Ad Code

ក្រុម​បឹង​កេត គ្រោង​ប្តឹង​តវ៉ា​រឿង​គ្រូបង្វឹក​ក្លិប​ខ្លួន​ត្រូវ​ពិន័យ​មិន​ឱ្យ​ជាន់​ទីលាន​រយៈពេល​១​ខែ



នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ខែកក្កដា សប្ដាហ៍​នេះ គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្ដីសម្រេច​ចុះហត្ថលេខា​ពិន័យ​លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹង​កេត មិនឱ្យ​ចូលរួម​ដឹកនាំ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នានា​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រយៈ​ពេល​មួយខែ និង​ពិន័យ​ជា​ប្រាក់​៥​សែន​រៀល ពីបទ​ប្រើ​ឥរិយាបថ​មិន​សមរម្យ​ដាក់​មន្ត្រី​ការប្រកួត ដោយ​រុញ​ព្រមទាំង​ប្រើស​ម្ដី​មិន​សមរម្យ។

​ក្រោយ​ទទួលបាន​លិខិត​ពិន័យ​លោក ហៅ សុជាតិ បាន​លើកឡើងថា​ លោក​ទទួលស្គាល់​ខ្លួន​ពិតជា​ខុស​មែន​ដែល​រុញ​មន្ត្រី​ទី​៤​។ លោក​បន្តថា​ ៖ «​ពេលនោះ​ខ្ញុំ​បាន​ឃើញ​មន្ត្រី​ទី​៤​ដើរមក​សម្របសម្រួល​ខាង​ខ្ញុំ បន្ទាប់ពី​កីឡាករ​លេខ​៣​របស់​សូល​ទី​ឡូ ទាត់ ​សាត រ៉ូ​ហ្ស៊ី​ប ពីក្រោយ ហើយ​កីឡា​ករលេខ​៣​នោះ​កាលពី​ជើង​ទី​១​ក៏បាន​ទាត់​ពីក្រោយ​ឱ្យ Paul Omogba របួស​ដែរ​។ ពេល​មន្ត្រី​ទី​៤​ដើរ​ចូលមក​ក្បែរ​កន្លែង​ខាង​ក្រុម​បឹងកេត​អង្គុយ ខ្ញុំ​បាន​យកដៃ​រុញ​គាត់​ហើយ​និយាយថា ជួយ​មើល​ផង រួច​មន្ត្រី​ទី​៤​បាន​ប្រាប់​ទៅ​អាជ្ញាកណ្ដាល ហើយ​អាជ្ញាកណ្ដាល​មក​បណ្ដេញ​ខ្ញុំ​ទៅខាង​លើ​។ ខ្ញុំ​មិនបាន​ប្រតិកម្ម​អ្វី​បន្ថែម​ទេ ខ្ញុំ​នៅ​ស្ងៀម​និង​ដើរចេញ​តាម​ការ​បញ្ជា​ហើយក៏​មិន​និយាយ​អ្វី​ដែរ​។ ខ្ញុំ​មិនមែន​ចង់​គេច​ពី​កំហុស​ទេ តែ​ការពិន័យ​ហាក់​ធ្ងន់​លើសពី​កំហុស​របស់ខ្ញុំ​»​។

​ចំណែក​លោក បែ មករា អ្នកចាត់ការ​បឹងកេត វិញ​បានបង្ហាញ​ពី​មូលហេតុ​ដែរ​ក្លិប​សម្រេច​ប្តឹង​បន្ត​នោះ​គឺ​ដោយសារ​ថា ​៖ «​ម្យ៉ាងទៀត ការ​ពិន័យ​របស់​សហ​ព័ន្ធ​លើ​គាត់​គឺ​ពិន័យ​ទាំង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ខុសពី​ករណី​ហិង្សា​នៅ​ស្វាយរៀង​ថ្មីៗ​នេះ ដែល​កើតឡើង​ក្នុង​ការ​ប្រកួត​លី​គ​ដូចគ្នា ប៉ុន្តែ​គណៈកម្មការ​វិន័យ ពិន័យ​ពួកគេ​តែ​ការប្រកួត​លី​គ ចំណែក​បឹង​កេត​វិញ​ត្រូវ​ពិន័យ​គ្រប់​ព្រឹត្តិការណ៍​ដែល​ស​.​ប​.​ក​រៀបចំ មានន័យថា​ទាំង​លី​គ​កំពូល​កម្ពុជា​និង​ពាន​សម្ដេច​ហ៊ុនសែន​។ ​យើង​ដាក់ពាក្យ​ប្ដឹង​នេះ​ដើម្បី​ឱ្យ​គណៈកម្មការ​វិន័យ​ពិនិត្យមើល​ឡើងវិញ​»​។​

​លោក​បន្តថា ​៖ «​ពួក​យើង​ទទួលស្គាល់​ថា ​គ្រូ​របស់​យើង​បាន​រុញ​មន្ត្រី​ទី​៤​មែន ក្រោយ​កីឡាករ​សូល​ទី​ឡូ​អង្គរ​ទាត់​ជើង សាត រ៉ូ​ហ្ស៊ី​ប ពីក្រោយ ដោយសារតែ​គាត់​ទ្រាំ​មិនបាន​ចំពោះ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្ដាល​លើ​ទីលាន​ជាច្រើនលើក ប៉ុន្តែ​គាត់​មិនបាន​ជេរប្រមាថ​ទេ​។ គាត់​គ្រាន់តែ​ប្រាប់​ឱ្យ​មន្ត្រី​ទី​៤​មើល​ហើយ​ជួយ​ប្រាប់​អាជ្ញាកណ្ដាល​ផង​»​។​

សូម​បញ្ជាក់​ថា ​ក្នុង​ប្រកួត​បរាជ័យ​លើកដំបូង​របស់​បឹង​កេត ពេល​ចាញ់​ក្រសួងការពារជាតិ ២​ទល់​០ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា គឺ​មិន​មាន​វត្តមាន​របស់​លោក ហៅ សុជាតិ នៅលើ​ទីលាន​នោះទេ ដោយ​លោក លី វ៉ា​វី ដែលជា​គ្រូ​ជំនួយ​ដើរតួ​ធ្វើជា​គ្រូបង្វឹក​ជំនួស​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu