អ្នកកាសែតក្នុងស្រុកម្នាក់បានអះអាងថា គ្រាប់បែក Raytheon Mark 82 មួយគ្រាប់ទំនងជាត្រូវបានប្រើប្រាស់ ដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតដើម្បីវាយប្រហាររថយន្តក្រុងពោរពេញដោយកុមារនៅប្រទេសយេមែន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបំណែកគ្រាប់បែកចេញពីកន្លែងកើតហេតុត្រូវបានគេរកឃើញ។
ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានវាយប្រហាររថយន្តក្រុងមួយគ្រឿងនៅតំបន់ Dahyan នៃខេត្ត Saada ដែលគ្រប់គ្រងដោយក្រុម Houthi កាលពីថ្ងៃព្រហស្បតិ៍ដែលជាហេតុបណ្តាលឲ្យមនុស្សចំនួន៥១នាក់ស្លាប់ដោយភាគច្រើននៃពួកគេគឺជាកុមារនិងរងរបួសយ៉ាងតិច៧៩នាក់ទៀត។
ខណៈពេលមានធូលីហុយពេញនៅកន្លែងកើតហេតុរួមជាមួយនឹងសាកសពឆេះខ្ទេចត្រូវបានរកឃើញនោះ អ្នកស្រុកបានរកឃើញបំណែកគ្រាប់បែកដែលប្រើក្នុងការវាយប្រហារនេះ។
រូបភាពពីកន្លែងកើតហេតុដែលត្រូវបានចែករំលែកដោយអ្នកសារព័ត៌មាន Nasser Arrabyee បានបង្ហាញពីបំណែកដែលហាក់ដូចជាគ្រាប់បែក MK-82 ទម្ងន់៥០០ផោនដែលសហរដ្ឋអាមេរិកបន្តលក់ទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត។
ខណៈពេលដែលរូបថតនៃបំណែកនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះ បំណែកនៃគ្រាប់បែក MK 82 បានលេចឡើងម្ដងហើយម្ដងទៀតចំពេលយុទ្ធនាការទម្លាក់គ្រាប់បែករបស់យេមែនកំពុងបន្ត។
MK-82 បានធ្វើឲ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីឆ្នាំ២០១៦នៅពេលដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានទម្លាក់គ្រាប់បែកលើសាលសហគមន៍មួយក្នុងខេត្ត Sanaa អំឡុងពេលពិធីបុណ្យសពរបស់ Sheikh Ali al-Rawishan ដោយបានសម្លាប់មនុស្សជាង១៤០នាក់និងរងរបួស៥២៥នាក់។
ការលក់អាវុធទៅឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវបានថ្កោលទោសម្តងហើយម្តងទៀតដោយអង្គការសិទិ្ធមនុស្សដែលចាត់ទុកពួកគេថាជាកត្តាសំខាន់មួយក្នុងការធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានមនុស្សជាង១០,០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរយៈពេលបីឆ្នាំហើយការរាំងស្ទះរបស់អារ៉ាប៊ីសាអ៊ូឌីតនៅតែបន្តរួមចំណែកដល់ភាពអត់ឃ្លាននិងជំងឺនៅក្នុងប្រទេសនេះ៕
Source: Kampuchea Thmey Daily
0 Comments