នៅថ្ងៃសៅរ៍ ផ្ទៃមេឃនៅលើឆ្នេរសមុទ្រភាគខាងជើងប្រទេសអូស្ត្រាលីគឺពោរពេញទៅដោយអាកាសយានិកកងទ័ពអាកាសមកពី១៦ប្រទេសសម្រាប់សមយុទ្ធហ្វឹកហ្វឺនកងទ័ពអាកាសដ៏ធំបំផុតមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទីក្រុង Darwin ភាគខាងជើងនឹងទទួលបុគ្គលិកចំនួន៤ពាន់នាក់និងយន្តហោះ១៤០គ្រឿងក្នុងរយៈពេលបីសប្តាហ៍ខាងមុខនេះខណៈដែលកងកម្លាំងអាកាសមកពីជុំវិញពិភពលោកចូលរួមក្នុងសមយុទ្ធ Pitch Black ។
ការហ្វឹកហ្វឺននេះរួមមានការហោះហើរនៅពេលយប់និងការចាក់បំពេញប្រេងលើអាកាសហើយជួយឲ្យប្រទេសនានាមានឱកាសរៀនសូត្រពីគ្នាទៅវិញទៅមកនិងលើកកម្ពស់សមាហរណកម្មកងកម្លាំងរបស់ពួកគេដោយប្រើតំបន់ហ្វឹកហាត់អាកាសធំបំផុតមួយនៅក្នុងពិភពលោក។
កងកម្លាំងអាកាសអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា “សមយុទ្ធ Pitch Black ពីរឆ្នាំម្តងបានចាប់ផ្តើមក្នុងឆ្នាំ១៩៩០រវាងប្រទេសអូស្ត្រាលីនិងសិង្ហបុរីដោយឆ្លុះបញ្ចាំងពីលក្ខណៈជាការគំរាមកំហែងជាក់ស្តែងដែលអាចត្រូវបានរកឃើញនៅក្នុងបរិយាកាសនៃសមរភូមិសម័យទំនើប”។
កងកម្លាំងអាកាសអូស្ត្រាលីបាននិយាយថា “សកម្មភាពនានាដូចជាសមយុទ្ធ Pitch Black គឺបានទទួលស្គាល់ពីទំនាក់ទំនងដ៏រឹងមាំរបស់អូស្ត្រាលីជាមួយបណ្តាប្រទេសដែលចូលរួមនិងមានតម្លៃខ្ពស់លើបញ្ហាសន្តិសុខក្នុងតំបន់ហើយជាការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក”។
កងកម្លាំងអាកាសដែលចូលរួមគឺមកពីសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហូឡង់ ហ្វីលីពីន សិង្ហបុរី ស៊ុយអែត ថៃ នូវែលហ្សេឡង់និងអូស្ត្រាលី៕ REUTERS
[caption id="attachment_954137" align="alignnone" width="700"]
Source: Kampuchea Thmey Daily
0 Comments