Ad Code

វូ​ស៊ូ​ត្រូវរ៉ូវ​គ្នា​អភិវឌ្ឍ​កីឡា​វូ​ស៊ូ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​



ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស និង​សមាជិក​ទាំងអស់ ក្នុង​សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បាន​ត្រូវរ៉ូវ​គ្នា​ឯកភាព​ថា នឹង​រួបរួមគ្នា​អភិវឌ្ឍ​វិស័យ​កីឡា​វូ​ស៊ូ​នៅ​កម្ពុជា​ឡើងវិញ អោយ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។

លោក​ឧ​ត្ត​ម​សេនីយ​ឯក វ៉ា ឈូ​ដា ប្រធាន​សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បានបង្ហាញ​មុខជា​លើកដំបូង ក្រោយ​ពេលដែល​សហព័ន្ធ​មួយ​នេះ បាត់​សកម្មភាព​ដោយសារ​ការបែកបាក់​ផ្ទៃក្នុង​មួយ​រយៈពេល​យូរ​កន្លងមក នៅក្នុង​ពិធី​អបអរសាទរ​លទ្ធផល​នៃ​ការបង្រួបបង្រួម​និង​ផ្សះផ្សា​សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា ជាមួយនឹង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១​៨ដល់​ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃទី​១៣​សីហា​២០១៨​នេះ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

លោក​ឧត្តមសេនីយ៍ឯក វ៉ា ឈូ​ដា បាន​បញ្ជាក់​ថា ពេលនេះ​ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រី​បច្ចេកទេស និង​ក្លិប​ជា​សមាជិក​ទាំងអស់ បាន​ជួបជុំគ្នា ត្រូវរ៉ូវ ឯកភាព​គ្នា​តែមួយ នឹង​ជំរុញ​កីឡា​វូ​ស៊ូ​ដែលជា​ប្រភេទ​កីឡា​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​សុខភាព​មនុស្សជាតិ​ទាំងមូល ធ្វើយ៉ាងណា​ខិតខំ​រួមគ្នា​អភិវឌ្ឍ​វិស័យ​មួយ​នេះ អោយមាន​ដំណើរការ​ទៅមុខ និង​មានការ​រីកចម្រើន​ឡើងវិញ ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ដើម្បី​មុខមាត់​ប្រទេសជាតិ​ផង និង​ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ។

លោក​បាន​បន្តថា កន្លងមក​សហព័ន្ធ​កីឡា​វូ​ស៊ូ មានការ​ខ្វែងគំនិត​គ្នា មិន​ចុះសម្រុង​នឹង​គ្នា​រវាង​សហព័ន្ធ​និង​ក្លិប រវាង​ថ្នាក់ដឹកនាំ​និង​សមាជិក ដែល​ធ្វើអោយ​កីឡា​វូ​ស៊ូ​បាត់បង់​ប្រជាប្រិយភាព បាត់បង់​ទំនុកចិត្ត បាត់​សកម្មភាព ជាហេតុ​នាំអោយ​វូ​ស៊ូ​ស្រុត​ធ្លាក់ចុះ។ ប៉ុន្តែ​យ៉ាងណា លោក​ប្រធាន​សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​តស៊ូ​ស្រឡាញ់​កីឡា របស់​មន្ត្រី ក៏ដូចជា​កីឡាករ កីឡាការិនី វូ​ស៊ូ ដែល​បាន​ប្រឹងប្រែង​ដណ្តើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មក​ជូន​ជាតិ​មាតុភូមិ​ផងដែរ។

កីឡា​វូ​ស៊ូ​កម្ពុជា បាន​ចាប់បដិសន្ធិ​នៅ​កម្ពុជា​រយៈពេល​១៨​ឆ្នាំ ហើយ​ដែល​ត្រូវបាន​លោក វ៉ា ឈូ​ដា ចាត់ទុកថា ជា​រយៈពេល​ខ្លី​ក្នុង​ ខណៈ​ដែ​ល​​សហព័ន្ធ​កកើត​ដំបូង​មានការ​ខ្វះខាត​ច្រើន​ទាំង​ធនធានមនុស្ស ទាំង​សម្ភារៈ មធ្យោបាយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ការងារ​នោះ។ លោក​បញ្ជាក់​ថា វូ​ស៊ូ​ជា បណ្តុំ​ក្បាច់គុន ដែល​មិន​ត្រឹមតែ​សម្រាប់​បម្រើការ​ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់ ព្យាបាល​មនុស្ស សុខភាព​មនុស្ស​យូរអង្វែង​ថែមទៀត។​
​ដូច្នេះ​ចាប់ពី​ពេល​តទៅ លោក​ប្រធាន​សហព័ន្ធ​កីឡា​វូ​ស៊ូ​កម្ពុជា បាន​សំណូមពរ​ដល់​មន្ត្រី​ដឹកនាំ​សហព័ន្ធ មន្ត្រី​បច្ចេកទេស គ្រូបង្វឹក ក្លិប និង​កីឡាករ​កីឡាការិនី​កីឡា​វូ​ស៊ូ​ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​អភិវឌ្ឍ​កីឡា​មួយ​នេះ អោយ​ឈាន​ឆ្ពោះទៅរក​ភាព​រីកចម្រើន​គ្រប់ផ្នែក​ទាំងអស់​ក្នុង​កីឡា​វូ​ស៊ូ ដោយ​ត្រូវ​នាំគ្នា​ធ្វើ នាំគ្នា​អភិវឌ្ឍ កុំ​ចាំតែ​រាំងស្ទះ ប​ន្ទុ​ច​បង្អាក់​នោះ។

លោក​ប្រធាន​សហព័ន្ធ​បានស្នើ​ឲ្យ​ក្លិប សមាគម​ទាំងអស់ ដែលជា​សមាជិក​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​ ហើយ​រាល់​ការ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ត្រូវតែ​ប្រាប់​សហព័ន្ធ​ឲ្យ​ដឹង។​ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​ពី​ឆ​ន្តៈ​រក​គ្រូបង្វឹក​ជា​ជនបរទេស​ឲ្យ​មកជួយ​ឲ្យ​បាន​លើសពី​ម្នាក់ ។​ត្រូវបង្កើត​គណៈកម្មកា​រ​នានា​ចំណុះ​សហព័ន្ធ ដើម្បី​ប្រមូលផ្ដុំ​គំនិត​ក្នុងការ​អភិវឌ្ឍន៍​សហ​ព័ន្ធ ។​

សមាជិក​ក្នុង​សហព័ន្ធ​ដែល​មាន​ចំណេះដឹង​ខាង​ភាសា​ចិន​ត្រូវ​បង្កើត​ទំនាក់ទំនង​ជាមួយ​ចិន​ព្រោះ​ចិន​ជា​ម្ចាស់​នៃ​ក្បាច់គុន​នេះ ។​ជាមួយគ្នានេះ​អ្វី​ដែលជា​រឿង​ថ្នាំងថ្នាក់​គ្នា​កន្លងមក​ត្រូវ​បញ្ចប់​ដោយ​មិន​ត្រូវ​រំលឹក​ឡើងវិញ​ឡើយ។ ចំពោះ​ការប្រកួត​ជើងឯក​ត្រូវតែ​ធ្វើ​ដោយ​បើកទូលាយ​មិនត្រូវ​រឹតត្បិត​មិន​ឲ្យ​គេ​ចូលរួម​ឡើយ។ លោក​វ៉ា ឈូ​ដា​ព្រមាន​ថា សហព័ន្ធ​មួយ​ខ្លាំង​ត្រូវតែ​មានការ​ឯកភាពគ្នា​បើ​មិន​ឯកភាព​ផ្ទៃក្នុង​ទេនោះ​កុំ​សង្ឃឹមថា​សហព័ន្ធ​បាន​រីកចម្រើន​ឲ្យ​សោះ។

វូ​ស៊ូ​មានកំណើត​លើ​ផែនដី​នេះ ជាង​៥.០០០​ឆ្នាំ​មកហើយៗ​ក្បាច់គុន​នេះ បាន​ចូលមក​កម្ពុជា​នោះ​ឆ្នាំ​២០០០​ដោយមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​វ៉ា ឈូ​ដា ជា​ស្ថាបនិក​តែម្ដង ។​

សូម​បញ្ជាក់​ថា​ ​សហព័ន្ធ​វូ​ស៊ូ​មាន​សមាគម​-​ក្លិប​ចំណុះ​ចំនួន​១៩​ដែលមាន​កីឡាករ​-​កីឡា​កា​រិ​និ​១៨៦​នាក់​មាន​គ្រូបង្វឹក​ថ្នាក់ក្រោម​ជាតិ​ចំនួន​២១​នាក់​និង​ស្រី​២០​នាក់។ គ្រូបង្វឹក​ថ្នាក់ជាតិ​បុរស​ចំនួន​៤​នាក់ និង​ស្ត្រី​៣​នាក់ អាជ្ញាកណ្ដាល​ថ្នាក់ក្រោម​ជាតិ​ចំនួន​៣​នាក់​និង​ថ្នាក់ជាតិ​ចំនួន​៤​នាក់ ។​ចៅក្រមថ្នាក់ក្រោម​ជាតិ​ចំនួន​៣៩​នាក់ និង ថ្នាក់ជាតិ​ចំនួន​១៧​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu