ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំង ចំពោះសំណេររបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា (UN Special Rapporteur on Human Rights Situation in Cambodia Professor Rhona Smith) ដែលសម្តែងការព្រួយបារម្ភពីភាពស្របច្បាប់នៃការមិនចូលរួមបោះឆ្នោត ហើយថា អាជ្ញាធរ នឹងផ្អាកសេវាសាធារណៈចំពោះជនទាំង ឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សដឹកនាំរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេស ប្រតិកម្មបែបនេះ តាមរយៈសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យលើកឡើងថា ក្រសួងការបរទេស មានការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយនាពេលថ្មីៗនេះ របស់លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរក្នុងទំព័របណ្តាញសង្គម (Facebook) របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដោយបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីភាពស្របច្បាប់នៃការមិនចូលរួមបោះឆ្នោត និងពីការចោទប្រកាន់ស្តីពីការផ្អាកសេវាសាធារណៈចំពោះជនទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅក្នុងដំណើរការការបោះឆ្នោតតំណាងរាស្ត្រនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា ពេលវេលា និងគោលបំណងនៃការធ្វើការកត់សំគាល់របស់លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត នេះ បានធ្វើឲ្យមានសំនួរចោទសួរមួយចំនួន ដោយហេតុថា ខ្លឹមសារនៃការកត់សំគាល់របស់គាត់មានភាពលំអៀង និងមានការវិនិច្ឆ័យទុកជាមុន នៅក្នុងបរិបទនៃការរៀបចំការបោះឆ្នោតដែលទទួលបានការយកចិត្តទុកដាក់នៅកម្ពុជា។
ការអំពាវនាវរបស់គាត់ ហាក់ដូចជាបានបង្ហាញឲ្យឃើញពីការគាំទ្រដល់យុទ្ធនាការដែលមានការសម្របសម្រួលដោយ សម រង្ស៊ី និងសមាជិកនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយស្របច្បាប់រួចទៅហើយនោះ ហើយដែលកំពុងព្យាយាមធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលើកទឹកចិត្តអ្នកបោះឆ្នោតឲ្យធ្វើពហិការការបោះឆ្នោត និងបង្រៀនធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត។ មិនដូចប្រទេសខ្លះនោះទេ កម្ពុជាមិនមានច្បាប់ណាមួយដាក់ទោសដល់អ្នកដែលមិនបានទៅបោះឆ្នោតនោះទេ។ ទោះជាយ៉ាងណា ច្បាប់បោះឆ្នោតរបស់កម្ពុជាដាក់ទោសតែអ្នកដែលទប់ស្កាត់អ្នកដទៃមិនឲ្យបោះឆ្នោត ដូចដែលមានចែងនៅក្នុងមាត្រា១៤២នៃច្បាប់បោះឆ្នោត តែប៉ុណ្ណោះ។
តាមអ្នកនាំពាក្យក្រសួងការបរទេស អ្នករាយការណ៍ពិសេស ហាក់ដូចជាមើលមិនឃើញពីទង្វើប្រជានិយមដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ ដែលបានអំពាវនាវឲ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឲ្យមានការស្អប់ខ្ពើមពូជសាសន៍និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសន្តិភាពជាមួយប្រទេសជិតខាងមួយរបស់កម្ពុជា។ ការប្រព្រឹត្តបែបនេះ ពុំមានជាលក្ខណៈលទ្ធិប្រជាធិបតេយ្យទាល់តែសោះ ហើយដែលត្រូវទទួលបានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ។
ទាក់ទងបញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការកត់សំគាល់ប្រកបដោយការសោកស្តាយយ៉ាងខ្លាំង ចំពោះអ្នករាយការណ៍ពិសេស ដែលមិនបានលើកឡើងទាល់តែសោះពីការប្រព្រឹត្តអប្រជាធិបតេយ្យ ដូចដែលបានលើកឡើងខាងលើ។ ការសង្កេតប្រកបដោយយុត្តិធម៌ និង សត្យានុម័តនៃដំណើរការបោះឆ្នោត គួរគូសបញ្ជាក់ពីធម្មជាតិបក្សប្រឆាំងដ៏កម្សោយ ដែលប៉ុនប៉ងរំខានដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលទទួលបានដោយលំបាកនៅកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើដល់អ្នករាយការណ៍ពិសេសឲ្យគោរពឲ្យបានហ្មត់ចត់នូវ "ក្រមប្រតិបត្តិសម្រាប់អ្នកដែលមានអាណត្តិនៅក្នុងកិច្ចដំណើរការពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស" និង "កូនសៀវភៅណែនាំអំពីប្រតិបត្តិការនៃនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស"។
ចំពោះរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមមិនផ្តល់សេវាសាធារណៈដល់អ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធានាផ្តល់ដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងការទទួលបាននូវសេវាសាធារណៈ ដោយពុំមានការរឹតត្បិត និងប្រកាន់និន្នាការនយោបាយ និងឋានៈសង្គមអ្វីទាំងអស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា “អ្នករាយការណ៍ពិសេសបានសម្តែងកង្វល់អំពីរបាយការណ៍នានា របស់តំណាងរដ្ឋាភិបាលដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យគណបក្សណាមួយ គឺខុសច្បាប់ ហើយថា អាចនឹងមានការដាក់ពិន័យលើមនុស្ស ដែលផ្ញើសារអំពីការមិនបោះឆ្នោតឲ្យគណបក្សណាមួយ ឬការធ្វើពហិការមិនបោះឆ្នោត។ គួរឲ្យព្រួយបារម្ភដូចគ្នានេះដែរគឺថា មានរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមដកហូតសេវាសាធារណៈពីអ្នក ដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ នេះគ្រាន់តែបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំប៉ុណ្ណោះ។ ខ្ញុំសូមស្វាគមន៍ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ ដល់អាជ្ញាធរមូលដ្ឋានឲ្យជៀសវាងការរើសអើងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត និងសូមលើកទឹកចិត្តរដ្ឋាភិបាលឲ្យថ្កោលទោសឲ្យបានច្បាស់លាស់ចំពោះការបំភិតបំភ័យដល់អ្នកបោះឆ្នោត និងសូមឲ្យបញ្ជាក់អះអាងថា ការអំពាវនាវឲ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើបាន”៕
Source: Kampuchea Thmey Daily
0 Comments