ភ្នំពេញ ៖ បុរសវ័យ២៧ឆ្នាំម្នាក់ ដែលជាឈ្មួញកណ្ដាលផង ជាអ្នកដែលមានជំនាញឆបោកយ៉ាងចំណានម្នាក់ផង ត្រូវបាននាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញដោយស្ងាត់ៗកាលពីល្ងាចថ្ងៃទី ២៣កក្កដា ឆ្នាំ២០១៨ ដើម្បីកាត់ទោសពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់រហូតដល់ជាង១លានដុល្លារ ដែលផ្ដើមចេញពីមុខរបរទិញលក់ម៉ូតូរាប់រយគ្រឿងកាលពីឆ្នាំ២០១៧កន្លងទៅ។
ជនជាប់ចោទក្នុងរឿងក្ដីនេះឈ្មោះ ម៉ៅ សុខទី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះ លេខ២២ ផ្លូវលេខ១៩២ ក្រុមទី៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានមុខរបរបើកហាងលក់គ្រឿងតុបតែងម៉ូតូ និងរកស៊ីនាំចូលម៉ូតូពីប្រទេសថៃ យកមកលក់ឲ្យម៉ូយ ទិញយកទៅលក់រាយនៅក្នុងក្រុងភ្នំពេញ។
ក្នុងសំណុំរឿងដែលកាត់ទោសដោយចៅក្រមពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជំរះកាលពីល្ងាចថ្ងៃទី ២៤កក្កដា ឆ្នាំ២០១៨នេះ ត្រូវបានអ្នកទិញ លក់ម៉ូតូចំនួន៧នាក់ ដាក់ពាក្យបណ្ដឹងមកតុលាការកាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ពីបទក្បត់ទំនុកចិត្តដែលមានទឹកប្រាក់រហូតដល់ទៅជាង១លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះម៉ៅ សុខទី បានសារភាពគ្រប់រឿងដែលខ្លួនគេបានទទួលយកប្រាក់ពីជនរងគ្រោះចំនួន៧នាក់ ដែលជាអាជីវករទិញលក់ម៉ូតូរាប់សិបគ្រឿង ដែលជាចំណុចនៃការចាប់ផ្ដើមឆបោកប្រាក់ជាង១លានដុល្លារ តាមរូបភាពចំណាយទុនមុនដើម្បីបានប្រាក់ចំណេញជាក្រោយ។ នៅពេលដែលជនរងគ្រោះជឿស៊ប់នៅក្នុងរបរចំណេញប្រាក់ងាយៗនេះហើយទើបជនជាប់ចោទមានឱកាសលួងលោមឲ្យជនរងគ្រោះទាំងឡាយដាក់ទុនបន្ថែមក្នុងម្នាក់ៗរហូតដល់២០ ឬ ៣០ម៉ឺនដុល្លារ ដើម្បីទទួលបានប្រាក់ចំណេញច្រើនថែមទៀត ប៉ុន្តែមិនដូចការរំពឹងទុក នៅពេលដែលជនរងគ្រោះបានបន្ថែមទុនសរុបរហូតដល់ជាង១លានដុល្លារបែរជាត្រូវជនជាប់ចោទឈ្មោះម៉ោ សុខទី ស៊ីដាច់តែម្ដង ហើយថែមទាំងបដិសេធមិនទទួលស្គាល់នូវលិខិតស្នាមទទួលប្រាក់មួយចំនួន ដែលតុលាការបង្ហាញទៀតផង ហើយជនជាប់ចោទបានអះអាងថា ប្រាក់ដែលខ្លួនគេទទួលពីជនរងគ្រោះគឺបានបង្វិលទៅឲ្យថៅកែម៉ូតូឈ្មោះ ហេង ឆាយ ទាំងអស់ ប៉ុន្តែជនជាប់ចោទមិនមានឯកសារបញ្ជាក់ទេ។
នៅក្នុងសវនាការជនរងគ្រោះបានបង្ហាញពីរូបភាពនៃការឆបោកនេះថា ដំបូងឡើយឈ្មោះ ម៉ៅ សុខទី បានលួងលោមឲ្យជនរងគ្រោះទិញលក់ម៉ូតូដែលនាំចូលពីប្រទេសថៃដោយក្នុងមួយគ្រឿងអាចចំណេញប្រាក់បាន១១០ដុល្លារក្នុងមួយគ្រឿង។ មុនដំបូងជនជាប់ចោទបានប្រគល់ម៉ូតូអោយជនរងគ្រោះតាមការបញ្ជាទិញជាក់ស្ដែង ក្នុងនោះម្នាក់ៗទិញបានរាប់រយគ្រឿង។
នៅពេលដែលឃើញជនរងគ្រោះជឿស៊ប់ហើយ ឈ្មោះម៉ៅ សុខទីក៏បានជំរុញឲ្យជនរងគ្រោះម្នាក់ៗបន្ថែមទុនរហូតដល់២០ ទៅ៣០ម៉ឺនដុល្លារ ដើម្បីទិញម៉ូតូយកប្រាក់ចំណេញ ប៉ុន្តែមិនចាំបាច់យកម៉ូតូមកលក់ផ្ទាល់ទៀតទេ គឺម៉ូតូទាំងនោះគេបង្វិលទៅលក់តាមបណ្ដាខេត្តដោយបង្វិលតែប្រាក់ចំណេញអោយជនរងគ្រោះប៉ុណ្ណោះ។ ចំណែកប្រាក់ដើមគឺឈ្មោះ ម៉ៅ សុខទី រក្សាទុកដដែល។
តាមការបញ្ជាក់របស់ជនរងគ្រោះទាំងឡាយនៅក្នុងសវនាការ គឺនៅគ្រាចុងក្រោយឈ្មោះម៉ៅ សុខទី មិនបានឲ្យប្រាក់ចំណេញនិងប្រាក់ដើមវិញទេ ហើយចាប់ផ្ដើមគេចខ្លួនតែម្ដងទើបពួកគេដាក់ពាក្យប្ដឹងមកសមត្ថកិច្ចនិងតុលាការ។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពពីការទទួលប្រាក់របស់ជនរងគ្រោះទាំងអស់ ប៉ុន្តែបានទម្លាក់កំហុសទៅឲ្យជនម្នាក់ទៀតឈ្មោះហេង ឆាយ ដែលជាថៅកែលក់ម៉ូតូ ថាជាអ្នកធ្វើឲ្យមានបញ្ហានេះ។
ឈ្មោះហេង ឆាយ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរនៅក្នុងរឿងក្ដីនេះ ប៉ុន្តែមិនដឹងយ៉ាងមិចស្រាប់តែត្រូវគេដោះលែងស្ងាត់ៗបាត់ទៅ។
លោកឡុង ជាប តំណាងអយ្យការនៃរឿងក្ដីឆបោកនេះ បានធ្វើសេចក្ដីសន្និដ្ឋានបញ្ជាក់ថា អំពើរបស់ជនជាប់ចោទគឺមានចេតនាឆបោកជនរងគ្រោះ តាំងពីគ្រាដំបូងរហូតបានសម្រេចដូច្នេះលោកបានស្នើឲ្យចៅក្រមតុលាការប្ដូរបទចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តមកជាបទឆបោកវិញ និងផ្ដន្ទាទោសជនត្រូវចោទតាមច្បាប់។
លោកចៅក្រមពេជ្រ វិជ្ជា បានកំណត់យកថ្ងៃទី ០៦សីហា ឆ្នាំ២០១៨ខាងមុខដើម្បីប្រកាសសាលក្រម។
សូមរំលឹកថា ក្នុងរឿងក្ដីនេះកន្លងមកលោកចៅក្រម វ៉េង ហ៊ត់ បានសម្រេចចេញដីកាសម្រេចរឹបអូសបណ្ដោះអាសន្ន មិនឲ្យជនជាប់ចោទធ្វើការលក់ ដូរ ផ្ទេរ...នៅទីតាំងផ្ទះលេខ២០c ផ្លូវលេខ១៩២ និងមូលនិធិ ពាណិជ្ជកម្ម ទំនិញផលិតផល និងចលនទ្រព្យទាំងឡាយ នៃអាជីវកម្មឈ្មោះ Dreambike Store (DBS) ដែលមានទីតាំងនៅផ្ទះលេខ២០c ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួចហើយ ដើម្បីកុំឲ្យជនជាប់ចោទផ្ទេរកម្មសិទ្ធិឲ្យអ្នកដទៃ៕
Source: Kampuchea Thmey Daily
0 Comments