ខ្សែការពារ រស់ សំអឿន ដែលជាសមាជិកក្នុងក្រុមវិសាខា ដែលជាបេក្ខភាពកំពុងប្រជែងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) រដូវកាលនេះ បានធ្វើដំណើរចេញទៅវះកាត់របួសសរសៃពួរជង្គង់នៅប្រទេសវៀតណាម កាលពីពេលថ្មីៗ ខណៈរបួសនេះបានញាំញីរូបគេតាំងពីជាង១ខែមកហើយ។
យោងតាមប្រភពមកពីក្លិបបាល់ទាត់វិសាខា បានលើកឡើងថា របួសនេះបានកើតឡើងទៅលើកីឡាករ រស់ សំអឿន តាំងពីដើមជើងទី២មកម្ល៉េះ ហើយស្ថានភាពរបួសនេះគឺវាប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមក្នុងការប្រជែងទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ របួសនេះតម្រូវឲ្យកីឡាករ រស់ សំអឿន សម្រាកព្យាបាលរហូតដល់ចប់រដូវកាលផងដែរ។ រស់ សំអឿន បានធ្វើដំណើរទៅវៈកាត់របួសរបស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។
កីឡាករ រស់ សំអឿន បានសម្រេចមិនបន្តកិច្ចសន្យាជាមួយក្រុមបឹងកេត ក្រោយផុតសុពលភាពនៃកិច្ចសន្យារយៈពេល១ឆ្នាំ កាលពីដើមឆ្នាំ២០១៨ កន្លងទៅ។ រូបគេជាកីឡាករឆ្នើមមួយរូបក្នុងចំណោមកីឡាករឆ្នើមជាច្រើនរូបដែលក្លិបវិសាខា ចុះកិច្ចសន្យាបានសម្រេចបូកទាំងកីឡាករ កែវ សុខផេង, ទិត្យ ឌីណា និងកីឡាករកូរ៉េខាងជើង៥នាក់ផ្សេងទៀតជាដើម។
សូមបញ្ជាក់កីឡាករ រស់ សំអឿន បានចាប់អាជីពបាល់ទាត់ដំបូងជាមួយក្លិបឆ្លាមសមុទ្រ (រំសាយ) នៅឆ្នាំ២០១៣ ខណៈចាប់ពីឆ្នាំ២០១៣ ដល់២០១៧ បានរួមរស់ជាមួយបឹងកេតអែហ្វស៊ី (ចំការកៅស៊ូបឹងកេត) និងឆ្នាំ២០១៨ នេះចូលវិសាខា។ ចំណែកក្នុងជម្រើសជាតិកម្ពុជា វិញកីឡាករមកពីខេត្តកណ្ដាល រូបនេះបានជាប់ក្នុងបញ្ជីជម្រើសជាតិ U23 ជម្រើសជាតិកម្ពុជា ពីឆ្នាំ២០១៣ ដល់២០១៥ និងចន្លោះពីឆ្នាំ២០១៣ ដល់បច្ចុប្បន្នរូបគេក៏ជាប់ក្នុងជម្រើសជាតិឈុតធំផងដែរ។
ក្រោយឆ្លាមសមុទ្រ ធ្លាក់ចេញទៅក្របខ័ណ្ឌក១ នៅជំនាន់នោះ រស់ សំអឿន បានចេញមកបឹងកេត ដោយធ្លាប់ជោគជ័យជាច្រើនជាមួយក្លិបនេះក្នុងនោះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១៦ និង២០១៧ ពានរង្វាន់បើករដូវកាល CNCC Cup 2017 និងជាក្រុមជើងឯករងពានរង្វាន់ក្លិបអាជីពតាមដងទន្លេមេគង្គ Toyota Mekong Club Championship នៅឆ្នាំ២០១៥ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments