Ad Code

វង្ស ណ​យ និង​អ៊ូច ធា​រិ​ទ្ធ ជួប​ថៃ នៅ​សង្វៀន​ស្ទឹងមានជ័យ​ថ្ងៃ​សុក្រ​នេះ



វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​២៧​កក្កដា​២០១៨​នេះ ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់​វង្ស ណ​យ មិនត្រូវ​បាន​គេ​ទម្លាយ​អោយ​ស្គាល់ឈ្មោះ​និង​ប្រវត្តិ​នោះឡើយ ដោយ​គ្រាន់តែ​ដឹងថា វង្ស​ណ​យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ថៃ​ក្នុង​ទម្ងន់​៧០​គីឡូក្រាម ។​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹងថា អ្នក​ប្រដាល់​ថៃ​ដែលជា​គូ​របស់​វង្ស ណ​យ​នោះ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅ​ទូរទស្សន៍​ក្នុងប្រទេស​ថៃ ដូច្នេះ​សូម​លាក់​ឈ្មោះ​សិន ហើយ​នៅពេលដែល​ថ្លឹង​ទម្ងន់​រួចរាល់ នឹង​បានដឹង​ច្បាស់​ពី​ឈ្មោះ​អ្នក​ប្រដាល់​ថៃ​រូបនោះ​ហើយ។​

ចំណែក អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Famai Pisanuracharn ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧ គ​.​ក្រ ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ៦ លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី ៧ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (២៤​មិថុនា​២០១៨) គេ​បាន​វាយ​ឈ្នះ​ថៃ Khong Far ដោយ​ពិន្ទុ។​

ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៥០​លើក ក្នុងនោះ​វាយ​ឈ្នះ​៣៦​លើក ចាញ់​១០ លើក និង​ស្មើ ០៤​លើក ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ​អាច​យកឈ្នះ Famai បាន​ឬក៏​អត់​នោះទេ​? ។​

Famai Pisanuracharn ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ ។ ដូច្នេះ អ៊ូច ធា​រិ​ទ្ធ​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក ។ ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ និង Famai តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ? ។​
​ដោយឡែក សម្រាប់​ការប្រកួត​ជម្រុះ​រក​អ្នកខ្លាំង ដើម្បី​ឈានទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៤​គីឡូក្រាម នៅក្នុង​សប្តាហ៍​នេះ គឺជា​ការប្រកួត​ចុងបញ្ចប់​នៃ​ការជ្រើសរើស​កីឡាករ​កម្ពុជា​ម្នាក់ទៀត សម្រាប់​បង្គ្រប់​ចំនួន​៥​នាក់ ដើម្បី​ឈានទៅ​ធ្វើការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ជាមួយ​កីឡាករ​ថៃ​៥​នាក់​ដែរនោះ ។

ក្នុងការ​ប្រកួត​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​A​និង​ពូ​ល​B ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២០​ខែកក្កដា​កន្លងមកនេះ បាន​រកឃើញ​អ្នក​ប្រដាល់​៤​រូប ដែល​ត្រូវបាន​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​ថៃ​នោះ គឺ​ពូ​ល​A មាន​ចាន់ សាន់ ក្លិប​និរោធ​មានជ័យ និង ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដែល​ជាប់​លេខ​១​លេខ​២​ក្នុង​ពូ​ល​A ។ ចំណែក អ្នក​ជាប់​លេខ​១​លេខ​២​ក្នុង​ពូ​ល​B ដែល​ត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​ថៃ​ដែរនោះ គឺ​ប៊ុន សុធា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា ។

ដូច្នេះ​នៅ​ខ្វះ​ម្នាក់ទៀត ដែល​ត្រូវ​បង្គ្រប់​ចំនួន​៥​រូបនោះ គឺ​តម្រូវ​ឲ្យ​មានការ​ប្រកួត​យក​ម្នាក់​បន្ថែម រវាង​អ្នក​ដែលមាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល​នីមួយៗ ហើយ​អ្នកណា​ឈ្នះ គឺ​អ្នក​នោះបាន​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​ថៃ ។​

សម្រាប់​ការប្រកួត​យក​អ្នក​ទី​៥​នេះ គឺ រិ​ទ្ធ អាទិត្យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ លេខ​៣​ពូ​ល​A ត្រូវ​ប្រកួត​ជាមួយ​លេខ​៣​ពូ​ល​B គឺ សយ សី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​។​
​រវាង​រិ​ទ្ធ អាទិត្យ និង សយ សី​នេះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ចំនួន​៣​ប្រកួត​ម្នាក់​នោះ ពួកគេ​ទាំង​ពីរបាន​៥​ពិន្ទុ​ដូចគ្នា ក្នុងចំណោម​៣​ប្រកួត គឺ​ឈ្នះ​១​ប្រកួត​និង​ចាញ់​២​ប្រកួត​ដូចគ្នា ។ ចាំមើល តើ​រិ​ទ្ធ អាទិត្យ ឬ សយ សី ដែលជា​អ្នក​ទី​៥ បាន​ឡើងទៅ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គីឡូក្រាម​នោះ​?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu