ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League បានប្រកាសចែកផ្លូវជាមួយកីឡាករTsotleho JANE ហៅក្រៅថាSunny ជាខ្សែប្រយុទ្ធនៅក្នុងក្រុមជម្រើសជាតិនៃប្រទេសឡេសូតូ ក្នុងភាគខាងត្បូងទ្វីបអាហ្វ្រិក កាលពីចុងសប្ដាហ៍កន្លងទៅពោលគឺមុនបញ្ចប់រដូវកាល២០១៨ចំនួន៤ប្រកួត។
មូលហេតុនៃការចែកផ្លូវគ្នារវាងក្លិបភ្នំពេញក្រោន និងកីឡាករ Sunny នោះគឺដោយសារតែរូបគេមានកាតព្វកិច្ចត្រូវបំពេញជាមួយក្រុមជម្រើសជាតិនៅដើមខែកញ្ញា និងខែតុលាខាងមុខនេះជាប់ៗគ្នា ពោលគឺចំពេលលីគកម្ពុជា ត្រូវបញ្ចប់រដូវកាលទៅហើយ។ មុនចាកចេញពីប្រទេសកម្ពុជាខ្សែប្រយុទ្ធរូបនេះបានលើកឡើងថា៖« ខ្ញុំសូមជូនពរដល់មិត្តរួមក្រុមទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រកួតដែលនូវសេសសល់នាពេលខាងមុខ ពួកគេពិតជាមិត្តរួមក្រុមដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំនៅកម្ពុជានេះជាមួយពួកគេ»។
កីឡាករ Sunny បានចូលរួមជាមួយភ្នំពេញក្រោនកាលពីដើមខែកុម្ភះ កន្លងទៅបានបន្តថា « រយៈពេលកន្លងមកដែលខ្ញុំនៅប្រទេសកម្ពុជា ខ្ញុំមើលឃើញថា ប្រជាជនកម្ពុជា ពិតជាមានភាពរួសរាយរាក់ទាក់ ចិត្តល្អ ហើយខ្ញុំខ្លួនឯងផ្ទាល់ពិតជាសប្បាយចិត្តណាស់ដែលរស់នៅទីនេះ ព្រោះខ្ញុំបានស្គាល់មិត្តភក្តិថ្មីៗដែលល្អ រៀនសូត្រអំពីប្រពៃណីវប្បធម៌កម្ពុជា។ នេះវាមិនមែនជាពាក្យលាសម្រាប់ខ្ញុំនោះទេ ខ្ញុំនឹងមកទីនេះម្តងទៀត ព្រោះខ្ញុំមានមិត្តភក្តិច្រើនណាស់នៅទីនេះ ។ ជាចុងក្រោយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាម្តងទៀត»។
សូមរំលឹកថា កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានចាប់កំណើតនៅរាជធានី Maseru នៃប្រទេសរបស់ខ្លួន។ រូបគេ បានចាប់ផ្តើមចូលហ្វឹកហាត់បាល់តាំងពីអាយុ៤ឆ្នាំ បន្ទាប់មកបានចូលលេងនៅក្លិប Ranger FC (ពីឆ្នាំ១៩៩៥-១៩៩៨) រួចបានប្តូរទៅលេងនៅក្លិប Emmanuel FC ពីឆ្នាំ១៩៩៨-២០០៣ ។ កីឡាករ Sunny បានផ្លាស់ទៅរស់នៅទីក្រុង Louisville Kentucky របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៤ ហើយនៅលើទឹកដីថ្មីរូបគេបានចូលរួមលេងឲ្យក្រុមប្រចាំមហាវិទ្យាល័យ Maryland Terrapin ពីឆ្នាំ២០១០-២០១៣ ក៏ដូចជាក្លឹប United FC ក្នុងឆ្នាំ២០១៣ ទើបប្តូរទៅលេងនៅលីគទី២ អាមេរិកជាមួយក្លិប Wilmington Hammerheads ពីឆ្នាំ២០១៤-២០១៥ ព្រមទាំងក្លិប Richmond Kickers ក្នុងឆ្នាំ២០១៦ កន្លងមក។ កីឡាកររូបនេះបានជាប់ជម្រើសជាតិនៃប្រទេសឡេសូតូ តាំងតែពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នថែមទៀតផង។
ដូច្នេះនេះជាការចាកចេញរបស់កីឡាករបរទេសទី២នៅក្នុងក្លិបភ្នំពេញក្រោន បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិអ៊ីរ៉ង់ កាលពីដើមខែសីហា នេះ។ ភ្នំពេញក្រោន នៅកីឡាករបរទេស៣នាក់ប៉ុណ្ណោះ ក្នុងបញ្ជីដោយក្នុងនោះមានខ្សែការពារ Jonny Campbell ជនជាតិអាមេរិក ខ្សែប្រយុទ្ធប្រេស៊ីល Valci Júnior និងកីឡាករ Atsushi Shirota ជនជាតិជប៉ុន៕
Source: Kampuchea Thmey Daily
0 Comments