បាត់ដំបង ៖ ស្ពានវត្តគរ ក្នុងខេត្តបាត់ដំបង កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរទៅនឹងហានិភ័យ ដោយសារតែសភាពនៃការបាក់ស្រុត កាន់តែមានសន្ទុះខ្លាំងឡើងៗ ក្រោយពីទឹកជំនន់បានស្រកផុតទៅ ហើយក៏ស៊ីសង្វាក់គ្នាជាមួយនឹងអង្គភាពជំនាញផងដែរ ដែលហាក់ដូចជាមិនសូវយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានលេសមួយថា « អត់លុយ »។
គួររំលឹកដែរថា ស្ពានវត្តគរ បានសាងឡើងដោយមូលនិធិ នៃរាជរដ្ឋាភិបាល កម្ពុជាដែលផ្សារភ្ជាប់ពីភូមិវត្តតាមិម ទៅភូមិវត្តគរ ដោយឆ្លងកាត់លើដងស្ទឹងសង្កែ ឆ្ពោះចេញពីខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន នាខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ តាមរយៈផ្លូវជាតិលេខ ៥៧នេះ។
មួយរយៈពេលដ៏វែងអន្លាយមកនេះ ក្បាលស្ពានវត្តគរ ត្រើយខាងកើតបាននិងកំពុងឲ្យមានការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ដែលការបាក់ដីនេះបានរាលដាលដល់ខឿនក្បាលស្ពានតែម្តង ដោយតម្រូវអោយអ្នកធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារ តែផ្លូវដែលត្រូវធ្វើដំណើរមានជង្ហុក នៃការបាក់ដីលូតចូលមកដល់ លើចិញ្ចើមផ្លូវទៅហើយ។
កន្លងមក លោក ចាន់ សំបូរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ធ្លាប់បាននិយាយថា មន្ទីរមិនទាន់មានលទ្ធភាពជួសជុលនៅឡើយទេ ដោយសារតែគ្មានលុយ ហើយគម្រោងមិនទាន់ធ្លាក់មកដល់ ដូច្នេះមន្ទីរបានត្រឹមតែចាក់ដីជាបណ្តោះអាសន្ន។
ប៉ុន្តែផ្ទុយទោវិញ ដីរាប់សិបឡានដែលមន្ទីរដឹកយកមកចាក់នោះ មិនខុសអីពីយកអំបិលទៅចាក់ចោលក្នុងទឹកយ៉ាងដូច្នេះដែរ ព្រោះទឹកជំនន់មួយប្រាវនេះ បានទាញយកដីនោះទៅអស់ហើយ ថែមទាំងបង្កើនល្បឿននៃការបាក់ស្រុតយ៉ាងលឿនថែមទៀត ដែលជាកត្តាដ៏សំខាន់របស់មន្ទីរជំនាញ បើមិនបានយកចិត្តទុកដាក់ទេនោះ ព្រោះបច្ចុប្បន្នគេគ្រាន់តែឃើញក្រុមការងារយកប៉ាយ និងធុងសាំង មកតម្រៀបតាមបណ្តោយផ្លូវដែលកំពុងបាក់ស្រុតនេះ ដើម្បីអោយអ្នកធ្វើដំណើរគេចពីរណ្តៅមរណៈ៕
Source: Kampuchea Thmey Daily
0 Comments