Ad Code

សម្ភារៈ​អេឡិចត្រូនិក និង IT ដែល​មាន​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ ត្រូវ​បាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រគល់​ជូន​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ



ភ្នំពេញ​ ៖ សម្ភារៈ​អេឡិចត្រូនិក និង IT ដែល​មាន​តម្លៃ​សរុប​ចំនួន​៥០០.០០០ RMB ប្រហែល​៧៥.៥៨៥ ដុល្លារ​អាមេរិក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​បាន​ប្រគល់​ជូន​ដល់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៨ នៅ​ក្រសួងការបរទេស ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក Xiong Bo ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា ជា​តំណាង​របស់​ភាគី​ចិន ជា​អ្នក​ប្រគល់​ជំនួយ​ជា​សម្ភារៈ​ទាំងអស់នេះ​។

លោក ឈី​វ យី​ស៊ា​ង អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ជា​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ បាន​ថ្លែងថា ការ​ប្រគល់​សម្ភារៈ​នេះ ធ្វើឡើង​តាម​សំណើ​របស់​វិទ្យាស្ថាន ដែល​បាន​ស្នើ​ទៅ​ស្ថានទូត​ចិន ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រីការ​ទូត និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បន្ទាប់ពី​វិទ្យាស្ថាន​ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ​។



លោក​បន្ត​ថា អំណោយ​របស់​ប្រទេស​ចិន​នៅពេលនេះ បាន​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ទេសរដ្ឋមន្ត្រី មាន​ចីរភាព និង​ពង្រឹងសមត្ថភាព​ដំណើរការ​របស់​វិទ្យាស្ថាន ហើយ​ការគាំទ្រ​របស់​ប្រទេស​ចិន បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​វិទ្យាស្ថាន​ក្នុង​ការ​ពង្រឹងសមត្ថភាព​អ្នកការទូត​អាជីព​របស់​កម្ពុជា លើ​ផ្នែក ICT, Digital Economy និង​ការទូត ព្រមទាំង​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ពង្រឹង​សកម្មភាព​ទំនាក់ទំនង​សាធារណៈ និង​សកម្មភាព​បណ្ដុះបណ្ដាល​ស្ដីពី Communication Skill (​បំ​និ​ន​ខាង​គមនាគមន៍​) ការ​ថ្លែង​ជា​សាធារណៈ និង​ភាសាបរទេស​។

តាម​លោក ឈី​វ យី​ស៊ា​ង អំណោយ​របស់​ប្រទេស​ចិន​នេះ គឺជា​សក្ខីភាព​នៃ​ការ​គាំទ្រ​របស់​ប្រទេស​ចិន នៅក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ការ​អភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ការ​គាំទ្រ​នេះ ចូលរួមចំណែក​ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​នៅ​ឆ្នាំ​២០១៨​នេះ​។

​គួរ​រំលឹក​ថា បន្ទាប់ពី​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស កាលពី​ខែមេសា ឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី បាន​ផ្តួច​ផ្តើម​គំនិត​ឲ្យ​មានការ​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​អ្នក​ការ​ទូត​នេះ​ឡើង​។ គំនិត​ផ្តួចផ្តើម​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។



លោក​បន្ត​ថា ការបង្កើត​វិទ្យាស្ថាន​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ធ្វើ​ការកែទម្រង់​ផ្ទៃក្នុង​ក្រសួង​ការ​បរទេស ក្នុង​នោះ​មានការ​កែសម្រួល​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​ក្រសួង​ឡើងវិញ ដើម្បី​ឲ្យ​ក្រសួង​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​លើ​វិស័យ​ការបរទេស ដែល​មាន​ការប្រែប្រួល​ឥត​ឈប់ឈរ និង​មិនអាច​ប្រមើល​មើល​ជាមុន​បាន ទាំង​ក្នុង​តំបន់ និង​ពិភពលោក ហើយ​វិទ្យាស្ថាន​នេះ គឺជា​ស្ថាប័ន​បណ្តុះបណ្ដាល​អ្នកការទូត​ដំបូង​គេ​នៅក្នុង​ប្រវត្តិ​វិស័យ​ការទូត​របស់​ប្រទេស​កម្ពុជា ហើយ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។

គោលបំណង​សំខាន់​របស់​វិទ្យាស្ថាន គឺ​កសាង​សមត្ថភាព​វិជ្ជាជីវៈ​ក្នុង​ជួរ​មន្ត្រីការ​ទូត​កម្ពុជា​ឲ្យ​ក្លាយជា​យុទ្ធជន​ដ៏​មុត​ស្រួច ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការងារ​ការទូត​ពិភពលោក ដែលមាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​ឡើង ជាពិសេស​ដើម្បី​លើកកម្ពស់​ភាពជា​ម្ចាស់ការ​និង​តួនាទី​ដ៏​សំខាន់​និង​សកម្ម​របស់​កម្ពុជា​ក្នុង​កិច្ចការ​តំបន់ និង​ពិភពលោក ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ ប្រជាជន និង​កិត្យានុភាព​ជាតិ ដើម្បី​ឲ្យ​បាន​ស្មើភាព និង​ស្មើ​សិទ្ធិ​នៅលើ​វេទិកា​អន្តរជាតិ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu