ថ្មីៗនេះក្លិបបឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 បានបានបញ្ជូនកីឡាករ៣ចេញពីយុវជនថ្នាលរបស់ខ្លួនទៅប្រកួតក្នុងពានរង្វាន់បាល់ទាត់អន្តរជាតិមួយដែលមានអញ្ជើញ និង រៀបចំដោយក្លិបយក្សនៅប្រទេសអេស្ប៉ាញ FC Barcelona ធ្វើឡើងនៅប្រទេសចិន។
តំណាងក្រុមយុវជនថ្នាលរបស់ក្លិបជើងឯក៣សម័យកាលមួយនេះបានបញ្ជាក់ថា «ក្រោយការប្រកួតរយៈពេល៣ថ្ងៃនៅប្រទេសចិន ត្រូវបានបញ្ចប់ William និង ម៉ានិតសត្យា ហៅ Ping(អ្នកចាំទី) បានជួយក្រុម Barcelona Singapore U12 ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈការប្រកួតសរុបចំនួន៧ប្រកួត ក្នុងនោះឈ្នះ៤ លើកនិងចាញ់២លើក។ រីឯ William រកគ្រាប់បាល់បានគ្រប់ប្រកួត សរុបចំនួន១៣គ្រាប់»។
ពានរង្វាន់ដែលរៀបចំដោយក្លិបយក្ស FC Barcelona ប្រទេសអេស្ប៉ាញ មួយនេះមានឈ្មោះថា FCBEscola China Tournament។ ពានរង្វាន់នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់២២ ខែកក្កដា ឆ្នាំ២០១៨។ កីឡាករទាំង៣នាក់របស់បឹងកេត មានកីឡាករ ស្រេង ម៉ានិតសត្យា និង ស្រេង ម៉ានិតចិត្រា ចូលរួមជាមួយយុវជនក្រោមអាយុ១៦ឆ្នាំ រីឯកីឡាករ ប៉ិល សុសីហរាជ ហៅ WILLIAM ចូលរួមជាមួយឈុតក្រោមអាយុ១០ឆ្នាំ។
កីឡាករទាំង៣បានធ្វើដំណើរត្រឡប់មកកាន់មាតុភូមិវិញនៅថ្ងៃច័ន្ទ សប្ដាហ៍នេះ។ កីឡាករទាំងបីនាក់ខាងលើ ទើបតែបញ្ចប់ការហ្វឹកហាត់នៅសាលាបាល់ទាត់របស់ក្លិបអ្នកមានបុណ្យ Barcelona នៅសឹង្ហបុរី កាលពីប៉ុន្មានសប្ដាហ៍មុន ហើយត្រូវបានគ្រូបង្វឹកនៅទីនោះពេញចិត្តនឹងទេពកោសល្យរបស់ពួកគេ ទើបកោះហៅពួកគេត្រូវបានកោះហៅនិងអញ្ជើញឲ្យចូលរួមការប្រកួតពានរង្វាន់នៅប្រទេសចិន ដែលរៀបចំដោយក្លិប Barcelona នេះ។
កាលពីដើមឆ្នាំកន្លងទៅបឹងកេត ធ្លាប់បានបញ្ជូនកុមារាឈ្មោះ Kasidef Vasunan ហៅ Dome ដែលមានឪពុកជាជនជាតិថៃ និងម្តាយជាជនជាតិខ្មែរ ទៅហ្វឹកហាត់រយៈពេល៥ថ្ងៃនៅទឹកដីCamp Nou របស់ក្លិបយក្ស FC Barcelona ក្នុងប្រទេសអេស្ប៉ាញ។ មូលហេតុដែល Dome មានឱកាសទៅហ្វឹកហាត់នៅទឹកដីអឺរ៉ុបមួយនេះ ក៏ព្រោះតែរូបគេបានធ្វើតេស្តសមត្ថភាពដោយជោគជ័យនៅសាលាបាល់ទាត់របស់ក្លិបអេស្ប៉ាញ មួយនេះនៅប្រទេសសិង្ហបុរី ដែលកីឡាករទាំង៣នាក់នេះ ទៅហ្វឹកហាត់នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments