ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយលោក លី សៀន លុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ហើយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ ដោយពិភាក្សាអំពីវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់ផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន មានគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕
Source: Kampuchea Thmey Daily
0 Comments