Ad Code

នគរបាល​ខេត្ត​ សម្តែង​ការ​ព្រួយ​បារ​ម្ភ ក្រោយ​ពិនិត្យ​ឃើញ​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​ផ្សារ​លើ​ធំថ្មី



សៀមរាប ​៖ ​ស្នងការ​រង​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​ឧ​ត្ត​ម សេនីយ៍​ត្រី​ភឹង សម្បត្តិ បាន​បង្ហាញ​ការ​ព្រួយ​បារ​ម្ភ ​ចំពោះ​គ្រោះ​អគ្គិភ័យ ក្នុង​ផ្សារ​លើ​ធំថ្មី ក្រោយ​ពិនិត្យ​ឃើញ​តូប​លក់ដូរ​ក្នុង​ផ្សារ​មួយ​នេះ ​មាន​រហូត​ជាង​១០០០​កន្លែង​ឯ​បំពង់​ពន្លត់​អគ្គិ​ស​ភ័យ​មាន​ត្រឹម​ជាង​១០០​កន្លែង​។

ការ​បង្ហាញ​ជំហរ​បែបនេះ​គឺ បន្ទាប់ពី​នគរបាល​ជំនាញ​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការ ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​អំពី​បញ្ហា​អគ្គិភ័យ នៅ​ផ្សារលើ​ធំ​ថ្មី នា​ព្រឹក​ថ្ងៃទី​២១ ​ខែកក្កដា ហើយ​បានឃើញ​ភាព​អវិជ្ជមាន​ជាច្រើន ពាក់ព័ន្ធ​ការ​បំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​។



លោក​បាន​បន្ថែម​ថា ផ្សារ​លើ​ធំថ្មី ជា​ផ្សារ​ធំ​ជាង​គេ នៅ​ខេត្តសៀមរាប ប៉ុន្តែ​ការបំពាក់​បំពង់​ពន្លត់​អគ្គិភ័យ​នៅ​មាន​កម្រិត​ទាប ខុសពី​ផ្សារ​ដទៃទៀត​។ ពោលគឺ​ផ្សារ​លើ​ធំថ្មី​នេះ មាន​ជាង​១​ពាន់​តូប ប៉ុន្តែ​បំពង់​សម្រាប់​ពន្លត់​អគ្គិភ័យ មាន​ជាង​១០០​ប៉ុណ្ណោះ នេះ​ជា​ចំណុចខ្សោយ​របស់​ផ្សារ​។



ក្នុង​នោះ​ដែរ មន្ត្រី​ជំនាញ​ក៏បាន​ណែនាំ​ពន្យល់​អំពី​ហានិភ័យ ជូន​ដល់​ម្ចាស់​ផ្សារលើ​ធំ​ថ្មី​និង ម្ចាស់​អាជីវករ ដែល​ស្ថិត​នៅជាប់​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្រុង​សៀមរាប​។



ជាមួយ​ការ​បារ​ម្ភ​នេះ នាយ​កា​រិ​យាល័យ បង្ការ​និង​ពន្លត់​អគ្គិ​ស​ភ័យ លោក​វរសេនីយ៍ទោ សេន សុវណ្ណនី ក៏បាន​ស្នើសុំ​ដល់​ប្រធាន​ផ្សារ​ឲ្យ​មានការ​រៀបចំ​ឡើងវិញ ត្បិត​ផ្លូវ​ចូល​ផ្សារ​លើ​ធំថ្មី ប៉ែក​ខាងលិច​ខាងកើត​និង​ខាងត្បូង ត្រូវ​បាន​អាជីវក​លក់ដូរ និង​យក​ធ្វើជា​កន្លែង​ផ្ញើម៉ូតូ​កង់ យ៉ាង​អនាធិបតេយ្យ​បំផុត ដែល​ជា​ការ រារាំង​ធំ​បំផុត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​។ ព្រោះ ថា​បញ្ហា​នេះ បើសិនជា​កើតមាន ហានិភ័យ ណាមួយ​កើតឡើង​នោះ រថយន្ត​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ មិនអាច​បើកចូលទៅ​បាញ់​ទឹក​ពន្លត់​បាន​នោះឡើយ​។



ករណីនេះ ក្រុមការងារ គណៈកម្ម​ការ​ផ្សារលើ​ធំថ្មី ទទួលស្គាល់​ថា ជា​រឿង​ពិត ដែល​ផ្លូវ​ចូល​ផ្សារ មាន​ភាព​ចង្អៀត ផ្ទុយ​ពី​ពេល​កន្លង​មក​ផ្លូវ​ព័ទ្ធ​ជុំវិញ​ផ្សារ​មាន​ទទឹង​ជាង​៦​ម៉ែត្រ​។

ទោះ​យ៉ាង​ណា​លោកស្រី​មាឃ ច​ន្ទ័​មុនី​រម្យ អនុប្រធាន​គ​ណៈ​កម្ម​ការ​ផ្សារលើ​ធំថ្មី បញ្ជាក់​ថា នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ចូល​ផ្សារ ទំហំ​៦​ម៉ែត្រ​ឡើងវិញ​ក្នុងពេល​ខាងមុខនេះ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu