ក្រុមបាល់ទាត់ម្ចាស់ជើងឯក៣សម័យកាលបឹងកេត បន្តឡើងឈរកំពូលតារាងបណ្តោះអាសន្នប្រចាំពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ត្រឹមសប្ដាហ៍ទី១៥ ដែលរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈក្រុមនេះនៅតែមិនហ៊ានធ្វេប្រហែសចំពោះប្រកួតដែលនៅសល់នោះទេ។
លោក ហៅ សុជាតិ បានលើកឡើងថា «ឈរកំពូលតារាងគឺជាចំណុចល្អរបស់យើងដែរ ប៉ុន្តែទន្ទឹមនឹងនេះ យើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថាជើងទី២នេះក្រុមដទៃទៀតគេបានរៀបចំក្រុមបានល្អច្រើនទាំងកីឡាករនិងទម្រង់លេង ម្យ៉ាងទៀតផ្លូវដើរគឺនៅសល់វែងឆ្ងាយទៀត។ ដូច្នេះហើយយើងត្រូវតែប្រឹងប្រែងបន្ថែម»។
ក្រុមបឹងកេត តាមរយៈ១៥ប្រកួតមកនេះនៅមិនទាន់ស្គាល់បរាជ័យនៅឡើយនោះទេ ពោលគឺធ្លាប់បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤ទល់៣ ហើយឈ្នះវេស្ទើនភ្នំពេញ ៣ទល់១ បន្តឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៥ទល់១ តែស្មើសូលទីឡូអង្គរ ១ទល់១ ហើយយកឈ្នះក្រសួងការពារជាតិ ២ទល់០ ឈ្នះព្រះខ័នរាជស្វាយរៀង ៣ទល់១ ស្មើជាមួយអគ្គីសនីកម្ពុជា ១ទល់១ ឈ្នះអង្គរថាយហ្គឺរ ៤ទល់០ ឈ្នះភ្នំពេញក្រោន ៣ទល់២ ស្មើវិសាខា ១ទល់១ និងឈ្នះណាហ្គាវើល ៣ទល់២ នៅជើងទី១ ហើយឈ្នះអាស៊ីអឺរ៉ុប ៤ទល់០ ឈ្នះវេស្ទើនភ្នំពេញ ៥ទល់១ ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ១ទល់០ និងឈ្នះសូលទីឡូអង្គរ ២ទល់១ ក្នុងជើងទី២។
ជារួមក្រុមបឹងកេត ប្រកួតឈ្នះ១២លើក ស្មើគ្នា៣លើក និងមិនធ្លាប់ចាញ់មាន៣៣ពិន្ទុក្នុងដៃ ទាត់ចូលទីគេចំនួន៣៨គ្រាប់ ហើយរបូត១៥គ្រាប់។ លោក ហៅ សុជាតិ ត្រូវក្លិបតែងតាំងឱ្យឈរឈ្មោះជាគ្រូបង្វឹកស្តីទីកាលពីរដូវកាលឆ្នាំ២០១៦ កន្លងទៅក្រោយការចាកចេញរបស់លោក ប្រាក់ សុវណ្ណារ៉ា ខណៈលោកបានចាប់ដៃជាមួយលោក កែវ កុសល ដឹកនាំក្រុមកាលពីដើមរដូវកាលក៏ដូចជាក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Cup 2018។ កាលពីឆ្នាំចាស់លោកឈ្នះបានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំរដូវកាលពី CNCC ផងដែរ។
សម្រាប់ប្រកួតបន្ទាប់សប្ដាហ៍ទី១៦ នៃពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៨ នេះក្រុមបឹងកេត ត្រូវប៉ះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ នៅវេលាម៉ោង៦ល្ងាចថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ លើទីលានកីឡដ្ឋានស្តាត់ចាស់ក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments