រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បាននិយាយក្នុងទូរទស្សន៍ជាតិកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការកាន់កាប់របស់ខ្លួននូវមូលបត្ររបស់សហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុងមូស្គូ ប៉ុន្តែមិនមានផែនការបិទក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
កាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី Dmitry Medvedev បាននិយាយថា ប្រទេសរុស្ស៊ីចាត់ទុកទង្វើរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់សកម្មភាពធនាគាររបស់ខ្លួនថាជា “ការប្រកាសសង្គ្រាមសេដ្ឋកិច្ច” ហើយនឹងចាត់វិធានការសងសឹក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ទណ្ឌកម្មថ្មីនៅចុងខែសីហានេះបន្ទាប់ពីខ្លួនបានកំណត់ថា ក្រុងមូស្គូបានប្រើប្រាស់សារធាតុបំផ្លាញសរសៃប្រសាទប្រឆាំងនឹងអតីតភ្នាក់ងាររុស្ស៊ីនិងកូនស្រីរបស់គាត់នៅក្នុងចក្រភពអង់គ្លេសដែលបានធ្វើឲ្យរូបិយប័ណ្ណ Rouble របស់រុស្ស៊ីធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំមកនេះ។
ថ្លែងនៅក្នុងកម្មវិធីជជែកតាមទូរទស្សន៍ប្រចាំសប្តាហ៍ លោក Siluanov បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលមានមួយចំនួនអាចរឹតបន្តឹងលើការទិញមូលប័ត្ររបស់រដ្ឋាភិបាលរុស្ស៊ីនោះគឺ “មិនល្អប៉ុន្តែមិនធ្ងន់ធ្ងរទេ”។
លោក Siluanov បានថ្លែងថា “យើងបានបន្ទាបកម្រិតអប្បបរមាហើយនឹងកាត់បន្ថយការវិនិយោគរបស់យើងបន្ថែមទៀតក្នុងសេដ្ឋកិច្ចអាមេរិកនិងក្នុងមូលបត្រសហរដ្ឋអាមេរិក”។
ទិន្នន័យបានបង្ហាញកាលពីខែមុនថា ប្រទេសរុស្ស៊ីបានលះបង់ប័ណ្ណរតនាគាររបស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះខណៈទំនាក់ទំនងរវាងក្រុងមូស្គូនិងវ៉ាស៊ីនតោនធ្លាក់ចុះ។
លោក Siluanov បានឲ្យដឹងថា ប្រទេសរុស្ស៊ីក៏នឹងមានការទូទាត់បន្ថែមទៀតជាប្រាក់ Rouble និងរូបិយប័ណ្ណផ្សេងទៀតផងដែរដូចជាប្រាក់អឺរ៉ូជាដើមជាជាងប្រាក់ដុល្លារ។
ខណៈដែលសារភាពថា ការដាក់ទណ្ឌកម្មរបស់អាមេរិកនឹងបង្កើនអតិផរណានៅក្នុងប្រទេសរុស្ស៊ីដូចដែលពួកគេប៉ះពាល់ដល់ប្រាក់ Rouble នោះ, លោក Siluanov បាននិយាយថា មិនមានផែនការហាមឃាត់ការប្រើប្រាស់ប្រាក់ដុល្លារក្នុងប្រទេសរុស្ស៊ីនោះទេ៕
Source: Kampuchea Thmey Daily
0 Comments