Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ទ័ព ខណៈ​ប៉ូលីស ជួប​អគ្គីសនី​កម្ពុជា នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ



ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប៉ះ​ក្រុម​ក្រសួងការពារជាតិ (​ទ័ព​) ខណៈ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ត្រូវ​ជួប​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ក្នុង​សប្ដាហ៍​ទី​១៥ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018)​។

*​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ក្រសួងការពារជាតិ
ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប៉ះ​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន​របស់ខ្លួន ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ផងដែរ​។ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​មិនទាន់​ស្គាល់​រស់ជាតិ​ជ័យជម្នះ ឬ​ស្មើគ្នា​នៅឡើយ​នោះទេ​នាពេល​១៤​ប្រកួត​កន្លងមកនេះ ពោលគឺ​ចាញ់​រហូត ឈរ​បាត​តារាង​។ ក្រុម​នេះ​កំពុង​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​ម៉ាឡេស៊ី លោក FIZOL BIN A.RAZAK​។ ឆ្លងកាត់​ការប្រកួត​មួយរយៈ​ពេលនេះ​មក​លោក​បាន​មើលឃើញ​ពី​កម្រិត​ប្រកួតប្រជែង​និង​តម្រូវការ​ទាមទារ​នៅក្នុង​លី​គ​កម្ពុជា ដែលជា​បទពិសោធ​ន៍ល្អ​សម្រាប់​កីឡាករ​ក្មេងៗ​របស់លោក​ក៏ដូចជា​សម្រាប់​លោក​ផ្ទាល់​ផងដែរ​។



កីឡាករ​របួស​និង​កីឡាករ​មួយចំនួន​ចាកចេញ​ជា​បញ្ហា​ប្រឈម​របស់​ក្រុម​ក្រសួងការពារជាតិ នាពេល​បច្ចុប្បន្ន​។ ក្នុង​ជើង​ទី​២​នេះ​ក្លិប​បាន​បន្ថែម​កីឡាករ​សំខាន់ៗ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការ​របូត​ពិន្ទុ​ពី​ដៃ ខណៈ​ក្រុម​នេះ​នៅសល់​ឱកាស​ប្រជែង​កំពូល​តារាង​នៅឡើយ​។ ងាក​ទៅ​មើល​១៤​ប្រកួត​មកនេះ​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​បាន​១០​លើក និង​ចាញ់​៤​លើក ឈរ​លេខ​៤ បណ្តោះអាសន្ន​។



*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​អគ្គីសនី​កម្ពុជា
ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៦ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី ផង​ដែរ​។ ក្រុម​ប៉ូលីស កំពុង​ឈរ​លេខ​៧ ក្នុងចំណោម​ក្លិប​ទាំង​១២ បន្ទាប់ពី​ឈ្នះ​បាន​៦​លើក ស្មើគ្នា​២​លើក​និង​ចាញ់​៦​លើក​។ លោក នុត សូ​នី គ្រូបង្វឹក​ក្រុម​នេះ​រំពឹង​ថា ​កូនក្រុម​នឹងធ្វើ​បានល្អ​បន្ថែមទៀត​ក្នុង​ប្រកួត​នៅពេល​ខាងមុខៗ ស្របពេល​មាន​កីឡាករ​ស្ទើរតែ​ពាក់កណ្ដាល​ក្រុម ទើបតែ​បញ្ចប់​បំពេញ​កាតព្វកិច្ច​នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​។ ម្យ៉ាងទៀត​ក្លិប​មាន​កីឡាករ​សំខាន់​ម្នាក់​បាន​ផ្ទេរចេញ គឺ ទិ​ត្យ ឌី​ណា ទៅ​ចូលរួម​វិសាខា ខណៈ​ក្លិប​បាន​បន្ថែម​កម្លាំង​ចំនួន​២​នាក់​វិញ​គឺ សុះ ប្រុស ហ៊ីម និង​កីឡាករ​កូរ៉េខាងត្បូង No Dae-ho​។



ក្រុម​អគ្គីសនី​កម្ពុជា មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ​នោះទេ ក្រោយ​ប្រកួត​ឈ្នះ​បាន​១​លើក ស្មើគ្នា​២​លើក និង​ចាញ់​១១​លើក​ក្នុង​ប្រកួត​កន្លងមក​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​នេះ​បានដាក់​គោលដៅ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់ នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្រុម​នេះ​ទើបតែ​ខកចិត្ត​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu