Ad Code

អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះ​ផ្អាក​អាជីវកម្ម​ក្លិប​បេស​រ៉ូម ក្រោម​ការគ្រប់គ្រង​ដោយ​ជនជាតិ​ចិន​គ្មាន​ច្បាប់​អនុញ្ញាត​និង​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង



ភ្នំពេញ ​៖ ក្លិប​បេស​រ៉ូម ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១៣២ ក្រុមទី​៣៣​សង្កាត់​ផ្សារ​ដេរ​ប៉ូ​ទី​៣ ខណ្ឌទួលគោក ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន​ជា​អភិបាលខណ្ឌ​ចុះ​បិទ ជា​បណ្តោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០១៨ ពោល​គឺ​ក្រោយពី​ក្លឹប​នេះ​បង្កើត​អោយ​ភ្ញៀវ ឈ្លោះប្រកែក​គ្នា ប​ង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ជិតខាង​និង​ម្យ៉ាង​ដោយ​ក្លិប​នេះ​ពុំ​ទាន់​មានច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ផង​នោះ ទើប​ឈាន​ដល់​ការ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​តែម្តង។



លោក​ឯក ឃុន​ឌឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ការ​ចុះ​ផ្អាក​អាជីវកម្ម​ក្លិប “​បេស​រ៉ូម​ក្លិប​” ជា​បណ្តោះអាសន្ន​នេះ ផ្តើមចេញពី​ការឈ្លោះប្រកែក​គ្នា ពី​សំណាក់​ភ្ញៀវ ដែល​ចូល​ទៅរក​ការកម្សាន្ត​ក្នុង​ក្លិប​ខាងលើ ដែល​ឈ្លោះប្រកែក​គ្នា​បង្ក​ឲ្យ​មាន​សម្លេង​ខ្លាំងៗ​ធ្វើ​រំខាន​ដល់​អ្នកជិតខាង។



លោក​អភិបាល​បាន​បន្តថា ជំហាន​ដំបូង​អាជ្ញាធរ​គ្រាន់តែ​ចុះ​អប់រំ​ម្ចាស់​ទីតាំង​ក្លិប​ប៉ុណ្ណោះ ដើម្បី​កុំ​រំខាន​ដល់​អ្នកជិតខាង ប៉ុន្តែ​ក្រុម​មេការ​ជនជាតិ និង​មេការ​ខ្មែរ ហាក​មិន​ចង់​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ទើប​លោក​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ចុះមក​ត្រួតពិនិត្យ ក៏​រកឃើញថា ក្លិប​បេស​រ៉ូម​នេះ ពុំ​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​គ្រប់គ្រាន់ ដូច្នេះ​អាជ្ញាធរ​សម្រេច​ផ្អាក​អាជីវកម្ម ជា​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​ក្លិប​ខាងលើ​សុំច្បាប់​ធ្វើ​អាជីវកម្ម អោយបាន​គ្រប់គ្រាន់ ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើងវិញ។



បើ​យោង​តាម​កំណត់ហេតុ របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅពេល​ចុះ​ដល់ទី​តាំង ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ដូច​ខាងក្រោម គឺ​ទី​១-​ក្លិប​បេស​រ៉ូម ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​ទេសចរណ៍ ទី​២- ពុំ​ទាន់​មានច្បាប់​អនុញ្ញាត ទីតាំង​ពីសា​លា​រាជធានី​ភ្នំពេញ និង​ទី​៣-​មាន​បង្ក​ការ​ឈ្លោះប្រកែក​គ្នា​ធ្វើ​ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សាធារណៈ។ ដូច្នេះ​ក្រុមការងារ​បានសម្រេច​ផ្អាក​អាជីវកម្ម​តែម្តង​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu