បាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយសេនាធិការចំរុះស្តីទីនិងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី បានអញ្ជើញសំណេះសំណាល ប្រកាសមុខងារ និងបំពាក់ឋានន្តរស័ក្ដិជូននាយទាហាន នៅបញ្ជាការយោធភូមិភាគទី៥ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោកហ៊ុន ម៉ាណែត បានអបអរសាទរនាយទាហានទាំងអស់ដែលបានទទួលនូវឋានន្តរស័ក្ដិ ដែលព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោកនិងយោធភូមិភាគទី៥ បានប្រគល់ការទុកចិត្តនិងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហានទាំងអស់ក្នុងការបំពេញភារកិច្ចតាមរយៈការដំឡើងឋានន្តរសក្ដិនិងមុខងារ ដែលនេះគឺជាការផ្ដល់តម្លៃនិងការលើកទឹកចិត្តដល់នាយទាហាន។
លោកបានថ្លែង កោតសរសើរនិងថ្លែងអំណរគុណចំពោះមេបញ្ជាការ ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលបានយកចិត្តទុកដាក់ក្នុងការខិតខំបំពេញភារកិច្ចដើម្បីសុខសន្តិភាពប្រជាពលរដ្ឋ និងការវាយតម្លៃតាមរយៈអតីតភាពការងារជំនាញ សមត្ថភាពការងារ ឆន្ទ: និងការទទួលខុសត្រូវដែលនេះគឺជាការលើកទឹកចិត្តដល់នាយទាហាន។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ តាមរយៈការផ្ដល់នូវឋានន្តរសក្ដិ និងមុខងារ ការលើកទឹកចិត្តនិងគោលនយោបាយផ្សេងៗដោយផ្ដោតទៅលើគោលដៅ២គឺកិត្តិយសនិងជីវភាពដែលធានានិរន្តរភាពក្នុងការបំពេញភារកិច្ចនិងផ្ទេរភារកិច្ចទៅដល់មនុស្សជំនាន់ក្រោយក្នុងការថែរក្សាសុខសន្តិភាពនិងបុព្វហេតុការពារជាតិមាតុភូមិ។ នេះគឺជាគោលនយោបាយនិងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះនាយទាហានដែលផ្អែកលើកត្តាពីរគឺកត្តាច្បាប់និងកត្តាមនោសញ្ជេតនា។
លោក ហ៊ុន ម៉ឆណែត មានប្រសាសន៍ថា នាយទាហានរបស់យើងមានការផ្ទេរបទពិសោធន៍ពីទាហានជំនាន់មុននិងបន្ទាប់ពីនេះទៅ នាយទាហានជំនាន់នេះផ្ទេរទៅនាហាន ពលទាហាន ជំនាន់ក្រោយៗទៀត។ សូមនាយទាហានវ័យចំណាស់ដែលមានបទពិសោធន៍ជួយណែនាំតម្រង់ទិសនាយទាហានបន្តវេន ការតែងតាំងត្រូវពិនិត្យលក្ខណៈសម្បត្តិ បទពិសោធន៍ការងារ អតីតភាពការងារ។ យើងរួមគ្នានិងលះបង់របស់បុគ្គលដើម្បីផលប្រយោជន៍រួម។
លោកក៏បានថ្លែងអំណរគុណនាយទាហាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការជើងគោក ភូមិភាគ ដែលបានខិតខំរកដំណោះស្រាយលើកទឹកចិត្តជូន នាយទាហាន និងពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ច មានភាពស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ដែលនាយទាហាន ពលទាហានប្រកាន់ខ្ជាប់ក្នុងនាមជាកងទ័ព។ នេះគឺជាគោលដៅធំរបស់កងកម្លាំងប្រដាប់អាវុធចំពោះសុខសន្តិភាពជាតិ៕
Source: Kampuchea Thmey Daily
0 Comments