កីឡាករជើងចាស់ចំនួន ៨ នាក់ ត្រូវបានដាក់ឲ្យប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់ ១០ លានរៀល នៅសង្វៀន SEATV ក្រោមការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ Ganzberg។ ការប្រកួតនេះ នឹងត្រូវធ្វើឡើងរៀងរាល់យប់ថ្ងៃសៅរ៍ ដោយមានរយៈពេល ១១ សប្តាហ៍ ហើយក្នុងវគ្គជម្រុះសន្សំពិន្ទុឆ្ពោះទៅដណ្តើមប្រាក់ ១០ លានរៀលនេះ តម្លៃខ្លួនកីឡាករ គឺអ្នកឈ្នះ ១៥០ ដុល្លារ និងអ្នកចាញ់បាន ១០០ ដុល្លារ។
លោក ញាន សុធី អ្នករៀបចំកម្មវិធីប្រដាល់នៅសង្វៀន SEATV បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា ការប្រកួតមួយលើកៗមានតែ ២ គូ និងមានអមជាមួយគូអន្តរជាតិ ហើយព្រឹត្តិការណ៍នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃសៅរ៍ ទី ៤ ខែសីហា ឆ្នាំ ២០១៨ នឹងគ្រោងបញ្ចប់នៅថ្ងៃសៅរ៍ ទី ៦ ខែតុលា ឆ្នាំ ២០១៨។
តាមលោក រាជ សុផែន ប្រធានផ្គូផ្គងកីឡាករប្រដាល់ប្រចាំសង្វៀន SEATV បានប្រាប់ថា សមាសភាពអ្នកប្រដាល់ទាំង ៨ នាក់ ដែលគ្រោងដាក់ឲ្យប្រកួតដណ្តើមប្រាក់រង្វាន់ ១០ លានរៀលនោះ ត្រូវចែកការប្រកួតជា ២ ពូល ក្នុងនោះពូល A មានកីឡាករ ហុង ជីវ៉ុង, មុត ខ្លឹមខ្មៅ (ឯម ខ្លឹមខ្មៅ) មាស សុជាតិ និង ហ៊ឹម សារ៉ាន់។ ចំណែកពូល B មាន ង៉ែត រដ្ឋា, អ៊ុំ វណ្ណាត, សេក គឹមរួន និងកីឡាករ ហួន សុខនីម។
ចំណែករូបមន្តនៃការប្រកួតវិញ គឺកីឡាករឈរនៅពូល A ត្រូវប្រកួតជម្រុះវិលជុំសន្សំពិន្ទុជាមួយកីឡាករ ៤ រូបទៀត ឈរនៅពូល B។ មានន័យថា កីឡាករឈរនៅពូលជាមួយគ្នា មិនជួបគ្នាទេ ហើយក្រោយការប្រកួតវិលជុំចំនួន ៤ លើកដូចគ្នាបានបញ្ចប់ គឺអ្នកមានពិន្ទុខ្ពស់ជាងគេនៅតាមពូលទាំង ២ ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រតែម្តង គឺគ្មានវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ។
លោក ញាន សុធី បានបន្ថែមថា៖ «ការប្រកួតពានរង្វាន់ប្រាក់លាន Ganzberg នេះ ជាយុទ្ធសាស្ត្រទាក់ទាញថ្មី មានគោលបំណងលើកស្ទួយប្រាក់ចំណូលកីឡាករជើងចាស់កម្ពុជាមួយចំនួន ឲ្យមានការចាប់អារម្មណ៍ ងាកមកប្រកួតស្វិតស្វាញ ជក់ចិត្តដិតអារម្មបំផុតមិនចាញ់ការប្រកួតលក្ខណៈអន្តរជាតិនោះឡើយ ព្រោះតម្លៃខ្លួនប្រកួត និងប្រាក់រង្វាន់កាន់តែច្រើនជាងមុន ហើយការសម្រិតសម្រាំងសមាសភាពកីឡាករ មានសមត្ថភាព និងកម្រិតបច្ចេកទេសប្រហាក់ប្រហែលគ្នា»។
លោកបញ្ជាក់បន្ថែមថា៖ «ជាមួយនឹងការរៀបចំកីឡាករបានល្អនោះ អ្នកឧបត្ថម្ភកម្មវិធី ប្រកួត Ganzberg និងខាងទូរទស្សន៍អាស៊ីអាគ្នេយ៍ ព្រមទាំងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែ នឹងសម្រិតសម្រាំងត្រួតពិនិត្យការកាត់ក្តីរបស់ចៅក្រម ឲ្យផ្តល់យុត្តិធម៌មានភាពសុក្រឹត ទទួលបានការគាំទ្រពីមហាជន។ ចំណែក ប្រាក់រង្វាន់វគ្គផ្តាច់ព្រ័ត្រ គឺលេខ ១ បាន ១០ លានរៀល និងលេខ ២ បានតែ ២ លានរៀលប៉ុណ្ណោះ ដើម្បីឲ្យដាច់ឆ្ងាយពីគ្នាធ្វើឲ្យការប្រកួតកាន់តែស្វិតស្វាញ»៕
Source: Kampuchea Thmey Daily
0 Comments