Ad Code

កាមរី​ហើម​ ថើប​គូទ​គោយន្ត​ បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់​ ៣​នាក់​ទៀត​របួសធ្ងន់​ស្រាល ​នៅ​ស្រុក​អូរ​ជុំ



រតនគិរី​ ៖ ​ រថយន្ត​កាមរី​ហើម​មួយ​គ្រឿង​បោល​បុក​គូទ​គោយន្ត​កែច្នៃ​ចត​លើ​ចិញ្ចើម​ផ្លូវជាតិ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្មេងស្រី​ម្នាក់​ បាន​ស្លាប់​ និង​៣​នាក់​ផ្សេង​ទៀត​របួសធ្ងន់​ស្រាល។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​៥៨​នាទី​ព្រឹក ថ្ងៃ​អង្គា​រ ១២​កើត​ ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ត្រង់ចំណុច​ទល់មុខ​ផ្ទះ​ជាង​ខុម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A ស្ថិតនៅ​ភូមិ​ប៉ា​អរ ឃុំ​​ឯកភាព ស្រុក​អូរ​ជុំ។​

​នគរបាល​ប៉ុស្តិ៍​ឯកភាព​បាន​ឲ្យ​ដឹងថា ជន​បង្ក​ឈ្មោះ ប៉េង សុខលី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​កា​តែ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ាវ​ដាវ ខេត្តរតនគិរី រងរបួស​ស្រាល​។ បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2257 ក្នុងទិសដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច ខណៈ​ពេលនោះ​អ្នកបើកបរ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​គូទ​គោយន្ត​កែច្នៃ​កំពុង​ចត​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​។​ ចំណែក​អ្នក​រួម​ដំណើរ​នៅក្នុង​រថយន្ត ទី​១​ប្រពន្ធ​ឈ្មោះ ខាំ ស្រី​ណុំ អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួស​ធ្ងន់​(​សន្លប់​)។ ទី​២​កូនស្រី​ឈ្មោះ លី ស្រី​ពី អាយុ​៥​ខែ​(​ស្លាប់​)។ ទី​៣​ប្អូន​ឈ្មោះ ខាំ សុខុម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ជាមួយគ្នា បាន​រង​របួស​ធ្ងន់​​លើ​ផ្ទៃមុខ​ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​

​នគរបាល​ប៉ុស្តិ៍​បន្ត​ថា ជនរងគ្រោះ​ជា​ម្ចាស់​គោយន្ត​មានឈ្មោះ អឿ ភា​រុណ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ទួល ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ខេត្ត​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​យក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu