Ad Code

ចាប់ខ្លួន​ហើយ​សម្លាប់ ​៖​ នៅ​ខាងក្នុង​សង្គ្រាម​លើ​គ្រឿងញៀន​របស់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស



ប៉ូលិស​បង់​ក្លា​ដែ​សបាន​ចាប់ខ្លួន​លោក Riazul Islam នៅពេល​គាត់​កំពុង​ដើរ​ចេញពីផ្ទះ​របស់គាត់​។ នៅវេលា​ម៉ោង​៣:១៥​នាទី​ព្រឹក គាត់​ត្រូវបាន​បាញ់សម្លាប់​នៅលើ​វាល​ខ្សាច់​មួយ​ក្បែរ​កំណាត់​ផ្លូវដែក​នៃ​ភាគ​ខាងជើង​ទីក្រុង ដា​កា​។​

ប៉ូលិស​បាន​និយាយថា គាត់​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​អ្នកជួញដូរ​គ្រឿងញៀន​ផ្សេង​ទៀតហើយ​ពួកគេ​បាន​រកឃើញ​កញ្ឆា​២០​គីឡូក្រាម​ពី​កន្លែង​នោះ​។ ឪពុកម្តាយ​របស់គាត់​និយាយថា មន្ត្រីប៉ូលិស​បាន​ជំរិត​ទារប្រាក់​ពី​ពួកគេ​ហើយ​បន្ទាប់មក​បានសម្លាប់​គាត់​តែម្តង​។​

ស្ត្រី​ជា​ម្តាយ​ដែលមាន​ឈ្មោះថា Rina Begum បាន​និយាយថា “​ខ្ញុំ​ដឹងថា​កូនប្រុស​របស់ខ្ញុំ​ស្ថិតនៅ​ក្នុងការ​ឃុំឃាំងរ​បស់​ប៉ូលិស​ប៉ុន្តែ​ភ្លាមៗ​នោះ​កូនប្រុស​របស់ខ្ញុំ​បាន​ស្លាប់​។ ខ្ញុំ​មិនអាច​ជឿ​វា​បានទេ​”​។​

បង់​ក្លា​ដែ​ស​គឺជា​ប្រទេស​ថ្មី​បំផុត​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​ដែល​គាំទ្រ​ដោយ​រដ្ឋ​នៅ​តំបន់​អាស៊ី​ហើយ​លោក Islam គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាង​២០០​នាក់​ដែល​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ខែឧសភា​មក​នៅពេលដែល​លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បានប្រកាស​ពី​យុទ្ធនាការ​នេះ​។​

ក្រុម​អ្នក​រិះគន់​បាន​និយាយថា ការបង្ក្រាប​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​ផ្តាច់ការ​កាន់តែខ្លាំង​ឡើង​របស់​លោកស្រី Hasina មុន​ការបោះឆ្នោត​ទូទៅ​នៅ​ខែធ្នូ​។ វា​ក៏ត្រូវ​បានបង្ហាញ​ផងដែរ​នៅក្នុង​ការឆ្លើយតប​រប​ស់​ខ្លួន​ចំពោះ​ការធ្វើ​បាតុកម្ម​របស់​និស្សិត​នាពេល​ថ្មីៗ​នេះ​ទៅលើ​ការស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ការប្រើប្រាស់​គ្រាប់កាំភ្លើង​កៅស៊ូ​និង​ការចាប់ខ្លួន​អ្នក​ថតរូប​លេចធ្លោ​។​

លោកស្រី Hasina បាន​សង្កត់ធ្ងន់ថា ប៉ូលិស​និង​ភ្នាក់ងារ​ស៊ើបអង្កេត​ឥឡូវនេះ​នឹង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​តាមរបៀប​តឹងតែង​ដូចគ្នា​ដែល​ពួកគេ​បាន​ប្រឆាំងនឹង​ភាពជ្រុលនិយម​អំពើហិង្សា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

យុទ្ធនាការ​បែបនេះ​អាច​ទាក់ទាញ​ប្រជាប្រិយភាព​ពី​អ្នកបោះឆ្នោត​ដូចដែល​បានបង្ហាញ​ដោយ​សង្គ្រាម​គ្រឿងញៀន​បង្ហូរឈាម​របស់​លោក​ប្រធានាធិបតី Rodrigo Duterte នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការិយាល័យ​របស់លោក​ស្រី Hasina មិនបាន​ឆ្លើយតប​ទៅនឹង​សំណួរ​ថា​តើ​យុទ្ធនាការ​ថ្នាំញៀន​គឺជា​ការទាក់ទាញ​ប្រជាប្រិយភាព​មែន​ឬក៏​អត់​នោះទេ​។​

សាកសព​ទាំងនោះ​បានបង្ហាញ​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ការប្រកាស​របស់លោក​ស្រី Hasina ។ ដូច​ប្រទេស​ហ្វីលីពីន​ដែរ​, ការសម្លាប់​នេះ​បាន​លេចឡើង​តាម​ដំណើររឿង​៖ ជនសង្ស័យ​បាន​ស្លាប់​នៅក្នុង “​ការបាញ់​តបត​គ្នា​” ដែលជា​ទូទៅ​គឺ​នៅពេល​យប់​ហើយ​អាវុធ​និង​គ្រឿងញៀន​ត្រូវបាន​រកឃើញ​នៅក្បែរនោះ​។​

ជាង​មួយ​ភាគបី​នៃ​ការសម្លាប់​មនុស្ស​២១១​នាក់​ដែល​ត្រូវបាន​កត់ត្រា​ដោយ​ក្រុម​សិទ្ធិមនុស្ស Odhikar ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ដា​កា​កាលពី​ពាក់កណ្តាល​ខែឧសភា​បាន​បង្ហាញថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​មុនពេល​ពួកគេ​ត្រូវបាន​សម្លាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu