ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានអះអាងថា ការអំពាវនាវកុំឲ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំងទប់ស្កាត់ការប្រើប្រាស់ មិនមែនជាបទល្មើសទេ ប៉ុន្តែការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត គឺជាបទល្មើសដែលមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ឲ្យពិន័យជាប្រាក់ ហើយបើធ្ងន់ជាងនេះ ត្រូវទោសព្រហ្មទណ្ឌថែមទៀត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ និងបន្ទាប់ពីមានក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា (UN Special Rapporteur on Human Rights Situation in Cambodia Professor Rhona Smith) បានអះអាងថា ការអំពាវនាវឲ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ មិនមានបញ្ហាអ្វីទេ។
លោក គឹម សន្តិភាព លើកឡើងយ៉ាងនេះថា “ការអំពាវនាវកុំឲ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំង និងទប់ស្កាត់មិនឲ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ដែលអំពើរារាំងនេះពុំមែនជាបទល្មើសនោះទេ ព្រោះគ្មានច្បាប់ចែង។ រីឯការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ក៏ជាការរារាំង និងទប់ស្កាត់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតផងដែរ តែអំពើរារាំងនេះ គឺជាបទល្មើស ដែលមានចែងក្នុងច្បាប់ ត្រង់មាត្រា១៤២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ផាកពិន័យជាប្រាក់ពី៥លាន ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ តែបើការរារាំងនេះ មានភ្ជាប់ជាមួយនូវអំពើហិង្សា ឬគំរាមកំហែង នោះ ជាអំពើល្មើសបន្ថែមទៀត ដែលកំណត់ឲ្យផ្តន្ទាទោសក្នុងច្បាប់ព្រហ្មទណ្ឌ ជាពិសេសក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះ ការរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាបទល្មើសដែលមានច្បាប់ចែងច្បាស់លាស់ ទាំងក្នុងច្បាប់បោះឆ្នោត និងច្បាប់ព្រហ្មទណ្ឌ ត្រង់ថាអនុវត្តតាមច្បាប់ណាជាក់ស្តែង គឺអាស្រ័យលើសកម្មភាពនៃអំពើរារាំងនោះតែប៉ុណ្ណោះ”។
សូមបញ្ជាក់ថា មាត្រា១៤២ នៃច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ជាក់ថា ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត, បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត, ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សា ទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ, រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត, រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់, ធ្វើឲ្យបាត់ទំនុកចិត្តលើការសំងាត់នៃការបោះឆ្នោត, ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន, បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន, ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត, ទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាស, ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្ម ដែលបានចែងក្នុងកថាខណ្ឌទី១ ខាងលើ ចំពោះជនដែលបានប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ៕
Source: Kampuchea Thmey Daily
0 Comments