យ​ការ​ហូរ​ច្រោះ​កើតឡើង​ទៀតឡើយ​។



លោក លឹម គានហោ រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បន្តថា ក្រុមការងារ​របស់​ក្រសួង និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​គ្រប់គ្រង​ទាំងស្រុង​ហើយ នៃ​ជំនន់​ទឹកភ្លៀង​នៅ​ស្ទឹង​ព្រែក​ត្នោត ដែល​ហូរ​ចាក់​ចូលមក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។



ជា​មួយ​គ្នានេះ លោក​រដ្ឋមន្ដ្រី បាន ប្រកាស​ជូនដំណឹង ទៅ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ថា​ទំនប់​ស្ទឹង​ព​ញ​រែក​ត្នោត មិនមាន​បញ្ហា​ទេ កុំ​បារ​ម្ភ។



​លោក​រដ្ឋមន្ដ្រី លឹម គានហោ​បញ្ជាក់​បន្ថែម​ថា ទឹកស្ទឹង​ព្រែក​ត្នោត​និង​ស្រក​ទៅវិញ ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ បើសិន ផ្នែក​ខាងលើ​ពុំ​មាន​ភ្លៀង​ធ្លា​ក់ទៀត​។ ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក បាន​ថ្លែងអំណរគុណ​ដល់​មន្ដ្រី អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដែល​បាន​សហការ​ទាំងអស់គ្នា​ក្នុង​ការ​ទប់ស្កាត់ គ្រោះធម្មជាតិ​មួយ​នេះ​កុំ​ឲ្យ​មានការ​ប៉ះពាល់ និង​គំរាមកំហែង​នៅពេល​ខាងមុខនេះ​។



​សូម​បញ្ជាក់​ថា ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រចាំការ​តាំងពី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះ ដើម្បី​ត្រៀម​អន្ដរាគមន៍​ដើម្បី​ទប់ស្កាត់​គ្រោះធម្មជាតិ​នេះ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu