Ad Code

រលក​កម្ដៅ​មិន​ធ្លាប់​មាននៅ​ជប៉ុន​ បានសម្លាប់​មនុស្ស​៦៥​នាក់​ត្រឹម​មួយ​សប្តាហ៍



រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា រលក​កម្ដៅ ​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រទេស​ជប៉ុន​បានសម្លាប់​មនុស្ស​យ៉ាងតិច​៦៥​នាក់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ ខណៈ​ភ្នាក់ងារ​អាកាសធាតុ​ឥឡូវនេះ​ បាន​ចាត់ទុក​អាកាសធាតុ​បំបែក​កំណត់ត្រា​នេះ​ថា​ជា “​គ្រោះមហន្តរាយធម្មជាតិ​”​។

ភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ​និង​គ្រោះមហន្តរាយ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​គិត​ត្រឹម​ថ្ងៃអាទិត្យ មនុស្ស​យ៉ាងតិច​៦៥​នាក់​បាន​ស្លាប់​ដោយសារ​រលក​កំដៅ​ខណៈ​២២,៦៤៧​នាក់​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​។​

អ្នកនាំពាក្យ​ភ្នាក់ងារ​នេះ​បាន​ប្រាប់ AFP ថា តួលេខ​ទាំងពីរ​នេះ​គឺ “​អាក្រក់​បំផុត​មិន​ធ្លាប់មាន​សម្រាប់​សប្ដាហ៍​ណា​មួយ​ក្នុងអំឡុង​រដូវក្តៅ​” ចាប់តាំងពី​ទីភ្នាក់ងារ​នេះ​បានចាប់ផ្តើម​កត់ត្រា​ចំនួន​អ្នកស្លាប់​ដោយសារ​រលក​កំដៅ​ក្នុង​ខែកក្កដា​ឆ្នាំ​២០០៨​មក​។​

ទីភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ​និង​គ្រោះមហន្តរាយ​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា មនុស្ស​សរុប​ចំនួន​៨០​នាក់​បាន​ស្លាប់​ដោយសារ​កំដៅ​ចាប់តាំងពី​ដើមខែ​កក្កដា​មក​និង​ជាង​៣៥,០០០​នាក់​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​។

ក្នុងចំណោម​អ្នកស្លាប់​គឺមាន​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ដែល​បាន​បាត់បង់​ស្មារតី​នៅតាម​ដងផ្លូវ​។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជាន់ខ្ពស់​លោក Yoshihide Suga បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​អង្គា​រថា “​ខណៈពេល​រលក​កំដៅ​នៅតែ​បន្ត​គ្របដណ្ដប់​ប្រទេស​នោះ វិធានការ​ជាបន្ទាន់​គឺ​ត្រូវបាន​ទាមទារ​ដើម្បី​ការពារ​ជីវិត​របស់​ក្មេងៗ​សិស្សសាលា​”​។​

រដ្ឋាភិបាល​បាន​និយាយថា ខ្លួន​នឹង​ផ្តល់​មូលនិធិ​ដើម្បី​ធានាថា សាលារៀន​ទាំងអស់​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ត្រឹម​រដូវក្តៅ​ខាងមុខនេះ​។​

កាលពី​ថ្ងៃ​ចន្ទ ទីក្រុង Kumagaya នៃ​តំបន់ Saitama នៅ​ខាងក្រៅ​ទីក្រុង​តូ​ក្យូ​គឺ​បាន​បង្កើត​កំណត់ត្រា​កំដៅ​ថ្នាក់ជាតិ​ថ្មី​មួយ​ដោយមាន​សីតុណ្ហភាព​៤១,១​អង្សា​សេ​។ ហើយ​សីតុណ្ហភាព​លើសពី​៤០​អង្សា​ត្រូវបាន​គេ​កត់ត្រា​ជា​លើកដំបូង​នៅក្នុង​តំបន់​រថភ្លើង​ក្រោម​ដី​របស់​ទីក្រុង​តូ​ក្យូ​។​

មាន​ភាពចុះ​ត្រជាក់​បន្តិច​នៅ​ថ្ងៃ​អង្គារ​ប៉ុន្តែ​សីតុណ្ហភាព​នៅតែ​ខ្ពស់ជាង​ធម្មតា​នៅ​ផ្នែក​ភាគច្រើន​នៃ​ប្រទេស​នេះ​។​
​ភ្នាក់ងារ​អាកាសធាតុ​បាន​ព្រមាន​ថា ផ្នែក​ភាគច្រើន​នៃ​ប្រទេស​នេះ​នឹង​បន្ត​កំដៅ​នៅ​សីតុណ្ហភាព​៣៥​អង្សា​ឬ​ខ្ពស់ជាង​នេះ​រហូតដល់​ដើមខែ​សីហា​។​
​ក្រុមមន្ត្រី​បាន​ជំរុញ​ឲ្យ​ប្រជាជន​ប្រើ​ម៉ាស៊ីនត្រជាក់ ផឹកទឹក​គ្រប់គ្រាន់​និង​សម្រាក​ឲ្យ​បាន​ញឹកញាប់​។​

គួរ​បញ្ជាក់ថា រលក​កម្ដៅ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ក្នុង​កំណត់ត្រា​ដែល​បាន​បំផ្លិចបំផ្លាញ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងលិច​និង​កណ្ដាល​ប្រទេស​ជប៉ុន​ហើយ​ទឹកជំនន់​និង​ការបាក់​ដី​បានសម្លាប់​មនុស្ស​ជាង​២២០​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu