ព្រះចន្ទ្រពណ៌ក្រហមបានបង្កភាពទាក់ទាញនៅទូទាំងភាគច្រើននៃពិភពលោកកាលពីថ្ងៃសុក្រនៅពេលដែលវាធ្វើដំណើរចូលក្នុងស្រមោលផែនដីក្នុងនាមជា “បាតុភូតចន្ទ្រគ្រាស” យូរបំផុតប្រចាំសតវត្សរ៍ទី២១នេះ។
ចាប់ពីតំបន់អាហ្វ្រិកខាងត្បូងទៅដល់មជ្ឈិមបូព៌ានិងចាប់ពីវិមានក្រឹមឡាំងទៅដល់កំពង់ផែក្រុងស៊ីដនី, មនុស្សរាប់ម៉ឺននាក់បានសម្លឹងទៅលើមេឃដើម្បីមើលព្រះចន្ទ្រដែលងងឹតមុនពេលបញ្ចេញស្រមោលពណ៌ទឹកក្រូច ពណ៌ត្នោតនិងពណ៌ក្រហម។
ចន្ទ្រគ្រាសទាំងស្រុងនេះមានរយៈពេល១ម៉ោង៤២នាទីនិង៥៧វិនាទី។ ប៉ុន្តែបើគិតទាំងពីពេលចាប់ផ្តើមដំបូងរហូតដល់ទៅពេលបញ្ចប់ទាំងស្រុងគឺព្រះចន្ទ្រនេះនឹងចំណាយពេលសរុបជិត៤ម៉ោងនៅក្នុងស្រមោលរបស់ផែនដី។ នេះបើយោងតាមការឲ្យដឹងពីអង្គការណាសា។
ចន្ទ្រគ្រាសពេញបំផុតនេះអាចត្រូវបានមើលឃើញពីអឺរ៉ុប រុស្ស៊ី អាហ្វ្រិក មជ្ឈិមបូព៌ានិងភាគច្រើននៃទ្វីបអាស៊ីនិងប្រទេសអូស្ត្រាលីថ្វីបើពពកបានបិទព្រះចន្ទ្រនៅកន្លែងខ្លះក៏ដោយ។
ចន្ទ្រគ្រាសនេះមិនអាចមើលឃើញពីអាមេរិកខាងជើងឬភាគច្រើននៃតំបន់ប៉ាស៊ីហ្វិកនោះទេ។
Reuters បានកត់សម្គាល់អំពីចន្ទ្រគ្រាសនេះនៅទូទាំងពិភពលោកដោយចាប់យករូបភាពពន្លឺពណ៌ទឹកក្រូចនិងក្រហមនៅលើទីក្រុងគែរ, ប្រាសាទ Poseidon នៅតំបន់ Cape Sounion, នៅជិតទីក្រុងអាតែន, ភូមិ Raisting របស់តំបន់បាវ៉ារៀនៅប្រទេសអាឡឺម៉ង់, ឆ្នេរសមុទ្រ Rio នៅប្រេស៊ីលនិងទីក្រុង Johannesburg។
នៅទីក្រុង Nairobi, ប្រជាជនកេនយ៉ាបានមើលនៅពេលព្រះចន្ទ្រនេះទាំងងងឹត។
នៅលើច្រាំងទន្លេ Ganges របស់ប្រទេសឥណ្ឌា, ប្រាសាទនានាត្រូវបានបិទមុនពេលចន្ទ្រគ្រាសកើតឡើង។ អ្នកទស្សនាបានមើលតាមកែវយឹតនៅផែ Marina South ក្នុងប្រទេសសិង្ហបុរីនិងនៅមន្ទីរ Al Sadeem ក្នុងអគារ Al Wathba ជិតទីក្រុង Abu Dhabi ។
មនុស្សរាប់រយនាក់នៅប្រទេសអូស្ត្រាលីបានបង់ប្រាក់ដើម្បីមើលចន្ទ្រគ្រាសពីមជ្ឈមណ្ឌលសង្កេតក្រុងស៊ីដនីមុនពេលថ្ងៃរះ។
លោក Andrew Fabian សាស្ត្រាចារ្យផ្នែកតារាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge បានប្រាប់រ៉យទ័រថា “វាត្រូវបានគេហៅថាជាព្រះចន្ទ្រឈាមព្រោះពន្លឺពីព្រះអាទិត្យបានឆ្លងកាត់បរិយាកាសផែនដីនៅលើផ្លូវទៅឋានព្រះចន្ទ្រហើយបរិយាកាសផែនដីប្រែទៅជាពណ៌ក្រហម”។
គួរបញ្ជាក់ថា ចន្ទ្រគ្រាសនាពេលក្រោយដែលមានរយៈពេលដូចគ្នានេះនឹងកើតឡើងនៅក្នុងឆ្នាំ២១២៣៕ REUTERS
Source: Kampuchea Thmey Daily
0 Comments