Ad Code

ប្រធាន​ គ​.​ជ​.​ប ជួប​គណៈប្រតិភូ​សង្កេតការណ៍​អន្តរជាតិ​ជាន់ខ្ពស់​ចំនួន​៣២​នាក់



ភ្នំពេញ ​​៖​ នៅ​វេលា​ម៉ោង​១រសៀល ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួល​ជួប​គណៈប្រតិភូ អ្នក​សង្កេតការណ៍​អន្តរជាតិ​ជាន់ខ្ពស់​ចំនួន​៣២​នាក់ ដែល​មាន​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា មកពី​សហគមន៍​អឺរ៉ុប ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​បំណង​ស្វែងយល់​ពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា មុន​ពេល​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ស្អែក​នេះ។

សូម​បញ្ជាក់​ថា បន្ទាប់ពី​ផុតកំណត់​នៃ​ការ​ទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​អ្នកសង្កេតការណ៍​ជាតិ នៃ​សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប ​៧៩.៦១២ នាក់ មកពី​១១២ ស្ថាប័ន ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ។

ចំណែក​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ក្រោយពី​បញ្ចប់​ការ​ទទួល កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ គ​.​ជ​.​ប ក៏បាន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ​ចំនួន​៣២២​នាក់ មកពី​ប្រទេស ស្ថាប័ន និង​ស្ថានទូត​ចំនួន​៤២ ក្នុងនោះ​រួមមាន AIPA-APA-ICAPP-CDI-EUROPEAN COUNCIL TOURISM និង TRADE-EUROPEAN COUNCIL ON INTERNATIONAL RELATIONS ជាដើម​។ ជាមួយគ្នា​នោះ គ​.​ជ​.​ប ក៏​កំពុង​ពិនិត្យ​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​២១៦ នាក់ ទៀត​មកពី​២៨ ស្ថាប័ន ក្នុងនោះ​មាន CENTRIST DEMOCRAT INTERNATIONAL-RUSSIA CIVIC CHAMBER ជាដើម​។​

​យោងតាម​ប្រការ ៣.៤.៣ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គ​.​ជ​.​ប ត្រូវ​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ ក្នុង​រយៈពេល​យ៉ាងយូរ​៣​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យស្នើសុំ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨។ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​សាក្សី​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ត្រូវ​ផ្តល់​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​ស្តីពី​ការសង្កេត​ការណ៍ និង​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​នៅក្នុង​ដំណើរការ​បោះឆ្នោត ផ្ញើជូន គ​.​ជ​.​ប បន្ទាប់ពី​ដំណើរការ​បោះឆ្នោត​ចប់សព្វគ្រប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu