ប្រធានការិយាល័យបោះឆ្នោតម្នាក់ ត្រូវបានសម្លាប់ដោយក្រុមជីហាដនិយមនៅភាគខាងជើងប្រទេសម៉ាលី ខណៈមានការព្រួយបារម្ភថា បញ្ហាសន្តិសុខ បានបង្អាក់ការបោះឆ្នោតប្រធានាធិបតីជុំទីពីរកាលពីថ្ងៃអាទិត្យ។
សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងមុនការបោះឆ្នោតជុំទីពីររវាងប្រធានាធិបតីលោក Ibrahim Boubacar Keita និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Soumaila Cisse។
ប៉ុន្តែយោងតាមក្រុមអ្នកសង្កេតការណ៍ក្នុងស្រុក POCIM បានឲ្យដឹងថា ការិយាល័យបោះឆ្នោតជាង១០០ត្រូវបិទទ្វារនៅក្នុងតំបន់ភាគកណ្តាលនិងភាគខាងជើង។
មន្ត្រីមូលដ្ឋានម្នាក់បានប្រាប់ AFP ថា “ពួកជីហាដបានមកការិយាល័យបោះឆ្នោតក្នុងទីប្រជុំជន Arkodia នៃតំបន់ Timbuktu កាលពីថ្ងៃអាទិត្យនៅម៉ោង១៣និង៣០នាទី”។
ប្រភពដដែលបាននិយាយថា “ពួកគេបានស្នើឲ្យមនុស្សគ្រប់គ្នាលើកដៃឡើង។ ប្រធានការិយាល័យបោះឆ្នោតបានព្យាយាមរត់គេចខ្លួនហើយពួកជីហាដក៏បានបាញ់សម្លាប់គាត់តែម្តង”។
ការរាប់សន្លឹកឆ្នោតនៅតាមបណ្តាការិយាល័យបោះឆ្នោតមួយចំនួនក្នុងចំណោម២៣,០០០កន្លែងទូទាំងប្រទេសកំពុងតែបន្តបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់នៅម៉ោង៦ល្ងាច។
ការបោះឆ្នោតជុំទី១នៅថ្ងៃទី២៩ខែកក្កដាត្រូវបានរំខានដោយអំពើហឹង្សានិងការគំរាមកំហែងពីក្រុមប្រដាប់អាវុធដែលបាននាំឲ្យមណ្ឌលបោះឆ្នោតជាច្រើនត្រូវបិទទ្វាប៉ុន្តែមិនមានការរាយការណ៍ពីការស្លាប់និងរបួសទេ។
អាជ្ញាធរនៅក្នុងប្រទេសអាហ្វ្រិកខាងលិចដ៏ធំមួយនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបង្អាក់ផែនការមួយនៃការវាយប្រហារគោលដៅនៅក្នុងរដ្ឋធានី Bamako មុនថ្ងៃបោះឆ្នោតមួយថ្ងៃ។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅក្នុងប្រទេសម៉ាលីគឺជាការចាប់ផ្តើមឡើងវិញនៃការប្រឈមមុខដាក់គ្នាកាលពីឆ្នាំ២០១៣រវាងលោក Keita អាយុ៧៣ឆ្នាំនិងលោក Cisse អាយុ៦៨ឆ្នាំចំពេលមានរលកនៃការបង្ហូរឈាមដោយពួកជីហាដនិងអំពើហិង្សាជនជាតិភាគតិច។
យុទ្ធនាការឃោសនានៅឆ្នាំនេះគឺបានជួបប្រទះការរិះគន់យ៉ាងខ្លាំងទៅលើការបរាជ័យរបស់លោក Keita ក្នុងការបញ្ឈប់អំពើហិង្សាក៏ដូចជាការចោទប្រកាន់ជាច្រើនអំពីការលួចបន្លំសន្លឹកឆ្នោតផងដែរ។
ប្រទេសម៉ាលីគឺជាប្រទេសជាប់សមុទ្រដែលមានជនជាតិភាគតិចយ៉ាងហោចណាស់២០ក្រុម ដែលមនុស្សភាគច្រើនរស់នៅរកចំណូលបានតិចជាង២ដុល្លារក្នុងមួយថ្ងៃ។ ប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការវាយប្រហារដោយក្រុមជីហាដនិងអំពើហិង្សាក្នុងសហគមន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
Source: Kampuchea Thmey Daily
0 Comments