ដោយមានជំនួយពីសីតុណ្ហភាពចុះត្រជាក់បន្តិច, អ្នកពន្លត់អគ្គិភ័យបានទទួលផលវិជ្ជមានកាលពីថ្ងៃអាទិត្យក្នុងការប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលបានបំផ្លាញរចនាសម្ព័ន្ធចំនួន១៦ ខណៈដែលវាបានឆាបឆេះតាមព្រៃ Cleveland National ភាគខាងត្បូងនៃរដ្ឋ កាលីហ្វ័រនីញ៉ា។
លោកស្រី Lynne Tolmachoff មកពីនាយកដ្ឋានព្រៃឈើនិងអគ្គិភ័យរដ្ឋកាលីហ្វ័រនីញ៉ាបាននិយាយថា អគ្គិភ័យ Holy Fire ត្រូវគ្រប់គ្រងបាន៤១ភាគរយកាលពីរសៀលថ្ងៃអាទិត្យបន្ទាប់ពីវាបានដុតបំផ្លាញឈើស្ងួតនិងឈើប្រណីតក្នុងចម្ងាយ៩២.៥គីឡូម៉ែត្រ។
លោកស្រី Tolmachoff បានថ្លែងថា “អាកាសធាតុនៅទីនេះក្នុងរដ្ឋកាលីហ្វ័រនីញ៉ាហាក់ដូចជាចុះត្រជាក់នៅថ្ងៃនេះនិងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខហើយវាអាចជួយដល់អ្នកពន្លត់អគ្គិភ័យក្នុងការទប់ស្កាត់បន្ថែមទៀត។ ពួកគេគួរតែមានវឌ្ឍនភាពប្រសើរជាងនេះក្នុងរយៈពេលពីរបីថ្ងៃខាងមុខ”។
អគ្គិភ័យ Holy Fire គឺជាអគ្គិភ័យមួយក្នុងចំណោមអគ្គិភ័យជិត២០នៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ា។
ខណៈអ្នកពន្លត់អគ្គិភ័យចាប់ផ្តើមដោះស្រាយបានល្អប្រសើរជាងមុនលើអគ្គិភ័យនេះនោះ ពួកគេបានចាប់ផ្តើមដកការបញ្ជាជម្លៀសដែលដាក់កាលពីចុងសប្ដាហ៍សម្រាប់តំបន់ដែលកាលពីមុនគឺជាផ្លូវរបស់អគ្គិភ័យ។ មនុស្សជាង២០,០០០នាក់ត្រូវបានគេប្រាប់ឲ្យជម្លៀសនៅចំណុចមួយ។
យន្ដហោះបានធ្វើការហោះហើរ ចាក់ទឹកនិងទម្លាក់សារធាតុពណ៌ផ្កាឈូកលើភ្លើងដើម្បីការពារបឹង Elsinore និងសហគមន៍ខ្ពង់រាបផ្សេងៗទៀតនៅក្បែរអណ្តាតភ្លើង។
បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចដុតភ្លើងដោយចេតនាគឺបានលេចមុខនៅក្នុងតុលាការកាលពីថ្ងៃសុក្រប៉ុន្តែការកាត់ក្តីរបស់គាត់ត្រូវបានពន្យារពេល។
លោក Forrest Clark អាយុ៥១ឆ្នាំបាននិយាយថា ជីវិតរបស់គាត់កំពុងរងការគំរាមកំហែងហើយនិយាយថា ការចោទប្រកាន់អំពីការដុតបំផ្លាញគឺជាការកុហកមួយ។
ស្នងការតុលាការម្នាក់បានបង្គាប់ឲ្យគាត់បង់ប្រាក់ធានា១លានដុល្លារ៕
Source: Kampuchea Thmey Daily
0 Comments