ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ សិស្សប៊ែលធីចំនួន ៦៤នាក់ បានវិលត្រឡប់មក ដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចំណាយពេល ១៤ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2018) នៅសាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង ៤.០០០នាក់ មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្ត្រីក្រសួងអប់រំមកពីបណ្តាប្រទេសនានា ចំនួន២២ ចូលរួមផងដែរ។
ក្នុងឱកាសទទួលសិស្សនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដែលសហការ និងផ្តល់ឱកាសឲ្យសិស្សប៊ែលធីបានទៅចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិនៅសាធារណរដ្ឋកូរ៉េ ហើយនេះជាលើទី៥ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីនេះ ដែលមានចំនួនសរុប ៤៧៣នាក់។
លោកអគ្គនាយករង បានគូសបញ្ជាក់ថា ការចូលរួមក្នុងកម្មវិធីនេះ គឺផ្តោតទៅលើភាពជាអ្នកដឹកនាំការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទនៃការអប់រំបែបវិទ្យាសាស្ត្រទំនើប ហើយសិស្ស ប៊ែលធីទាំង ៦៤នាក់ក៏បានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជាៈ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។
លោកក៏បានបន្តរទៀតថា គោលបំណង និងអត្ថប្រយោជន៍ នៃការចូលរួមការបោះជំរំនេះគឺ សាលាចង់ឲ្យសិស្សរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់ នៅ និងធ្វើការជាក្រុម ជាមួយជាតិសាសន៍ផ្សេងៗគ្នាដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។ ការចូលរួមបោះជំរំនេះ ក៏បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់បន្ថែមទៀតនូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments