ភ្នំពេញ ៖ វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល (CamEd) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំធ្វើបទបង្ហាញស្តីអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងការប្រមូលឈាម ក្រោមអធិបតីភាពរបស់ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម និងការប្រមូលឈាមបានបញ្ជាក់ថា តាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងប្រទេសកម្ពុជាយើងឈាមប្រមាណ១៥០ប្លោក ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺនៅទូទាំងប្រទេស។ បច្ចុប្បន្នចំនួននៃការបរិច្ចាគឈាម គឺនៅមានកម្រិតនៅឡើយ ដោយសារតែកង្វះខាតនៃការយល់ដឹងស្តីអំពីការបរិច្ចាគឈាម។ ដូច្នេះវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល សហការជាមួយក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិត របស់វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល (CamEd) ទាំងអស់ បានសិក្សាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម សម្រាប់ខ្លួនគាត់ផ្ទាល់ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល។
បន្ទាប់ពីបានធ្វើការសិក្សាស្វែងយល់យ៉ាងលម្អិត អំពីអត្ថប្រយោជន៍នៃការផ្តល់ឈាមពីសំណាក់មន្ត្រីតំណាងរបស់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមរួចមក លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតរបស់វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ប្រមាណជាង១០០នាក់ បានស្ម័គ្រចិត្តចូលរួមធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមបំពេញនូវតម្រូវការឈាមដែលចាំបាច់សម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ។
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល (CamEd) គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ ដែលមានការទទួលស្គាល់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ដែលជាកម្មសិទ្ធិ និងគ្រប់គ្រងដោយជនជាតិអាមេរិកមួយរូប បានកំពុងផ្តល់នូវវគ្គសិក្សា និងបណ្តុះបណ្តាលលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម៕
Source: Kampuchea Thmey Daily
0 Comments