Ad Code

ក្លិប​នៅ​លី​គ​លំដាប់​ទី​៣​ប្រទេស​ថៃ​របស់​កីឡាករ ឃួន ឡា​បូ​រ៉ាវី កំពុង​ត្រូវការ​ពិន្ទុ​បន្ថែម​ក្នុង​ប្រកួត​ចុង​សប្ដាហ៍​នេះ



ក្រុម Surat Thani FC​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​៣​របស់​ប្រទេស​ថៃ (T3-League) ឆ្នាំ២០១៨ ដែល​កីឡាករ ឃួន ឡា​បូ​រ៉ាវី របស់​កម្ពុជា កំពុងតែ​ប្រកប​អាជីព នៅពេលនេះ​កំពុងតែ​ត្រូវការ​ពិន្ទុ​បន្ថែម ដើម្បី​ស្វែងរក​កៅអី​សុ​វត្តិភាព​គេច​ពី​តំបន់​បាត​តារាង​។

​នៅ​ចុង​សប្ដាហ៍​នេះ​ ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ មួយ​នេះ​ត្រូវ​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី​២០ របស់ខ្លួន​ក្នុង​ពានរង្វាន់ T3 League 2018 ត្រូវ​បើកទ្វារ​កីឡដ្ឋាន Surat Thani Stadium ទទួល​ក្រុម Army FC នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​។

គិត​ត្រឹម​សប្ដាហ៍​ទី​១៩​កន្លងមកនេះ​ក្រុម Surat Thani កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១២​បណ្តោះអាសន្ន​ក្នុងចំណោម​សមាជិក​ទាំង​១៤ ប្រចាំ​មណ្ឌល​ជាមួយគ្នា ក្រោយ​ប្រកួត​ឈ្នះ​៤​លើក ស្មើគ្នា​៦​លើក និង​ចាញ់​៩​លើក មាន​១៧​ពិន្ទុ​។ តាម​ការកំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ ក្រុម​កំពូល​តារាង​ប្រចាំ​លី​គ​ទី​៣​ថៃ​នេះ​ មានឈ្មោះ​ឡើង​ទៅ​កាន់​លី​គ​លំដាប់​ទី​២ ខណៈ​ក្រុម​លេខ​២​មានឈ្មោះ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​នៅ​មណ្ឌល​ផ្សេងទៀត ខណៈ​ក្រុម​នៅបាន​តារាង​ត្រូវ​ធ្លាក់​ទៅលេង​នៅ​លី​គ​លំដាប់​ទី​៤​។



កីឡាករ ឃួន ឡា​បូ​រ៉ាវី ធ្លាប់​រកបាន​គ្រាប់​បាល់​១​គ្រាប់​ឲ្យ​ក្រុម ម្តង​រួច​មក​ហើយ ខណៈ​៦​ប្រកួត​ដំបូង​របស់​គេ​ពេលធ្វើ​ដំណើរ​ទៅដល់​ក្រុម Sarat Thani FC បាន​ប្រកួត​ចាញ់​៥​លើក និង​ស្មើ​១​លើក ដោយ​លើកដំបូង​ចាញ់​ក្រុម Customs United ៤​ទល់​១ ហើយ​ចាញ់​ក្រុម Nara United បន្ត​ចាញ់​ក្រុម Phuket City ២​ទល់​១ ចាញ់​ក្រុម Simork ១​ទល់​០ ចាញ់​ក្រុម​ម្ចាស់ផ្ទះ​Simork ដោយ​លទ្ធផល ១​ទល់​០ បន្ត​ចាញ់​ក្រុម Bangkok U. Deffo ៣​ទល់​២ និង​ស្មើគ្នា​ជាមួយ​ក្រុម Ranong United​។

ក្លិប​ថ្មី​របស់​កីឡាករ​មានកំណើត​នៅ​ខេត្តកំពង់ចាម នេះ​មាន​មូលដ្ឋាន​នៅ​ខេត្ត​Surat Thani មាន​លោក Monthien Morrakot គ្រូបង្វឹក​ប្រចាំ​ក្រុម​។ គ្រូបង្វឹក​រូប​នេះ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ការ​ដាក់​ឲ្យ​កីឡាករ​កម្ពុជា រូបនេះ ក្នុង​ការជួយ​រក​គ្រាប់​បាល់​នៅ​ប្រកួត​បន្តបន្ទាប់​។ ក្តី​ស្រ​ម៉ៃ​របស់ ឃួន ឡា​បូ​រ៉ាវី ដែល​ចង់​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ថ្មី​នេះ គឺ​បានសម្រេច​ហើយ តែ​អ្វី​ដែល​រូបគេ​រំពឹង​ជា​បន្ត​នោះ​គឺ​សង្ឃឹមថា​ អាច​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​រកបាន​ពិន្ទុ​ប្រជែង​គេ​ឲ្យ​ផុតពី​តំបន់​បាត​តារាង​នៅ​ប្រកួត​បន្តបន្ទាប់​។

នៅ​លី​គ​របស់​ប្រទេស​ថៃ បាន​តម្រូវ​ឲ្យ​ក្លិប​ជា​សមាជិក​របស់ខ្លួន​ចុះបញ្ជី​កីឡាករ​បរទេស​បាន​ចំនួន​៥​នាក់​ ដោយ​ក្នុង​នោះ​មាន​កីឡាករ​បរទេស​មិន​គិត​ជាតិ​សាសន៍​ចំនួន​៣​នាក់ កីឡាករ​ជា​ជនជាតិ​ក្នុង​ទ្វីបអាស៊ី​១​នាក់ និង​កីឡាករ​ក្នុង​តំបន់​អាស៊ាន​ម្នាក់​។ ក្លិប Surat Thani វិញ​បាន​ចុះបញ្ជី​កីឡាករ​ពេញ​ហើយ​ មាន​កីឡាករ​ប្រេ​ស៊ី​ល Vinicius Silva Freitas កីឡាករ​កូ​ឌី​វ័រ Soumahoro Mafa​កីឡាករ​កូ​ឌី​វ័រ Kourouma Mohamed កីឡាករ​អ៊ីរ៉ង់ Faramarz Vahdat Derakhshan និង ឃួន ឡា​បូ​រ៉ាវី របស់​កម្ពុជា​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu