ក្រុម Surat Thani FCសមាជិកក្នុងពានរង្វាន់លីគលំដាប់ទី៣របស់ប្រទេសថៃ (T3-League) ឆ្នាំ២០១៨ ដែលកីឡាករ ឃួន ឡាបូរ៉ាវី របស់កម្ពុជា កំពុងតែប្រកបអាជីពនោះ រកបានជ័យជម្នះជាលើកដំបូង ខណៈក្រុមនេះកំពុងតែត្រូវការពិន្ទុបន្ថែម ដើម្បីស្វែងរកកៅអីសុវត្ថិភាពគេចពីតំបន់បាតតារាង។
ក្រុមដែលមានមូលដ្ឋាននៅខេត្តភាគខាងត្បូងប្រទេសថៃ មួយនេះបានប្រកួតប្រចាំសប្ដាហ៍ទី២០ របស់ខ្លួនក្នុងពានរង្វាន់ T3 League 2018 លើទីលានកីឡដ្ឋាន Surat Thani Stadium ឈ្នះក្រុមRoyal Thai Army F.C ដោយលទ្ធផល២ទល់១ កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ ថ្មីៗនេះ។
ជ័យជម្នះនេះនៅមិនទាន់អាចជួយឲ្យក្រុម Surat Thani កើនពិន្ទុឆ្ងាយនោះទេ ដោយកំពុងឈរចំណាត់ថ្នាក់លេខ១២បណ្តោះអាសន្នក្នុងចំណោមសមាជិកទាំង១៤ ប្រចាំមណ្ឌលជាមួយគ្នា ក្រោយប្រកួតឈ្នះ៥លើក ស្មើគ្នា៦លើក និងចាញ់៩លើក មាន២១ពិន្ទុ។ តាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់ថៃ ក្រុមកំពូលតារាងប្រចាំលីគទី៣ថៃនេះមានឈ្មោះឡើងទៅកាន់លីគលំដាប់ទី២ ខណៈក្រុមលេខ២មានឈ្មោះប្រកួតជម្រុះជាមួយក្រុមនៅមណ្ឌលផ្សេងទៀត ខណៈក្រុមនៅបានតារាងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី៤។
កីឡាករ ឃួន ឡាបូរ៉ាវី ដែលធ្វើដំណើរទៅប្រកបអាជីពនៅក្រៅប្រទេសតាំងពីចុងខែមិថុនា កន្លងមកធ្លាប់រកបានគ្រាប់បាល់១គ្រាប់ឲ្យក្រុម ម្តងរួចមកហើយ ខណៈ៧ប្រកួតកន្លងមក ធ្វើដំណើរទៅដល់ក្រុម Sarat Thani FC បានប្រកួតឈ្នះ១ប្រកួត ចាញ់៥លើក និងស្មើ១លើក។ ក្នុងនោះបានប្រកួតចាញ់ក្រុម Customs United ៤ទល់១ ហើយចាញ់ក្រុម Nara United បន្តចាញ់ក្រុម Phuket City ២ទល់១ ចាញ់ក្រុម Simork ១ទល់០ ចាញ់ក្រុមម្ចាស់ផ្ទះSimork ដោយលទ្ធផល ១ទល់០ បន្តចាញ់ក្រុម Bangkok U. Deffo ៣ទល់២ ស្មើគ្នាជាមួយក្រុម Ranong United ១ទល់១ និងឈ្នះលើក្រុម Royal Thai Army F.C២ទល់១។
ក្លិបថ្មីរបស់កីឡាករមានកំណើតនៅខេត្តកំពង់ចាម នេះមានមូលដ្ឋាននៅខេត្តSurat Thani មានលោក Monthien Morrakot គ្រូបង្វឹកប្រចាំក្រុម។ គ្រូបង្វឹករូបនេះនៅតែមានជំនឿចិត្តចំពោះការដាក់ឲ្យកីឡាករកម្ពុជា រូបនេះ ក្នុងការជួយរកគ្រាប់បាល់នៅប្រកួតបន្តបន្ទាប់។ ក្តីស្រម៉ៃរបស់ ឃួន ឡាបូរ៉ាវី ដែលចង់រកគ្រាប់បាល់ឲ្យក្រុមថ្មីនេះ គឺបានសម្រេចហើយ តែអ្វីដែលរូបគេរំពឹងជាបន្តនោះគឺសង្ឃឹមថាអាចជាផ្នែកមួយជួយឲ្យក្រុមរកបានពិន្ទុប្រជែងគេឲ្យផុតពីតំបន់បាតតារាងនៅប្រកួតបន្តបន្ទាប់។
នៅលីគរបស់ប្រទេសថៃ បានតម្រូវឲ្យក្លិបជាសមាជិករបស់ខ្លួនចុះបញ្ជីកីឡាករបរទេសបានចំនួន៥នាក់ដោយក្នុងនោះមានកីឡាករបរទេសមិនគិតជាតិសាសន៍ចំនួន៣នាក់ កីឡាករជាជនជាតិក្នុងទ្វីបអាស៊ី១នាក់ និងកីឡាករក្នុងតំបន់អាស៊ាន១នាក់។ ក្លិប Surat Thani វិញបានចុះបញ្ជីកីឡាករពេញហើយមានកីឡាករប្រេស៊ីល Vinicius Silva Freitas កីឡាករកូឌីវ័រ Soumahoro Mafaកីឡាករកូឌីវ័រ Kourouma Mohamed កីឡាករអ៊ីរ៉ង់ Faramarz Vahdat Derakhshan និង ឃួន ឡាបូរ៉ាវី របស់កម្ពុជា។
សម្រាប់ប្រកួតបន្ទាប់ប្រចាំសប្ដាហ៍ទី២១ ប្រចាំពានរង្វាន់ T3 League 2018 ក្រុម Surat Thani ត្រូវបន្តបើកទ្វាកីឡដ្ឋាន Surat Thani Stadium របស់ខ្លួនទទួលក្រុមRajprachaនៅវេលាម៉ោង៤ល្ងាចថ្ងៃ
ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments