ភ្នំពេញ ៖ មនុស្សម្នានាំគ្នាភ័យស្លន់ស្លោ ពេលបានឃើញសកម្មភាពយុវជនម្នាក់ បានយកដាវសាំម៉ូរ៉ៃភ្ជង់កម្តាយគំរាមសម្លាប់ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យជួយអន្តរាគមន៍រំដោះម្តាយពីកណ្តាប់ដៃកូនបែកថ្នាំទាន់ពេល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា នៅតាមបណ្តោយផ្លូវ៣៧១ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យសមត្ថកិច្ចដឹងថា នៅម៉ោងកើតហេតុ គេប្រទះឃើញយុវជនម្នាក់ចាប់ក្រៀកស្ត្រី ដែលគេស្គាល់ថាជាម្តាយ ដោយយកដាវសាំម៉ូរ៉ៃភ្ជង់ត្រង់កម្តាយបណ្តើរ ចេញពីភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ដើរតាមបណ្តោយផ្លូវ៣៧១ ធ្វើឲ្យអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋរត់តាមប្រសេចប្រសាច ក្នុងបំណងជួយស្ត្រីជាម្តាយ ប៉ុន្តែកូនប្រុសបែកថ្នាំបានគំរាមមិនឲ្យជួយ បើមិនស្តាប់វានឹងកាត់ផ្តាច់កម្តាយចេញពីស្មា។
សាក្សីបន្តថា លុះមកដល់ផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់២ ជនសង្ស័យបានក្រៀកម្តាយចូលផ្ទះអ្នកស្រុកប្រុងសម្លាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យចូលទៅលួងលោម និងប្រើល្បិចចូលទៅជិត រួចចាប់បោកជនសង្ស័យឲ្យដួលនិងកញ្ឆក់យកដាវចេញពីដៃរួចបញ្ជូនទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពុន១ឲ្យដោះស្រាយទៅតាមនីតិវិធីច្បាប់។
សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យលោកវរសេនីយ៍ត្រីឡាក់ ស៊ីដេត មេបញ្ជាការរងអាវុធហត្ថខណ្ឌបានឲ្យដឹងថា យុវជនបែកថ្នាំដែលចាប់ម្តាយក្រៀកបណ្ដើរប៉ងសម្លាប់នោះឈ្មោះរឿន ឫទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ចំណែកម្តាយឈ្មោះ ប៉ាន់ យឿន អាយុ៥១ឆ្នាំ ពួកគាត់រស់នៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដែលជាចំណុចចាប់ខ្លួនម្តាយប្រុងធ្វើឃាតរួចបណ្តើរមកដល់ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់២ ទើបចាប់បាន។
ស្ត្រីជាម្តាយអះអាងថា កូនប្រុសគាត់បែកថ្នាំអស់រយៈពេលជិត២ឆ្នាំហើយ។ កន្លងមកគាត់ធ្លាប់ប្តឹងសមត្ថកិច្ចឲ្យចាប់កូនគាត់យកទៅកន្លែងបន្សាបថ្នាំញៀនម្តងជាពីរដងរួចទៅហើយ តែគ្មានលទ្ធផលសោះ។ លុះដល់ថ្ងៃកើតហេតុកូនប្រុសរូបនេះយកដាវមកគំរាមអាករគាត់សម្លាប់ចោល ប៉ុន្តែបានកម្លាំងកងរាជអាវុធហត្ថជួយទាន់កុំអីរូបគាត់មិនដឹងជាស្លាប់ឬរស់នោះទេ។ ស្ត្រីជាម្តាយក៏បានដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលដើម្បីឲ្យច្បាប់ផ្ដន្ទាទោសគេទៅតាមទោសកំហុសចុះ។ នេះហើយជាលទ្ធផលអ្នកសេពគ្រឿងញៀនទីបំផុតដូច្នេះឯង៕
Source: Kampuchea Thmey Daily
0 Comments