Ad Code

លោក Trump និង​ប្រទេស​អ៊ីរ៉ង់​បង្កជម្លោះ​យ៉ាង​ខ្លាំង​តាមរយៈ Twitter



ភាព​តានតឹង​កំពុងតែ​កើនឡើង​រវាង​លោក Donald Trump និង​ប្រទេស​អ៊ីរ៉ង់​ដោយ​ការ​បង្ហោះ Twitter របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដែល​គំរាមកំហែង​ទីក្រុង​តេ​រ៉ង់​ត្រូវ​ជួបប្រទះ​នឹង​ការឆ្លើយតប​ដ៏​សាហាវ​ស្រដៀង​គ្នា​កាលពី​ថ្ងៃ​ចន្ទ​។​

ការ​បង្ហោះ Twitter ព្រមាន​របស់លោក Trump នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទៅកាន់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាន​បង្ក​ឲ្យ​មាន​សំណួរ​ជាច្រើន​អំពី​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។​

សហរដ្ឋអាមេរិក​ត្រូវបាន​គេ​សង្ស័យថា​បាន​គាំទ្រ​គំនិត​នៃ​ការផ្លាស់ប្តូរ​របប​នេះ​ប៉ុន្តែ​អ្នកវិភាគ​បាន​និយាយថា គោលជំហរ​នាពេល​បច្ចុប្បន្ន​របស់​អាមេរិក​អាចជា​ការប៉ុនប៉ង​បង្វែ​ការយកចិត្តទុកដាក់​ក្រោយពី​មាន​ព័ត៌មាន​សំខាន់​មួយ​សប្តាហ៍​ជុំវិញ​កិច្ចប្រជុំ​កំពូល​របស់លោក Trump ជាមួយ​លោក Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​និង​កង្វះ​នៃ​ការវិវត្ត​លើ​ប្រទេស​កូរ៉េខាងជើង​។​

ការប៉ះទង្គិច​គ្នា​នេះ​បានចាប់ផ្តើម​នៅពេល​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​ព្រមាន​ថា លោក Trump “​មិនត្រូវ​លេង​ជាមួយ​កន្ទុយ​តោ​ទេ​” ដោយ​និយាយថា ជម្លោះ​ជាមួយ​អ៊ីរ៉ង់​នឹង​បង្ក​ឲ្យ​មាន “​ម៉ែ​សង្គ្រាម​” ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ពី​សំណាក់​មេដឹកនាំ​អាមេរិក​។​

ការឆ្លើយតប​របស់​មេ​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បានធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ការដែល​គាត់​ធ្វើ​ដាក់​ប្រទេស​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន​។​

លោក Trump បាន​ព្រមាន​លោក Rouhani នៅលើ Twitter ថា “​កុំ​គំរាមកំហែង​សហរដ្ឋអាមេរិក​ម្ដងទៀត​ឲ្យ​សោះ​បើ​មិន​ដូច្នេះ​ទេ​អ្នកនឹង​ទទួលរង​ផលវិបាក​ដូចដែល​មនុស្ស​មួយចំនួន​ធ្លាប់​បានទទួល​រួចមកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​។ យើង​មិនមែនជា​ប្រទេស​ដែល​ទ្រាំ​ជាមួយនឹង​ពាក្យសម្ដី​ឆ្កួត​លីលា​របស់​អ្នក​ដែល​ចង់​បង្ក​ហិង្សា​ឲ្យ​មានការ​ស្លាប់​នោះទេ​។ សូម​ប្រុងប្រយ័ត្ន​!”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ពីរ​បី​ម៉ោង​ក្រោយមក រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​វាយបក​មកវិញ​។ លោក Zarif បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា “​យើង​បាន​នៅ​អស់​រយៈពេល​មួយ​សហស្ស​វត្សរ៍​និង​បានឃើញ​ការដួលរលំ​នៃ​ចក្រភព​នានា​រួមទាំង​របស់​យើង​ផងដែរ​ដែលមាន​រយៈពេល​ច្រើនជាង​ជីវិត​នៃ​បណ្តា​ប្រទេស​មួយចំនួនទៀត​”​។​
​ខណៈពេលដែល “​ជំហរ​ដ៏​ស្វិតស្វាញ​” របស់លោក Trump ត្រូវបាន​សាទរ​ដោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នោះ​, វា​ក៏បាន​បង្ក​ឲ្យ​មាន​ចម្ងល់​ជាច្រើន​អំពី​អត្ថន័យ​និង​ផលប៉ះពាល់​ពិតប្រាកដ​របស់​វា​ផងដែរ​។​

នៅពេល​សាកសួរ​អំពី​ហេតុផល​ជំរុញ​របស់លោក​ប្រធានាធិបតី​, អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា លោក​ប្រធានាធិបតី​បាន​ផ្តោតលើ​សុវត្ថិភាព​និង​សន្តិសុខ​របស់​ប្រជាជន​អាមេរិក​ហើយ​ធានាថា ប្រទេស​អ៊ីរ៉ង់​មិន​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu