Ad Code

ថ្ងៃ​អាទិត្យ​ទី២៩ ​កក្កដា ​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី៦ ​សម្ដេច​តេជោ ​ហ៊ុន សែន ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា



ភ្នំពេញ​ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹកថា នៅសល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឈានចូល​មកដល់​ហើយ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​។​

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អំពាវនាវ​បែបនេះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច នៅ​ថ្ងៃទី ២៦ ខែកក្កដា នេះ ដែល​នៅសល់តែ​៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ការបោះឆ្នោត​នឹង​ចូល​មកដល់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នយោបាយ​ខ្លី​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា ​៖ «​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ ។ នៅសល់ តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នឹង​មកដល់ ។ សូម​បងប្អូន​ត្រៀមខ្លួន​ទៅ​បោះឆ្នោតអោយ​បាន​គ្រប់ៗ​គ្នា​! អរគុណ​បងប្អូន​ជនរួមជាតិ​ដែលមាន​ជំនឿ​ជឿជាក់​និង​ទុកចិត្ត​គណបក្ស​ប្រជាជន​តាំងពីដើម​រហូតមក ។ បងប្អូន​យល់ច្បាស់​ណាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​របស់​យើងទាំងអស់គ្នា​។ គ្រប់​អ្វីៗ​ទាំងអស់​ដែល​គណបក្ស​ប្រជាជន​កំពុង​ខិតខំ​ធ្វើ គឺ​ដើម្បី​ផលប្រយោជន៍​កម្ពុជា​ទាំងមូល​។​

ខ្ញុំ​(​សម្តេច​តេ​ជោ​)​សូម​អរគុណ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង កូនក្មួយ​យុវជន​ដែល​បាន​ចូលរួម​ឃោសនា​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​យល់ច្បាស់​នូវ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជា​ជនក​ម្ពុជា និង សិទ្ធិ​សេរីភាព​ព្រមទាំង​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត ។ ព្រោះថា​ការបោះឆ្នោត​គឺ​ពង្រឹង​នូវ​សិទ្ធិ​សេរីភាព ល​ទ្ធិប្រជាធិបតេយ្យ ដែលនាំអោយ​ប្រទេសជាតិ​យើង​កាន់តែ​រីកចម្រើន​។​
​យើងទាំងអស់គ្នា​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០ នៅ​ថ្ងៃទី ២៩ កក្កដា ខាងមុខនេះ​។​»

នៅ​ថ្ងៃ​សុក្រ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ដើម្បី បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ​២០១៨ ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​ការហែក្បួន​បិទ​យុទ្ធនាការ​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ផ្ទាល់​តែម្តង។ លោក​បញ្ជាក់ថា “​តាម​គម្រោង​គណៈកម្មកា​រ​គណបក្ស​ក្រុងភ្នំពេញ​សមាជិក​ចូលរួម​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​មាន​ចំនួន ២៥ ម៉ឺន​នាក់ ដោយ​ប្រមូល​ផ្តុំគ្នា​នៅ​កោះ​ពេជ្រ ហើយ​សម្តេច​ប្រធាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ដោយ​ធ្វើ វិ​ឌី​អូ​ខន​ហ្វី​រិ​ន ទៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ទៀតផង ។ អីចឹង​នៅ​ខេត្ត​-​ក្រុង​ក៏​គេ​ប្រមូល​ផ្តុំគ្នា​ផងដែរ សរុប​សមាជិក ៥​លាន​នាក់​” ។

​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​នឹងធ្វើ​ការជួបជុំ និង ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ដោយមាន​ការជួបជុំ​សមាជិក​រហូតដល់​ប្រមាណ ២៥០ ០០០​នាក់ ។​

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការជួបជុំ​សមាជិក​រួច​គណបក្ស​ប្រជាជន​នឹង​ដង្ហែ​ទៅតាម​មហាវិថី​កម្ពុជា​ក្រោម ,​មហាវិថី​សម្ដេច​មុនី​រ៉េត ,​កំណាត់​វិថី​សម្ដេច​សុធារស ,​កំណាត់​មហាវិថី​ម៉ៅ​សេទុង​, កំណាត់​មហាវិថី​ព្រះមុនីវង្ស​, កំណាត់​មហាវិថី​ព្រះសីហនុ​, វិថី​ព្រះស៊ីសុវត្ថិ និង ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ​ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិ​រិ​វិថី និង​ផ្លូវ​សំខាន់ៗ​មួយចំនួន​ខាងលើ​មេត្តា​បញ្ចៀស​ចរាចរណ៍​ជា​បណ្ដោះអាសន្ន បើសិន​មិនចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់​កន្លែង​ជួបជុំ​និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនេះ​។​

គួររំលឹកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ធា្លប់​បាន​អញ្ជើញ​ចូលរួម​ដង្ហែ​ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ក្នុង​ថ្ងៃ​បិទ​យុទ្ធនា​ការឃោសនា កាល​ខែមិថុនា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី​១៨ កក្កដា បានចេញ​ផ្សាយ​លទ្ធផល​ផ្លូវការ​អំពី​ចំនួន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ​។ គ​.​ជ​.​ប​ឲ្យ​ដឹងថា នឹង​មាន​ចំនួន​ភ្នាក់ងារ​គណបក្ស​នយោបាយ​សង្កេតការណ៍​ការបោះឆ្នោត​នៅ​ទូទាំង​ប្រ​ទេស​សរុប​ទាំងអស់​ចំនួន​៧៩.៨៤៩ នាក់​។ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​នឹងដាក់​ភ្នាក់ងារ​សរុប​ជាង ៤៥.០០០​នាក់​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មាន​ភ្នាក់ងារ​ជាង ១​ម៉ឺន​នាក់ ,​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន​ជាង ៤​ពាន់​នាក់ ,​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ជិត ៤ រយ​នាក់​,​គណបក្ស​ដទៃទៀត​មាន​ចំនួន​អ្នកសង្កេតការណ៍​តិចជាង ១ រយ​នាក់ ឬ​គ្មាន​តែម្ដង​។​

តួលេខ ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដឹង​ដែរ​ថា មាន​ក្រុម​អ្នកសង្កេតការណ៍​ជា​ជនជាតិ​បរទេស​សរុប​ចំនួន ៣០៨ នាក់ ក្រុម​សង្កេតការណ៍​ក្នុងស្រុក​មាន​សរុបមក​ពី ១០៧ ស្ថាប័ន សរុប​អ្នកសង្កេតការណ៍​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង ៧៧.០០០​នាក់​។ ​ក្នុងចំណោម​ភ្នាក់ងារ​សង្កេតការណ៍​កា​របោះ​ឆ្នោត​ដែលមាន​សមាជិក​ជា​ជនបរទេស​នោះ គ​.​ជ​.​ប ក៏បាន​ចុះឈ្មោះ​ស្ថាប័ន​បរទេស​មួយចំនួន​រួមមាន​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​អឺរ៉ុប (European Council on International Relations) និង​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រាប់​វិស័យ​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប (European Council of Tourism and Trade) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ូ​ការ៉េ​ស (Bucharest) នៃ​ប្រទេស​រ៉ូ​មា​នី​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu