សេតវិមានកាលពីថ្ងៃសុក្របាននិយាយថា លោក ដូណាល់ ត្រាំ បើកចំហចំពោះគំនិតនៃការធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញថា លោកបានអញ្ជើញប្រធានាធិបតីអាមេរិករូបនេះ ហើយក៏ត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរសម្រាប់កិច្ចប្រជុំកំពូលដែលពន្យារពេលមួយនៅឆ្នាំក្រោយ។
បន្ទាប់ពីកិច្ចប្រជុំកំពូលមួយនៅទីក្រុង ហេលស៊ីនគី រវាងមេដឹកនាំទាំងពីរកាលពីសប្តាហ៍មុនបានបង្កឲ្យមានវិបត្តិនយោបាយនៅសហរដ្ឋអាមេរិកនោះ, លោកពូទីនបានថ្លែងថា ពួកគេគ្រោងនឹងជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលមួយក្នុងប្រទេសអាហ្សង់ទីននាចុងឆ្នាំនេះនិងអាចធ្វើទៅបាននៅកន្លែងផ្សេងទៀត។
ហើយថ្លែងនៅទីក្រុង Johannesburg កាលពីថ្ងៃសុក្រ, លោកពូទីនបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំត្រៀមខ្លួនរួចហើយដើម្បីទៅទីក្រុងវ៉ាស៊ីនតោន”។ លោកបានបន្ថែមថា លោកក៏បានអញ្ជើញលោក ត្រាំ ឲ្យមកធ្វើទស្សនកិច្ចទីក្រុងមូស្គូផងដែរ។
លោកពូទីនបាននិយាយបន្ទាប់ពីជំនួបកំពូលមួយនៃមេដឹកនាំក្រុម BRICS ដែលមានដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូងថា “លោក ត្រាំ មានបំណងចង់ដឹកនាំកិច្ចប្រជុំនាពេលអនាគតហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេច”។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា លក្ខខណ្ឌគួរតែត្រូវធ្វើឡើងដើម្បីឲ្យព្រឹត្តិការណ៍បែបនេះអាចកើតឡើងបាន។
ស្របពេលជាមួយគ្នានោះដែរ សេតវិមានបានឆ្លើយតបទៅវិញជាមួយសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “លោកប្រធានាធិបតី ត្រាំ កំពុងសម្លឹងឆ្ពោះទៅរកការនាំលោកប្រធានាធិបតីពូទីនមកកាន់រដ្ឋធានីវ៉ាស៊ីនតោនបន្ទាប់ពីឆ្នាំដំបូងហើយគាត់បើកទូលាយចំពោះដំណើរទស្សនកិច្ចទៅទីក្រុងមូស្គូនៅពេលទទួលបានការអញ្ជើញជាផ្លូវការមួយ”។
គួរបញ្ជាក់ជាថ្មីថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅរដ្ឋធានីរបស់ប្រទេសហ្វាំងឡង់ក្នុងខែនេះបានបង្កឲ្យមានចលាចលនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនដោយមានអ្នករិះគន់មួយចំនួនបានចោទប្រកាន់ប្រធានាធិបតីអាមេរិកថាបានក្បត់ផលប្រយោជន៍របស់អាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments