Ad Code

ស្រុក​ចំនួន​៤ ​ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​ប្រកាស​អាសន្ន ខណៈ​ដែល​កម្ពស់​ទឹកទន្លេ​សេសា​ន្ត កាន់តែ​បន្ត​ហក់​ឡើង



រតនគិរី​ ៖​ លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា​នេះ​ថា ស្រុក​ចំនួន ៤ ក្នុងចំណោម​ស្រុក​-​ក្រុង ទាំង​៩ នៃ​ខេត្តរតនគិរី កម្ពស់​ទឹកទន្លេ​សេសា​ន្ត ឡើង​ខ្ពស់​ដល់ ៨.០០ ម៉ែត្រ​ហើយ ដែល​ចំណុច​នេះ គឺ​ដល់​ចំណុច​ប្រកាស​អាសន្ន ខណៈ​ដែល​មេឃ​នៅតែ​បន្ត​ធ្លាក់​ភ្លៀង​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ជិត ១​ខែ​មកនេះ។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​រូបនេះ បាន​បញ្ជាក់ថា ស្រុក​ទាំង ៤ ដែល​កំពុង​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ គឺមាន​ស្រុក​អូរ​យ៉ា​ដាវ ស្រុក​អណ្តូង​មាស ស្រុក​វើ​ន​សៃ និង​ស្រុក​តា​វែង ហើយ​គិត​ត្រឹម​ថ្ងៃរសៀល​ដដែល​នេះ ស្រុក​តា​វែង ជំនន់​ទឹកភ្លៀង​បាន​លិច​ចូលដល់​ទីរួមស្រុក​ហើយ ហើយ​រហូតដល់​រសៀល​ម៉ោងជាង ៤ ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ស្រុក បាន​ជម្លៀស​ប្រជាពលរដ្ឋ​បាន​ចំនួន ២​ភូមិ​ហើយ ដោយ​អោយ​ទៅរក​ទីទួល​សុវត្ថិភាព។​

​ប្រធាន​មន្ទីរ​រូបនេះ បានបញ្ជាក់​អោយដឹងទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ កម្ពស់​ទឹក​តាម​ដង​ទន្លេ​សេសា​ន្ត គឺ​នៅតែ​បន្ត​ហក់​ឡើង ដោយ​ពុំ​មានការ​ថមថយ​នោះទេ ទើប​ធ្វើអោយ​ស្រុក​ទាំង ៤ ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេ​សេ​សាន្ត​នេះ រងគ្រោះ​ខ្លាំងជាងគេ ។​

​លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី ក៏បាន​ធ្វើការ​សន្និដ្ឋាន​ថា កម្ពស់​ទឹកទន្លេ​សេ​សាន្ត​នៅ​យប់​នេះ នឹង​បន្ត​កើនឡើង​ហើយនឹង​បង្ក​អោយ​ជន់​លិច​តំបន់​មួយចំនួន​ក្នុងស្រុក​ទាំង ៤ ខាងលើនេះ​តែម្តង ដោយឡែក​ចំពោះ​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​វិញ ពុំមាន​សញ្ញា​ណាមួយ​គួរអោយ​ព្រួយបារម្ភ​ថា​នឹង​ជន់​លិច​នោះទេ។​

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ក៏ដូចជា​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់ និង​បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ជាពិសេស​ពលរដ្ឋ​ ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេ បឹង អូរ ព្រែក និង​ប្រឡាយ អោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​មហន្តរាយធម្មជាតិ​ទឹកជំនន់ ខណៈ​ដែល​មេឃ​បាន​និង​កំពុង​បន្ត​ធ្លាក់ភ្លៀង​ជា​រៀងរាល់ថ្ងៃ​ដូចនេះ៕



[caption id="attachment_951962" align="alignnone" width="960"] ​[/caption]

[caption id="attachment_951960" align="alignnone" width="960"] A woman wades through a flooded village after heavy rainfall caused by tropical storm Son Tinh in Ninh Binh province, Vietnam, July 22, 2018. REUTERS/Kham[/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu