Ad Code

ផោម​ក្នុង​ទឹក​គង់​គេ​ដឹង ​៖ ទង្វើ​អាក្រក់ៗ​របស់​ក្រុមប្រឆាំង ត្រូវ​បាន​បែកធ្លាយ​ជា​បណ្តើរៗ​



ភ្នំពេញ​ ៖ ពាក្យចាស់​និយាយ​ថា “​ផោម​ក្នុង​ទឹក​គង់​គេ​ដឹង​” មានន័យ​ទង្វើ​ដែល​អ្នក​បាន​ធ្វើ​មិនអាច​លាក់កំបាំង​បានទេ យូរ ឬ​ឆាប់ គង់តែ​ធ្លាយ​ដល់​អ្នកដទៃ​បានដឹង​ជាក់​ជាមិនខាន ដូច្នេះហើយ​អ្នក​មិនគួរ​មានគំនិត​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​មើលស្រាល​ថា ពួកគាត់​អន់ ល្ងង់ ឬ​មាន​ចំណេះដឹង​មិន​ស្មើ​ខ្លួន​នោះឡើយ​។

ជាក់ស្តែង​សារ​ឆ្លើយឆ្លង​រវាង​ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឡុង រី ក្នុង​គំរោង​បោកប្រាស់​ប្រជាពលរដ្ឋ ក៏ដូចជា​អតីត​សកម្មជន​របស់ខ្លួន ដើម្បី​កេងចំណេញ​នយោបាយ ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ តាមរយៈ​មន្ត្រី​របស់​ខ្លួន ដែល​មិន​ចូលចិត្ត​ទង្វើ​បែបនេះ​។ សារ​ឆ្លើយឆ្លង​រវាង​លោក សម រង្ស៊ី និង​លោក ឡុង រី នេះ គឺ​ទាក់ទង​ការរៀបចំ​ផែនការ​បោកប្រាស់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខ ដែល​គំរោង​នេះ រៀបចំឡើង​ក្នុង​បំណង​តែមួយគត់ គឺ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​សកម្មជន​របស់ខ្លួន​ទៅ​បោះឆ្នោត ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។

តាម​សារ​ឆ្លើយឆ្លង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ដែលមាន​ឈ្មោះថា SAJ លោក សម រង្ស៊ី បាន​សរសេរ​ទៅកាន់​លោក ឡុង រី ដែល​ជា​អតីត​ប្រធាន​អង្គរក្ស​របស់​ខ្លួន​នោះ​ថា “​សុខ​សប្បាយ​ទេ​” លោក ឡុង រី បាន​តប​ថា “​បាទ​អត់​សុខ​សប្បាយ​ទេ លោក​ប្រធាន​” លោក សម រង្ស៊ី បាន​សរសេរ​ទៀត​ថា “​ខ្ញុំ​មានគំនិត​ថ្មី​មួយ​។ សូម​រី​ឯង​ឲ្យ​បណ្តាញ​យើង​ផ្សព្វផ្សាយ​ព័ត៌មាន​ចិត្តសាស្ត្រ​មួយ​ថា ខ្ញុំ​នឹង​ទៅ​ភ្នំពេញ​ថ្ងៃទី​២៨ កក្កដា នេះ​ហើយ​” លោក ឡុង រី បាន​តប​ថា “​លោក​ប្រធាន​មក​មែនឬ ? លោក សម រង្ស៊ី តប​ថា “​អត់​ទេ ខ្ញុំ​មិន​ភ្លើ​ត្រឡប់ ទៅ​ស្រុក​ខ្មែរ​ឲ្យ​ហ៊ុន សែន ចាប់​ខ្ញុំ​ដាក់គុក​នោះ​ទេ ហើយ​ប្រពន្ធ​ខ្ញុំ ក៏​មិន​ឲ្យ​ខ្ញុំ​ប្រថុយទៅ​ដែរ​” លោក ឡុង រី ថា “​ចឹ​ង​លោក​ប្រធាន​ឲ្យ​ខ្ញុំ​ផ្សព្វផ្សាយ​រឿង​ហ្នឹង​ធ្វើ​អី​?” លោក សម រង្ស៊ី តប​វិញ​ថា “​នេះ​ជា​ចិត្តសាស្ត្រ​ដើម្បី​ទប់ស្កាត់​រារាំង​សកម្មជន និង​អ្នកគាំទ្រ​បក្ស​យើង​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ប៉ុណ្ណោះ​។ ហើយ​ជំហាន​បន្ទាប់​យើង​នាំគ្នា​បំផុស​ថា មិន​ចាច់​ទៅ​បោះឆ្នោត​ទេ ប៉ុន្តែ​ត្រូវ​នាំគ្នា​ត្រៀមខ្លួន​មក​ចាំ​ទទួល​ខ្ញុំ​ការពារ​ខ្ញុំ​ហ្នឹង​ណា​។​” លោក ឡុង រី តប​ថា “​បាទ​លោក​ប្រធាន​ខ្ញុំ​យល់​ហើយ ចាំ​ខ្ញុំ​ចាត់ចែង​តាម​ហ្នឹង​”​។

ដោយឡែក​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ facebook មួយ​ដែល​មាន​ឈ្មោះ “​ទីប្រឹក្សា​នគរ​” បាន​ទម្លាយ​សារ​សំងាត់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់ ដែល​បាន​ឈ្លោះ​គ្នា និង​វាយប្រហារ​មេដឹកនាំ​ខ្លួនឯង​ពេញ Group Messenger​។ តាម Facebook នោះ​បាន​សរសេរ​រៀបរាប់​ថា “​ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​ស្ថិតនៅ​ក្នុងចំណោម​អ្នកនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ទាំង​១១៨​នាក់ ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​, ហើយក៏​កំពុង​ស្ថិត​នៅ​ក្នុង Group Messenger (118 Senior Leader of CNRP) ដោយ​ឈឺចាប់​យ៉ាង​ខ្លាំង​នូវ​ទង្វើ​វាយប្រហារ​គ្នា វាយប្រហារ​ទាំង​មេដឹកនាំ CNRP និង​ឈ្លោះប្រកែក​គ្នា​ដូច​ឆ្កែ ដូច​ឆ្មា មិន​ឈប់​មិន​ឈរ​។ ដើម្បី​បន្ថយ​ការឈឺចាប់​ជា​ទម្ងន់​របស់ខ្ញុំ ថ្ងៃនេះ​ខ្ញុំ​ទម្លាយ​នូវ​ពាក្យពេជន៍​សារ​ឆ្លងឆ្លើយ​គ្នា​រវាង​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ការ​មិន​ស្របគ្នា ឈ្លោះ​គ្នា ខាំ​គ្នា ជាពិសេស​វាយប្រហារ​មេដឹកនាំ​បក្ស​ទៀតផង​។ សារ​នេះ​សូម​ផ្ញើ​ជូន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ដើម្បី​បានដឹង​រឿង​ពិតប្រាកដ​ដែល​កំពុង​កើតឡើង យ៉ាង​ចម្រូងចម្រាស​នៅ​ពេល​នេះ​”​។

នៅក្នុង​សារ​មួយ​ក្នុងចំណោម​សារ​ជាច្រើន​ ដែល​ត្រូវ​បាន​ទម្លាយ​នោះ​បាន​បង្ហាញថា លោក គឹម យ៉ា បាន​សរសេរ​រៀបរាប់ និង​រិះគន់​មេដឹកនាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី តែម្តង​, លោក គឹម យ៉ា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “​រឿង​ដែល​លោក​ប្រធាន សម រង្ស៊ី លើក​និយាយ​ពី ហ៊ុន សែន នេះ​យើង​ទាំងអស់គ្នា​ដឹង​ពី​យូរ​មក​ហើយ មិនមែន​ទើបតែ​ដឹង​ថ្មីៗ​នេះ​ទេ​។ បើ​ដឹង​ហើយ​ហេតុអ្វី​ក៏​លោក សម រង្ស៊ី ទៅ​ឃុបឃិត​ជាមួយ ហ៊ុន សែន និង​ពង្រឹង​អំណាច​វា​ធ្វើ​អ្វី​? កាលពី​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ងើប​ពេញ​ប្រទេស​ធ្វើបាតុកម្ម​ដោយ​សង្ឃឹម ក្លា​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន​ភាពស្របច្បាប់​នឹងធ្វើ​សកម្មភាព​នយោបាយ អំណាច ហ៊ុន សែន ទន់ជ្រាយ​រង្គើ​។ តែ​លោក សម រង្ស៊ី គ្មាន​គំរោង​ទៅ​យក​អំណាច​ទេ​។ ពេល​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ពេញ​ប្រទេស បែរជា​គាត់​មក​ដើរលេង​នៅ​បរទេស​រៀបការ​កូនស្រី​របស់គាត់ ដោយ​នឹកថា សំខាន់​ជាង​ជីវិត​ជាតិ និង​ប្រជាពលរដ្ឋ​។ គាត់​សម្រេច​ចូល​សភា​ដោយ​មិន​ប្រាប់​សហការី​ទាំងអស់​នៅ​ខែកក្កដា ឆ្នាំ​២០១៤ ហើយ​យក​វប្បធម៌​សន្ទនា​ដឹក​ដៃ ហ៊ុន សែន ដើរលេង​គង់តែ ហ៊ុន សែន ចាប់​សមាជិក​បក្ស​ដាក់គុក​ជាច្រើន​នាក់ ហើយ​គាបសង្កត់​លោក​អនុប្រធាន​ក៏ដោយ​”​។

នៅក្នុង​សារ​ឆ្លើយឆ្លង​ជាច្រើន មន្ត្រី​ទាំងនោះ បានប្រកែក​គ្នា ព្រមទាំង​វាយប្រហារ​គ្នា​ទៅវិញទៅមក ដែល​បញ្ជាក់ថា ពួកគេ​កំពុង​ស្រេកឃ្លាន​បុណ្យស័ក្តិ និង​អំណាច​យ៉ាងខ្លាំង ហើយ​បញ្ជាក់ថា ពួកគេ​គ្មាន​សាមគ្គី​ផ្ទៃក្នុង​ឡើយ​។ ដូច្នេះ​ពាក្យចាស់​ដែល​និយាយថា “​ផោម​ក្នុង​ទឹក​គង់​ដឹង​” នោះ ពិតជា​ត្រឹមត្រូវ​ដូច្នេះ​។ មានន័យថា ទង្វើ​ដែល​ពួកគេ​បានធ្វើ​មិនអាច​លាក់កំបាំង​បានទេ យូរ ឬ​ឆាប់ គង់តែ​ធ្លាយ​ដល់​អ្នកដទៃ​បានដឹង​ជាក់​ជាមិនខាន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu