Ad Code

សម្តេច​ហ៊ុនសែន​ ​ដឹកនាំ​សមាជិក​២៥​ម៉ឺន​នាក់​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ



ភ្នំពេញ ​៖ ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចេញ​ដឹកនាំ​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ដែលមាន​សមាជិក សមាជិកា​ប្រមាណ ២៥​ម៉ឺន​នាក់ ដើម្បី​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នា​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៨។​

យោងតាម​លិខិត​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ញើ​ទៅកាន់​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រាជធានី​-​ខេត្ត​នា​ពេល​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ការដឹកនាំ​ក្បួន​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នេះ ​បាន​ធ្វើ​ការ​ជួបជុំ​ព្រមទាំង​ដង្ហែ​ក្បួន​ចេញពី​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ។
​ ​
លិខិត​ដដែល​នេះ​បាន​គូសបញ្ជាក់ថា​​ ​មុននឹង​ចេញ​ដង្ហែ​ក្បួន ​សម្តេច​ប្រមុខ​បក្ស​កាន់អំណាច​​​​ បាន​ថ្លែង​សារ​នយោបាយ​ជូន​មហាជន​ ហើយ​ការ​ថ្លែង​សារ​នេះ​ បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត ដែល​បក្ស​បាន​ជួល​រួចរាល់​ហើយ​នោះ​។​

ការ​ចេញ​ដឹកនាំ​ក្បួន​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨ របស់​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការដឹកនាំ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ជា​លើក​ទី​ពីរ។ កាលពី​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ នា ខែមិថុនា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​ដឹកនាំ​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ផងដែរ​។​

បើ​យោងតាម​ការជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​ការជួបជុំ និង ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ដោយមាន​ការជួបជុំ​សមាជិក​រហូតដល់​ប្រមាណ ២៥០ ០០០​នាក់ ។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ​៖​ បន្ទាប់ពី​ការជួបជុំ​សមាជិក​រួច​គណបក្ស​ប្រជាជន​ នឹង​ដង្ហែ​ទៅតាម​មហាវិថី​កម្ពុជា​ក្រោម ,​មហាវិថី​សម្ដេច​មុនី​រ៉េត ,​កំណាត់​វិថី​សម្ដេច​សុធារស ,​កំណាត់​មហាវិថី​ម៉ៅ​សេទុង​, កំណាត់​មហាវិថី​ព្រះមុនីវង្ស​, កំណាត់​មហាវិថី​ព្រះសីហនុ​, វិថី​ព្រះស៊ីសុវត្ថិ និង ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ ​ ​ ​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ​ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិ​រិ​វិថី និង​ផ្លូវ​សំខាន់ៗ​មួយចំនួន​ខាងលើ​មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន បើសិន​មិនចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​ជួបជុំ​និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនេះ​។​

ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏មាន​គណបក្សនយោបាយ​៥​ផ្សេងទៀត​បានចេញ​ដង្ហែ​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ផងដែរ​។ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

របាយការណ៍​បាន​ឲ្យ​ដឹងថា​គណបក្សនយោបាយ​ទាំង​៥​នោះ​រួមមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​ក្រោក​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ បើតាម​របាយការណ៍​ដ​ដែល​នេះ​បាន​ឲ្យ​ដឹងថា ការ​ដង្ហែ​ក្បួន​បិទ​បញ្ចប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​អ្នកចូលរួម​សរុប​ទាំងអស់​ជាង ៣២​ម៉ឺន​នាក់ និង​មាន​រថយន្ត​ចំនួន ៣.៦៧០​គ្រឿង ម៉ូតូ​កង់​បី​ជិត ១​ពាន់​គ្រឿង និង​ម៉ូតូ​ជាង ៨​ពាន់​គ្រឿង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu