Ad Code

ក្រុមការងារ ស​.​ផ​.​ក អំពាវនាវ​ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដើម្បី​ការពារ​អាយុជីវិត​កម្ម​ករ



ភ្នំពេញ​ ៖ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​)​ដែលជា​ផ្នែក​មួយ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បាន​អំពាវនាវ​ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ​ទាំងអស់​ត្រូវ គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​បញ្ចៀស​កម្មករនិយោជិត​ចាក​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​។

ការ​អំពាវនាវ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ទៅលើ​កម្មករ​ដែល​បណ្តាល​មកពី​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​មួយចំនួន​បើកបរ​មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​។

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រុមការងារ ស​.​ផ​.​ក ក៏បាន​ណែនាំ​ដល់​អ្នកបើកបរ​មិនត្រូវ​ផ្ទុក​កម្មករ​លើស​ចំណុះ ត្រូវ​ត្រួតពិនិត្យ​យានយន្ត​មុន​ពេល​ចេញទៅ​ដឹក​កម្មករ និង​ត្រូវ​ឈៀក​រថយន្ត​ជាប្រចាំ​ព្រមទាំង​ទៅ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ឲ្យ​ស្រប​តាម​ប្រភេទ​យាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​ក្រុមការងារ ប​.​ស​.​ស ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ជាពិសេស​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ទាំង ១០​ចំណុច​របស់​គណៈកម្មកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​ថា​(​ប​.​ស​.​ស​) បាន​ចាត់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) សហការ​ជាមួយ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រ​សួង សាធារណការ និង​ដឹកជញ្ជូន បន្ត​យុទ្ធនា​ការរៀបចំ​វគ្គ​ប្រឡង​យក​បណ្ណ​បើកបរ​ដល់ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និយោជិត ដែល​គ្មាន​បណ្ណ​បើកបរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (Online) ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ​។

​ជាក់ស្តែង​កាលពី​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) សហការ​ជាមួយ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​ធ្វើ​យុទ្ធនា​ការរៀបចំ​វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដល់ អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ និយោជិត ដែល​គ្មាន​ប័ណ្ណ​បើកបរ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (Online) ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ​។



វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដល់​អ្នក​បើកប​រ​រថយន្ត​ដឹក​កម្មករ​នេះ​ គឺ​ដើម្បីឱ្យ​អ្នកបើកប​រថយន្ត​ដឹក​កម្មករ​ទាំងអស់ មាន​ប័ណ្ណ​បើកបរ​គ្រប់ៗ​គ្នា និង​ត្រូវមាន​ប័ណ្ណ​បើកបរ​រថយន្ត​ស្របតាម​ប្រភេទ​យានយន្ត​ដឹក​កម្មករ ដែល​ច្បាប់​បានកំណត់​។

យុទ្ធនា​ការ​ប្រឡង​ផ្តល់​ប័ណ្ណ​បើកបរ​នេះ រៀបចំឡើង​ដោយមាន​អ្នកចូលរួម​ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករនិយោជិត​សរុប​ចំនួន​៦៧​នាក់ ក្នុង​នោះ អ្នក​គ្មាន​ប័ណ្ណ​បើកបរ​មាន​ចំនួន​២៦​នាក់ និង​អ្នកមាន​ប័ណ្ណ​បើកបរ​មិន​ស្របតាម​ប្រភេទ​យានយន្ត​មាន ចំនួន​៤១​នាក់ (​ប្រភេទ ឃ​)​ហើយ នីតិវិធី​នៃ​ការ​ប្រឡង​នេះ មាន​ទាំង​ការ​ប្រ​ឡង ទ្រឹស្តី និង​ដៃចង្កូត​ផ្ទាល់​។

វគ្គ​ប្រឡង​យក​ប័ណ្ណ​បើកបរ​នេះ ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការត្រួតពិនិត្យ និង​គ្រប់គ្រង​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ស្វ័យប្រវត្តិ​(Online) របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​តម្រូវ​ឲ្យ​អ្នក​ប្រឡង​យក​ប័ណ្ណ​បើកបរ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​យ៉ាង​ត្រឹមត្រូវ​។

ក្រុមការងារ ស​.​ផ​.​ក នៃ ប​.​ស​.​ស និង​បន្ត​សហការ​ជាមួយ​ក្រុម​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ចុះ​បណ្តុះបណ្តាល ប្រឡង និង​ផ្តល់​ប័ណ្ណ​បើកបរ​ដល់​អ្នកបើកប​រ​រថយន្ត​ដឹក​កម្មករ ដើម្បី​ឲ្យ​ពួកគាត់​មាន​ប័ណ្ណ​បើកបរ​ស្របតាម​ប្រភេទ​យានយន្ត ដែល​ច្បាប់​បានកំណត់​ឲ្យបាន​ទាំងអស់គ្នា ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

យោង​តាម​របាយការណ៍​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ របស់​ក្រុមការងារ ស​.​ផ​.​ក បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មក​លើ​កម្មករនិយោជិត មានការ​ថយចុះ​ចំនួន​១០​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu