រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិក៤នាក់នៃកងកម្លាំងសន្តិសុខហ្សកដានីនិង “ភេរវករ” ៣នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់លើកន្លែងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធមួយបន្ទាប់ពីមន្ត្រីម្នាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកនៅជិតរដ្ឋធានី។
ជនសង្ស័យចំនួន៥នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងអំឡុងពេលវាយឆ្មក់កាលពីថ្ងៃសៅរ៍ពាក់ព័ន្ធនឹងគ្រាប់បែកផលិតដោយខ្លួនឯងមួយគ្រាប់ដែលបានផ្ទុះនៅក្រោមរថយន្តល្បាតមួយគ្រឿងនៅពិធីបុណ្យតន្ត្រីមួយ។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Jumana Ghneimat បាននិយាយថា អង្គភាពរួមនៃកងកម្លាំងពិសេស ប៉ូលិសនិងកងទ័ពបានវាយឆ្មក់ចូលផ្ទះមួយក្នុងទីប្រជុំជន Salt ភាគពាយព្យនៃទីក្រុង Amman ដើម្បីស្វែងរក “បក្សពួកភេរវជន”។
លោកស្រីបាននិយាយថា ក្រុមសកម្មប្រយុទ្ធនេះត្រូវបានគេរកឃើញថាមានជាប់ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសុក្រដែលបានសម្លាប់ប៉ូលិសម្នាក់និងបានបណ្តាលឲ្យមនុស្ស៦នាក់ទៀតរងរបួសនៅក្នុងទីប្រជុំជន Al-Fuhais ភាគខាងលិចទីក្រុង Amman។
លោកស្រី Ghneimat បាននិយាយកាលពីថ្ងៃសៅរ៍ថា “ជនសង្ស័យបានបដិសេធចុះចាញ់ហើយបានបើកការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរទៅលើកងកម្លាំងសន្តិសុខរួមមួយ”។
លោកស្រីបានបន្ថែមថា “ពួកគេក៏បានបំផ្ទុះអាគារដែលពួកគេកំពុងលាក់ខ្លួនផងដែរ”។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកកងកម្លាំងសន្តិសុខចំនួនបីនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយខ្មាន់កាំភ្លើងដែលលាក់ខ្លួននៅក្នុងប្លុកផ្ទះល្វែងកម្ពស់៤ជាន់មួយនៅទីប្រជុំជន Salt។
អ្នកទី៤ដែលរងរបួសធ្ងន់ធ្ងរគឺបានស្លាប់ដោយសាររបួសរបស់គាត់កាលពីថ្ងៃអាទិត្យ។ សាកសពនៃ “ភេរវករ” ចំនួន៣នាក់ព្រមទាំងអាវុធស្វ័យប្រវត្តិជាច្រើនត្រូវបានគេរកឃើញនៅក្រោមគំនរបាក់បែកនៃអាគារហើយសកម្មប្រយុទ្ធសរុបចំនួន៥នាក់ត្រូវបានចាប់ខ្លួនអំឡុងប្រតិបត្តិការនេះ។ នេះបើយោងតាមការឲ្យដឹងពីលោកស្រី Ghneimat។
គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកដែលផ្តោតលើកងកម្លាំងសន្ដិសុខគឺកម្រកើតឡើងណាស់នៅក្នុងប្រទេសហ្សកដានីថ្វីបើព្រះរាជាណាចក្រដ៏តូច ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសស៊ីរីនិងអ៊ីរ៉ាក់មួយនេះត្រូវតែតស៊ូជាមួយការកើនឡើងនូវមូលដ្ឋានគ្រឹះនិយមឥស្លាមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
មិនមានការអះអាងទទួលខុសត្រូវជាបន្ទាន់ទេចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសុក្រនៅ Al-Fuhais ហើយអត្តសញ្ញាណរបស់ជនសង្ស័យមិនត្រូវបានគេដឹងឡើយ៕
Source: Kampuchea Thmey Daily
0 Comments