Ad Code

ស្ត្រី​វ័យ​៥៨​ឆ្នាំ​ម្នា​ក់ មាន​ជំងឺ​ប្រចាំ​កាយ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន ​តែ​គេ​ឃាត់​ទាន់



ភ្នំពេញ ​៖ ​ស្ត្រី​វ័យ​៥៨​ឆ្នាំ​ម្នាក់ មានជីវិត​រស់​ជាថ្មី​ម្តង​ទៀត ​ខណៈ​តូចចិត្ត​ប៉ង​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​សម្លាប់​ខ្លួន ​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឃើញ​ទាន់​ក៏​ឃាត់​ប្រគល់​ទៅ​ឲ្យ​សណ្តាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ​នាំមក​កាន់​ប៉ុស្តិ៍​ជ្រោយចង្វារ​ធ្វើការ​ណែនាំ​ ហើយ​រង់ចាំ​សាច់ញាតិ​មក​ទទួល​។



ហេតុការណ៍​ភ្ញាក់​ផ្អើល​ខាងលើ​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​២៣ ​ខែកក្កដា ឆ្នាំ​២០១៨ ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ ភូមិ​ដើម​គ ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

ស្ត្រី​ខាងលើ​ឈ្មោះ​សាន​ អាយុ​៥៨​ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​រង្វង់​មូល​គួច​កាណុង​ ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ​គាត់​ធ្លាប់មាន​ប្រវត្តិ​ដួល​ផ្ងារ​ក្រោយ​អស់​រយៈពេល​មួយឆ្នាំ​មកហើយ​តាំងពី​ពេលដែល​គាត់​ដួល​មក​អាកា​រៈ​ក្នុង​ខ្លួន​របស់គាត់​ចេះតែ​កន្ត្រាក់ៗ​ផ្ទៃមុខ​របស់​គាត់​ដូច​មាន​អ្វី​ម្យ៉ាង​មកចាក​ដោត​។



​ស្ត្រី​ខាងលើ​បន្ត​ថា ​ដោយមាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ដូច្នេះហើយ​ ទើប​គាត់​ធ្វើដំណើរ​មក​ស្ពាន​ជ្រោយចង្វារ​ថ្មី​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​តែម្តង​។

គួរ​រំលឹក​ដែរ​ថា​ ស្ត្រី​ខាងលើ​កុំ​តែ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហើយ​បាន​ឃាត់​គាត់​កុំ​ឲ្យ​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ​ទាន់​ពេល​វេលា​ម្ល៉េះ​មិន​ដឹង​ថា ​គាត់​ទៅជា​យ៉ាងណា​នោះទេ។



ក្រោយពេល​កើតហេតុ​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ​បាន​ឌុប​គាត់​តាម​ម៉ូតូ​មក​ឲ្យ​សម្រាក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ ​រួច​សមត្ថកិច្ច​ក៏​ទាក់ទង​ទៅ​សាច់​ញាត់​ស្ត្រី​រងគ្រោះ​មក​ទទួល​គាត់​ត្រឡប់​ទៅវិញ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu