Ad Code

ក្លិប​ភ្នំពេញ​ក្រោ​ន គ្រោង​ទឹកប្រាក់​៧​ម៉ឺន​ដុល្លារ​ត្រៀម​ប្តូរ​កៅអីអង្គុយ​ថ្មី នៅ​កីឡដ្ឋាន RSN Stadium របស់ខ្លួន



ក្លិប​បាល់ទាត់​ជើងឯក​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល ភ្នំពេញ​ក្រោ​ន បានប្រកាស​ដោះដូរ​កៅអីអង្គុយ​សម្រាប់​អ្នកគាំទ្រ​ទស្សនា​ជុំវិញ​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ក្នុងពេល​ឆាប់ៗ គឺ​នៅមុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​ដោយ​គ្រោង​ប្រើប្រាស់​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក​។

យោង​តាម​ការ​ប្រភព​បញ្ជាក់​ពី​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខណ្ឌទួលគោក មួយ​នេះ​លើកឡើង​ថា លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ដែលជា​ប្រធាន​ក្លិប​បានសម្រេច​ប្តូរ​កៅអី​ចាស់ៗ​ចេញ ដោយ​នឹង​ជំនួស​វិញ​នូវ​កៅអី​ថ្មី​ដែល​ត្រូវ​ទទួល​រ៉ាប់រង​បំពាក់​ដោយ​ក្រុមហ៊ុន​បរទេស​មួយ​មាន​ជំនាញ​ក្នុង​ការ​ស្ថាបនា ក៏ដូចជា​កែលម្អ​កីឡដ្ឋាន​នានា​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ ផ្ទាល់​តែម្តង។

តាម​ការ​គ្រោងទុក គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ពោល​គឺ​ក្រុមការងារ​នឹង​ចាប់ផ្តើម​បំពេញ​បេសកកម្ម​នាពេល​ឆាប់ៗ​ដើម្បី​ធានាថា កៅអី​ថ្មី​នឹង​អាច​បង្ហាញខ្លួន​មុន​រដូវ​កាល​ឆ្នាំ​២០១៩​។

ប្រភពព័ត៌មាន​បានបញ្ជាក់​ទៀត​ថា ​គម្រោង​ផ្លាស់​ប្តូរ​កៅអី​ជ័រ​គ្រោង​នឹង​ចំណាយ​ប្រមាណ​ជា​ជិត ៧​ម៉ឺន​ដុល្លារ​អាមេរិក​ស្រប​ពេល​ដែល​ប្រធាន​ក្លិប​មួយ​នេះ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ព្យាយាម​កែលម្អ​កីឡដ្ឋាន​ស្មៅ​ធម្មជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ស័ក្តិ​សមជា​ក្លិប​បាល់ទាត់​អាជីព​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​ផងដែរ​។​



កីឡដ្ឋាន RSN Stadium ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​កសាង​ឡើង​កាលពី​ឆ្នាំ​២០១៥ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៥០០០​នាក់​។ ចំណែក​ក្នុង​បរិវេណ​កីឡដ្ឋាន​នេះ​រួមមាន​ទីលាន​ធំ​, ទីលាន​ហ្វឹ​ល​ហាត់​, ទីលាន​ហ្វូ​ត​សាល​, ទីលាន​បាល់បោះ​, ទីកន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ​, ការិយាល័យ​, អាហា​រដ្ឋា​ន និង​សាល VIP រួមទាំង​ផ្នែក​ផ្សេងៗ​ទៀត​។

កាលពី​ចុងឆ្នាំ​២០១៦​កន្លងមក​ក្លិប​បាន​ប្តូរ​បង្គោល​ភ្លើង​បំភ្លឺ​ទីលាន​ធំ (main pitch) ចំនួន ៤​បង្គោល​ដែល​បាន​ចំណាយ​ថវិកា​មិន​តិច​ជាង​៣០​ម៉ឺន​ដុល្លារ​នោះ​ឡើយ​ ដើម្បី​បំពេញ​តាម​បទដ្ឋាន​តម្រូវ​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ហើយ​ត្រូវ​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន Musco ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ខាង​ផ្នែក​ភ្លើង​បំភ្លឺ​កីឡដ្ឋាន​ហើយក៏​ជា​ក្រុមហ៊ុន​ដែល​បាន​តំឡើង​ភ្លើង​នៅ​កីឡដ្ឋាន Emirates របស់​ក្លិប Arsenal ផងដែរនោះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu