Ad Code

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ចាត់​ឲ្យ​តំណាង​ចុះ​សួរ​សុខ​ទុក្ខ​ លោក យូ តារា​វុ​ធ



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ចាត់​ឲ្យ លោក គួរ ឆាយ ដឹកនាំ​ក្រុម ការងារ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំយក​ថវិកា​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឯកឧត្តម ហង្ស វិចិត្រ និង​លោកជំទាវ លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង​ឯកឧត្តម ផែរ ហ៊ុ​ក​ឈួន និង​ថវិកា​​ផ្ទាល់ខ្លួន​លោក ទៅជូន​ដល់ លោក យូ តារា​វុ​ធ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ២​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៨​។​

តាម​ការ​អោយដឹងពី​ក្រុមការងារ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បានអោយដឹងថា លោក យូ តារា​វុ​ធ ជា​អ្នកកាសែត​ជំនា​ន់ទី​១ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ (​លើសឈាម​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​ពុំ​អាច​និយាយ​កើត​) ដែល​បច្ចុប្បន្នកំពុង​សំរាក​នៅលើ​កន្ទេល​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ហើយ។ ឥឡូវនេះ​ជំងឺ​របស់​លោក​ហាក់​មិនអាច​ថយក្រោយ​ដូច​ធម្មតា​បានទេ មានតែ​ដំណក់​ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​ធ្លាក់​ទៅ​គុម​ត្រចៀក នៅពេល​លោក​បានឃើញ មិត្ត​ភក្ដិ​បងប្អូន ទៅសួរសុខទុក្ខ ដោយ​មិនអាច​និយាយ​រួច ( និយាយ​លែងកើត )។

អ្នកកាសែត​ជើងចាស់​ភាគច្រើន ច្បាស់​ជា​ស្គាល់ឈ្មោះ យូ តារា​វុ​ធ ជាពុំខាន ព្រោះ​លោក​ជា​ធនធានមនុស្ស​ដែល​សេសសល់​ពី​ការកាប់សម្លាប់ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ លោក​បាន​ចូលមក​ទីក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ចាប់យក​អាជីព​ជា​អ្នកសារព័ត៌មាន​ជាមួយ​អ្នកសារព័ត៌មាន​ជើងចាស់​មួយចំនួនទៀត។

ប្រភព​បន្តថា លោក យូ តារា​វុ​ធ ជា​អ្នកនិពន្ធ​ប្រលោមលោក ( ល្ខោននិយាយ ) ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុងចំណោម​អ្នកនិពន្ធ​មួយចំនួនទៀត។ អ្នក​និយម​ស្តាប់​ល្ខោននិយាយ នៅក្នុង​សម័យ​ក្រោយ​រំដោះ ប្រហែលជា​ចាំ​ច្បាស់ ព្រោះ​ស្នាដៃ​របស់លោក ត្រូវបាន​គេ​ចាក់ផ្សាយ នៅ​វិទ្យុ​សំឡេង​ប្រជាជន​កម្ពុជា ( បច្ចុប្បន្ន វិទ្យុជាតិ​កម្ពុជា ) និង​វិទ្យុ ក្រុង​ភ្នំ ពេញ ( AM )។

ជា​ចុងក្រោយ​លោក គួរ ឆាយ ក៏បាន​ជូនពរ​ឲ្យ​លោក យូ តារា​វុ​ធ បាន​ឆាប់​ជាសះស្បើយ និង​បាន​ចូល​បម្រើ​ការងារ​ជាធម្មតា​វិញ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu