Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​អង្គភាព​ច្រកចេញ ចូល​តែមួយ ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ​ឲ្យ​បាន​លឿន ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល



ភ្នំពេញ​ ៖​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ទូទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​បើក​ដំណើរ អង្គភាព​ច្រកចេញ ចូល​តែមួយ នៅ​ថ្នាក់​រាជធានី ក្នុង​គោលបំណង ជំរុញ​ឲ្យ​ការអនុវត្ត​លើ​ការងារ ផ្តល់​សេវា​នេះ បាន​កាន់តែ​ល្អប្រសើរ​ឡើង មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។​

នេះ​ជាការ​បញ្ជាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ក្នុងឱកាស​ចុះ​ពិនិត្យ បញ្ជរ​ និង​កន្លែងធ្វើការ​រប​ស់ ​អង្គភាព​ច្រកចេញ ចូល​តែមួយ​ពោលគឺ ក្រោយ​បញ្ចប់​កិច្ច​ជុំ​ជាមួយ​មន្ត្រី​ច្រក​ពាក់ព័ន្ធ​នឹង​ការងារ ផ្តល់​សេវា​ប្រជាពលរដ្ឋ ក្នុងការ​ពង្រឹង​ការអនុវត្ត ការងារ មួយចំនួន ដែល​ក្រសួងមហាផ្ទៃ​បានដាក់​ជូន​។​

លោក​អភិបាល​រាជធានី​បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណើរការ អង្គភាព​ច្រកចេញ ចូល​តែមួយ​នៅ​ថ្នាក់​រាជធានី ដើម្បី​បម្រើ​ជូន​នូវ​សេវា​សាធារណៈ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ មាន​ប្រសិទ្ធភាព ចំណេញ​ពេលវេលា ខណៈ​ដែល​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​នៅ​តាម​បណ្តាល​ខណ្ឌ​ទាំង​១២ នូវ​មាន​ភាព​ចន្លោះប្រហោង ក្នុង​ការ​បម្រើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ។

លោក​បាន​បន្ដថា ការបើក​ដាក់​ឲ្យ​ដំណើរការ សេវា​ច្រកចេញចូល​តែមួយ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ ដើម្បី​លុបបំបាត់ចោល​នូវ​ការលើកឡើង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ និង ប្រជាពលរដ្ឋ​ដែល​តែងតែមាន ការរិះគន់ មក​លើ​មន្ត្រីរដ្ឋបាល​របស់​យើង​ក្នុងពេលដែល​ពួកគាត់ ទៅ​រក​សេវាកម្ម​ម្តងៗ។ កាលពីមុន​ប្រជាពលរដ្ឋ​ចង់​ស្នើសុំ​សេវាកម្ម​អ្វីមួយ គឺមាន​ភាព​សាំញ៉ាំ មានការ​ពាក់ព័ន្ធ​ច្រើន​កន្លែង ឥឡូវ​ពួកគាត់​លែង​ពិបាក​ហើយ ប៉ុន្តែ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ មករក​សេវា​តម្រូវ​ការដែល​ខ្លួន​ចង់បាន​ដោយ​ខ្លួនឯង​ផ្ទល់ ដើម្បី​ជៀសវាង​ការចំណាយ​ប្រាក់កាស​លើ​សេវា​រត់ការ តាមរយៈ​អ្នកដទៃ យើង​ដឹង​ហើយ​ថា ប្រសិនបើ​យើង​ពឹង​គេ គេ​នឹង​យក​សេវា​ជើងសា​ពី​បងប្អូន​ក្នុងតម្លៃ​ណា​ដែល​ព្រមព្រៀងគ្នា​តាម​ការស្ម័គ្រចិត្ត ប៉ុន្តែ​បើ​បងប្អូន​ចំណាយពេល​តែ​បន្តិច ហើយ​មក​ស្វែងរក​សេវាកម្ម​ដោយ​ខ្លួនឯង​គឺ លឿន​អស់​លុយ​តិច ព្រោះ​ការិយាល័យ​ច្រកចេញចូល​តែមួយ​មាន​គ្រប់​សេវា​តាម​ប្រកាស​ក្រសួងមហាផ្ទៃ ។ រាល់​ទម្រង់​បែបបទ និង​លិខិត​ផ្សេងៗ​សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដើម្បី​បំពេញ ត្រូវបាន​រៀបចំ​ឲ្យ​មាន​លក្ខណៈ​សាមញ្ញ ខ្លី ច្បាស់លាស់ និង​ងាយ​យល់​។​

គួររំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងមហាផ្ទៃ​បាន​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវកា​នូវ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​/​ខណ្ឌ ក្រុង​, គោលដៅ​ចំនួន​៤០​រួចហើយ ការិយាល័យ​នេះ​ នឹង​ត្រូវ​ពង្រីក​នៅ​តាម​ខណ្ឌ និង​ស្រុក​គោលដៅ​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​សេវា​ ដែល​ជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ។

សូម​ជម្រាប​ផងដែរ ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ រាជធានី​ភ្នំពេញ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦ ​ខែកក្កដា ​ឆ្នាំ​២០១៨​ខាងមុខ​នេះ​តទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu