Ad Code

ក្រុម​វិភាគ ​៖​ កូរ៉េខាងជើង​ចាប់ផ្តើម​រុះរើ​ទីតាំង​សាកល្បង​គ្រាប់​រ៉ុក្កែត



អ្នកជំនាញ​មួយ​ក្រុម​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​កូរ៉េខាងជើង​ហាក់ដូចជា​បាន​ចាប់ផ្តើម​រុះរើ​កន្លែង​សំខាន់ៗ​នៅ​មជ្ឈមណ្ឌល​សាកល្បង​ម៉ាស៊ីន​រ៉ុក្កែត​ហើយ ​ដែល​នេះ​អាច​សម្គាល់​ជា​ជំហាន​ដ៏​សំខាន់​មួយ ​បន្ទាប់ពី​ជំនួប​កំពូល​រវាង​លោក​គីម​ជុង​អ៊ុន​និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​កាលពី​ខែ​មុន​។​

យោងតាម​ក្រុម 38 North បាន​ឲ្យ​ដឹងថា រូបភាព​ផ្កាយរណប​ពាណិជ្ជកម្ម​នៃ​ស្ថានីយ៍​បាញ់​បង្ហោះ​ផ្កាយរណប Sohae បាន​បង្ហាញថា ក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​ធ្វើការ​រុះរើ​អាគារ​ដំណើរការ​មួយ​និង​ជើង​ទម្រ​ធ្វើតេស្ត​ម៉ាស៊ីន​រ៉ុក្កែត​មួយ​ដែល​ធ្លាប់​ត្រូវបាន​ប្រើ​ដើម្បី​សាកល្បង​ម៉ាស៊ីន​ឥន្ទ​នៈ​រាវ​សម្រាប់​មី​ស៊ី​ល​ផ្លោង​និង​យាន​បាញ់​បង្ហោះ​អវកាស​។​ស្ថានីយ Sohae ដែល​ស្ថិតនៅលើ​ឆ្នេរ​ភាគ​ពាយព្យ​នៃ​ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​ប្រើ​ដើម្បី​សាកល្បង​រ៉ុក្កែត​ដែលមាន​បំណង​ដាក់​ផ្កាយរណប​មួយ​ចូលទៅក្នុង​គន្លង​គោចរ​។ ប៉ុន្តែ​ម៉ាស៊ីន​រ៉ុក្កែត​ត្រូវបាន​គេ​កែប្រែ​យ៉ាង​ងាយស្រួល​សម្រាប់​ប្រើ​នៅក្នុង​មី​ស៊ី​ល​។​

អ្នកវិភាគ​របស់ 38 North លោក Joseph Bermudez បាន​ហៅ​ទង្វើ​នេះ​ថា​ជា “​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​” សម្រាប់​លោក​គីម​ក្នុងការ​បំពេញ​សន្យា​ដែល​លោក​បាន​អះអាង​ដាក់​លោក​ត្រាំ​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​កាលពី​ខែមិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​។​លោក Bermudez បាន​និយាយថា ចាប់តាំងពី​សា្ថ​នី​យ Sohae ត្រូវបាន​គេ​ជឿថា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​កម្មវិធី​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​មក​នោះ​, កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​តំណាង​ឲ្យ​ការកសាង​ជំនឿ​ទុកចិត្ត​ដ៏​សំខាន់​មួយ​សម្រាប់​កូរ៉េខាងជើង​។​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​ម្នាក់​បាន​ប្រាប់ AFP ថា មន្ទីរ​បញ្ច​កោណ​មិនបាន​តាមដាន​សកម្មភាព​នៅ​ស្ថានីយ Sohae ឲ្យ​បាន​ដិតដល់​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu