ភ្នំពេញ ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រោះបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភ្លើងស្តុបរោងកុនលុច្យ ភូមិ៣ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1CQ2814 បុកជាមួយម៉ូតូម៉ាក MD ពណ៌ខ្មៅ ពាក់ស្លាកលេខ26.G1.057.42 បើកបរ ដោយឈ្មោះ moutapa.laurent ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះ២៥ ផ្លូវ៤១០ សង្កាត់ទួលទំពូង ខណ្ឌចំការមន។
សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្ដាលឲ្យអ្នកបើកបរម៉ូតហុងដា រងរបួសស្រាល អ្នកជិះពីក្រោយភេទស្រី រងរបួសធ្ងន់ ត្រូវបានដឹកទៅសម្រាក ព្យាបាលនៅគ្លីនិចហុងហាក់ អ្នកទាំងពីរមិនត្រូវបានស្គាល់អត្តសញ្ញាណ។ ចំណែកបុរសជនជាតិបារាំង រង របួសស្រាលទៅព្យាបាលរបួសនៅផ្ទះខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរ២គ្រឿង មករក្សាទុកនៅអធិការខណ្ឌ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments